អន្តរជាតិ
​បរាជ័យ​របស់​ក្រុម​ឧទ្ទាម​នៅ Aleppo បង្ហាញថា សង្គ្រាមស៊ីវិល​ស៊ី​រី ជិត​ចប់​?
09, Dec 2016 , 6:39 am        
រូបភាព
​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​មានប្រៀប​កាន់តែខ្លាំង​លើ​ក្រុម​ឧទ្ទាម ក្នុង​សមរភូមិ​ចុងក្រោយ Aleppo ។ ទ័ព​រដ្ឋាភិបាល​ក្រមការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី​,​អ៊ីរ៉ង់ និង​ហេ​ស្បូ​ឡា បន្ត​វាយលុក​ចូល​ដណ្តើម​ទីក្រុង​នេះ ខណៈ​ក្រុម​ឧទ្ទាម​ដកថយ និង​ព្រម​បន្ទន់​ជំហរ​ដង្ហោយ​ឲ្យ​មាន​ការចុះ​បទ​ឈប់​បាញ់​មួយ​ដើម្បី​ផ្អាក​ការប្រយុទ្ធ​។​ឃើញ​ស្ថានការណ៍​មិន​ស្រូល លោកខាងលិច​ប្រញាប់ប្រញាល​ថ្កោលទោស​រុស្ស៊ី និង​ស៊ី​រី និង​ទារ​ឲ្យ​មានការ​បញ្ឈប់​ការប្រយុទ្ធ​នេះ​សិន​។  Aleppo  ជា​សមរភូមិ​ប្រទាញប្រទង់​បំផុត​មួយ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ចាប់ពី​ឆ្នាំ ២០១២​មក​។ ហើយ​បើ​កងទ័ព​រដ្ឋាភិបាល​អាសាដ ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​បាន​មែន វា​មានន័យថា «​សង្គ្រាមស៊ីវិល​នេះ​កាន់តែ​ជិត​ចប់​មែនទែន​ហើយ​» ហើយ​រដ្ឋាភិបាល​អាសាដ និង​រុស្ស៊ី​នេះ​ជា​អ្នកឈ្នះ​។ នេះ​ជា​អ្វីដែល​លោកខាងលិច​មិន​ចង់ឃើញ​។

 


​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖ 




​បណ្តា​ប្រទេស​លោកខាងលិច​ចំនួន​ប្រាំមួយ​មាន​អាមេរិក កាណាដា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​បារាំង បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ស៊ី​រី និង​រុស្ស៊ី​ជុំវិញ​បញ្ហា​វិបត្តិ​មនុស្សជាតិ​ដែល​កើតឡើង​នៅ​ក្រុង Aleppo ។ ពួកគេ​ទាមទារ​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​បង្កើត​បទ​ឈប់​បាញ់​មួយ​នៅ​ទីក្រុង Aleppo​។

​វា​មិនមែនជា​រឿង​ធម្មតា​ទេ​ដែល បណ្តា​ប្រទេស​ទាំងនេះ​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ផង ហើយ​គេ​ក៏​ឆ្លៀត​ទាមទារ​ឲ្យ​មានការ​អនុវត្ត​បទ​ឈប់​បាញ់​ផង​នោះ​។ នេះ​ក៏ដោយ​សារ​ក្រុម​ឧទ្ទាម​ដែល​គេ​គាំទ្រ​នោះ​កំពុង​ស្លន់ស្លោរ​ជិត​បាក់ទ័ព​ទៅហើយនោះ​។ ក្រុម​ឧទ្ទាម​ដែល​ច្បាំង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​តាំងពី​ឆ្នាំ ២០១២ និង​បាន​កាន់កាប់​ទឹកដី​ច្រើន​ផ្នែក​ទូទាំងប្រទេស​ស៊ី​រី​នោះ​កំពុង​ចាញ់​ប្រៀប​កងទ័ព​រដ្ឋាភិបាល ហើយ​ពួកគេ​បាត់បង់​សមរភូមិ​ដ៏​សំខាន់​ទីក្រុង Aleppo ហើយ​។

​ដូច្នេះហើយ បើ​ក្រុម​ប្រទេស​ទាំងនេះ​មិន​ចេញមុខ​ទេ ក្រុម​ទាហាន​រដ្ឋាភិបាល​ឯណោះ​នឹង​ក្លាយជា​អ្នកទទួល​ជ័យជម្នះ​យ៉ាង​ងាយ​។ បើ​មានការ​បង្កើត​បទ​ឈប់​បាញ់ វា​មានន័យថា ក្រុម​ឧទ្ទាម​មាន​ពេលវេលា​សម្រាប់​ប្រមូលផ្តុំ​កម្លាំង ហើយ​វា​ក៏​ជា​ពេលដែល​បណ្តា​លោកខាងលិច​រក​វិធីសាស្ត្រ​ជួយ​ក្រុម​នេះ​ទៀត​ដែរ​។

​ខណៈដែល​មាត់​ដៀល​ជេរ​រុស្ស៊ី​និង​ស៊ី​រី ប្រមុខ​ការទូត​ក្រុង​វ៉ាស៊ីនតោន ច​ន​ឃែ​រី  ស្កាត់​ទៅ​ជួប​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​ដើម្បី​ជជែក​ពិភាក្សាគ្នា​ពី​ស្ថានការណ៍​សង្គ្រាមស៊ីវិល​ស៊ី​រី​និង​ទីក្រុង Aleppo ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ភាគី​ទាំងពីរ​រក​ចំណុច​ឯកភាពគ្នា​មិនឃើញ និង​គ្មាន​សម្រេចបាន​កិច្ចព្រមព្រៀង​ដុំកំភួន​អ្វី​ឡើយ ក្រោយ​ចំណាយពេល​ជជែក​គ្នា​អស់​មួយ​ម៉ោង​។

១.​ក្រុម​ឧទ្ទាម​ដង្ហោយ​រក​បទ​ឈប់​បាញ់​បន្ទាន់ ពេល​ទ័ព​អាសាដ​ដណ្តើម Aleppo បាន​ទាំងស្រុង​
​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុម​ឧទ្ទាម​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុចខ្សោយ​របស់ខ្លួន​ទៅហើយ​ក្នុងការ​បន្តធ្វើ​សង្គ្រាម ដោយបាន​ស្នើសុំ​ឲ្យ​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​ភាគី​លោក បា​សា អាល់​អាសាដ ព្រម​បង្កើត​បទ​ឈប់​បាញ់​។ 

​ការ​ដាច់ចិត្ត​បន្ទន់​ជំហរ​ស្នើសុំ​ឲ្យ​មានការ​ផ្អាក​ការប្រយុទ្ធ​នេះ កើតឡើង​ក្រោយ​ទាហាន​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ដោយមាន​ការជួយ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី  អ៊ីរ៉ង់ និង​ក្រុម​ប្រដាប់អាវុធ​ឥស្លាម​និយម​និកាយ​ស៊ី​អ៊ី​ត ដណ្តើមបាន​មកវិញ​នូវ​ទឹកដី​ប្រហែលជា​បី​ភាគ​បួន​នៅ​ក្រុង Aleppo ដែល​ក្រុម​ឧទ្ទាម​បាន​កាប់​កាប់​យូរហើយ​មក​នោះ​។ ហើយ​វា​ក៏​កើតឡើង​ក្រោយ​សេចក្តីព្រាង​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​ការ​ផ្តល់ជំនួយ​និង​ការជម្លៀស​ផ្នែក​វេជ្ជសាស្ត្រ​សម្រាប់​តំបន់ Aleppo ត្រូវបាន​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ពីរ ចិន និង​រុស្ស៊ី​ជំទាស់​។

​យ៉ាងណាក៏ដោយ ក្រុម​ឧទ្ទាម​មិនបាន​បង្ហាញថា ខ្លួន​ព្រម​លើក​ទង់ជ័យ​ស​ចុះចាញ់​ឡើយ​។ យោងតាម​សារព័ត៌មាន The Independent មេដឹកនាំ​ក្រុម​ឧទ្ទាម​មួយក្រុម​លោក Abdel-Salam Abdel-Razek បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា «​ការផ្អាក​ការប្រយុទ្ធ​សម្រាប់​បម្រើ​ប្រយោជន៍​មនុស្សធម៌​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ភាគី​ចរចា​ពី​អនាគត​នៃ​ទីក្រុង Aleppo  ហើយ​ក្រុម​ឧទ្ទាម​ទាំង​អស់ចង់​ឲ្យ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចូល​អង្កេត​ការណ៍​។ 

២. អនាគត​ក្រុម​ក្រុម​ឧទ្ទាម​មិន​ច្បាស់លាស់​
​ស្ថានភាព​ក្រុម​ឧទ្ទាម ស៊ី​រី​បច្ចុប្បន្ន​ធ្វើ​ឲ្យ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បារម្ភ​ជាងគេ​បំផុត​ដោយសារ​ខ្លួន​នៅសល់​ពេល​មិន​ដល់​មួយខែ​កន្លះ​ផង ដើម្បី​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង​។​

​ជា​រឿង​ច្បាស់លាស់​មួយ​គឺ រដ្ឋបាល​ថ្មី​របស់​ដូ​ណា​ល់ ត្រាំ នឹង​ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​ព្រោះ​លោក​ជឿជាក់ថា វា​ជា​គ្រោះថ្នាក់​ធំ​មួយ​។ តាំងពីដើម​មក លោក​បាន​សន្យាថា​លោក​នឹង​បញ្ឈប់​ការផ្គត់ផ្គង់​ជំនួយ​យោធា​ដល់​ក្រុម​ឧទ្ទាម ហើយ​លោក​សហការ​ជាមួយ​រុស្ស៊ី​ផងដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​រី និង​ប្រឆាំង​ភេរវកម្ម​។ ប៉ុន្តែ​វា​ជា​គ្រោះថ្នាក់​សម្រាប់​គ្រប់​ឧទ្ទាម​ដែល​អាមេរិក​ខំប្រឹង​គាំទ្រ​រាប់​ឆ្នាំ​មកនេះ​។​

​រដ្ឋបាល​លោក អូ​បា​ម៉ា មិន​ចង់​ឲ្យ​ចង់​មិន​ឲ្យ​ក្រុម​ឧទ្ទាម​ចាញ់​ទេ តែ​មិនមែន​មានន័យថា លោក​មិន​ចង់​ឲ្យ​សង្គ្រាម​ចប់​ឡើយ​។ លោក​ចង់​ឲ្យ​ក្រុម​ឧទ្ទាម​មានប្រៀប​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ដា​ម៉ាស និង​បង្ខំ​ឲ្យ​អាសាដ ចុះ​ចេញពី​តំណែង​បើកផ្លូវ​ឲ្យ​មាន​សម័យ​អន្តរកាល​នយោបាយ​មួយ​។ បើ​ក្រុម​ឧទ្ទាម​បាត់បង់ ក្រុង Aleppo មានន័យថា ក្រុម​ឧទ្ទាម​ស្ទើរតែ​អស់​ច្រក​បន្ត​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​ទៀត​ដែរ ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា អាសាដ ដែល​អាមេរិក​ចង់​បណ្តេញ​នោះ​នឹង​នៅ​កាន់តំណែង​ទៀត បើ​សង្គ្រាម​ចប់​មែន​នោះ​។​

៣.​ក្រុង Aleppo សមរភូមិ​ចុងក្រោយ ?
​តាមពិតទៅ ក្រុង Aleppo ជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ប្រទាញប្រទង់​បំផុត​មួយ ដោយ​គ្មាន​ភាគី​ណាមួយ​មានប្រៀប​អាច​ដណ្តើមយក​ទីក្រុង​នេះ​បានឡើយ​។  ហើយ​ជន​ស៊ីវិល​បន្ត​ស្លាប់​រាល់ថ្ងៃនេះ​ដោយសារ​ការប្រយុទ្ធ និង​ការទម្លាក់​គ្រាប់បែក​របស់​ភាគី​ទាំងពីរ​។ ខាង​ក្រុម​ឧទ្ទាម​និង​ក្រុម​សិទ្ធិមនុស្ស​ចោទថា រុស្ស៊ី​និង​ខាង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ា​សបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​សង្គម និង​បំពារបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដោយ​បន្ត​សម្លាប់​រង្គាល​ជន​ស៊ីវិល​នៅ​ទីក្រុង​នេះ​។ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​និង​រុស្ស៊ី​តប​វិញ​ថា ក្រុម​ឧទ្ទាម​កំពុង​យក​ជន​ស៊ីវិល​ជា​ខែល​ដើម្បី​ការពារ​ខ្លួន​ផង​និង​យក​លេស​ដើម្បី​បន្ត​ប្រយុទ្ធ​ផង​។

​ដូច្នេះហើយ ពេលដែល​ទ័ព អាសាដ ដណ្តើមបាន​ក្រុង Aleppo  បាន បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​បរាជ័យ​ដ៏​ធំធេង​របស់​ក្រុម​ឧទ្ទាម ហើយ​វា​ក៏​ជាស​ញ្ញា​មួយ​បង្ហាញថា ភ្លើងសង្គ្រាម​ដែល​អូសបន្លាយ​មក​អស់​រាប់​ឆ្នាំ​មកនេះ ជិត​ដល់ពេល​ចប់​ដែរ​។ អ្វីដែល​សំខាន់​វា​ជា​ជ័យជម្នះ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​។

​និយាយ​ពី​ជ័យជម្នះរ​បស់ទ័ព​ស៊ី​រី នៅ Aleppo គេ​មិន​ភ្លេច​ពី​គុណ​ស្រ័យ​របស់​ក្រុង​មូ​ស្គូ​ឡើយ​។ ក្រោយ​រុស្ស៊ី​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះ​ស៊ី​រី​នៅ​ខែកញ្ញា​ឆ្នាំ ២០១៥  កងទ័ព​អាសាដ​ពឹង​លើ​អំណាច​ទ័ពអាកាស​រុស្ស៊ី​ទាំងស្រុង​ពេលដែល​គេ​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​។ ហើយ​ការអន្តរាគមន៍​នេះ​បានធ្វើ​ឲ្យ​របប​ដឹកនាំ​ស៊ី​រី អាច​ប្រមូលផ្តុំ​កម្លាំង និង​ពង្រឹង​អំណាច​របស់ខ្លួន​បាន​វិញ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com