កីឡាជាតិ
កម្ពុជា​គ្រោង​សង់​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នៅ​ខេត្តសៀមរាប​
10, Dec 2016 , 4:00 pm        
រូបភាព
ដោយ:
​ដើម្បី​ជួយ​ជំរុញ​វិស័យ​កីឡា​ទេសចរណ៍​ដែលជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គ្រោង​សាងសង់​កីឡដ្ឋាន​លំដាប់​ស្តង់ដា​អន្តរជាតិ​ដែល​អាច​ផ្ទុក​មនុស្ស​ពី​២​ម៉ឹ​ន​ទៅ​៣​ម៉ឺន​នាក់​នៅ​ខេត្តសៀមរាប​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​សាងសង់​ពហុ​កី​ដ្ឋា​ន​លំដាប់​ស្តង់ដា​អន្តរជាតិ​ដែល​អាច​ផ្ទុក​មនុស្ស​ពី​២​ម៉ឺន​ទៅ​៣​នាក់​នាក់​នៅលើ​ទីលាន​ចាស់​ក្នុង​ខេត្តសៀមរាប​។ បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​១០​លាន​ដុល្លារ ដោយ​សាងសង់​ក្នុងពេល​ឆាប់​ខាងមុខនេះ​។​
 


​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​លំដាប់​ស្តង់ដា​អន្តរជាតិ​ក្នុង​ខេត្តសៀមរាប​នេះ ក្នុង​គោលបំណង​ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍វប្បធម៌​អង្គរ​លើទឹក​ដី​ខេត្តសៀមរាប តាមរយៈ​យុទ្ធសាស្ត្រ​ទេសចរណ៍​កីឡា​។ ទេសចរណ៍​កីឡា​មិន​ត្រឹមតែ​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ លើសពីនេះ​ជួយផ្តល់​ការងារ និង​រកប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ទៀតផង ជាពិសេស​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។  
 


​ថ្លែង​នៅក្នុង​សិក្ខាសាលា​ជាតិ​លើក​ទី​១​ស្តីពី​កីឡា​ទេសចរណ៍​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​ខេត្តសៀមរាប​កាលពីពេល​ថ្មីៗ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទេសចរណ៍​កីឡា​សំដៅ​ទៅលើ​ការធ្វើដំណើរ​ដែល​ទាក់ទង​នឹង​ការតាមដាន និង​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ដែល​នៅ​ឆ្ងាយ​ពី​បរិស្ថាន​។ ម្យ៉ាងទៀត​វា​ជា​ផ្នែក​មួយ​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក ដែល​អាច​រក​ចំណូល​ស្មើនឹង ៧.៦៨​កោដិ​ដុល្លារ​»​។ 
 


​លោក​បាន​បន្តទៀតថា កីឡា​ទេសចរណ៍​ចែកចេញជា​ពីរ​ផ្នែក​គឺ​ផ្នែក​រឹង​និង​ផ្នែក​ទន់ ក្នុងនោះ​ផ្នែក​រឹង​សំដៅ​ទៅលើ​បរិមាណ​កីឡាករ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​។ រីឯ​ផ្នែក​ទន់​សំដៅ​ទៅលើ​អ្នក​ដែល​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះ​។ ដូច្នេះ​កីឡា​ទេសចរណ៍​ត្រូវបាន​គេ​យកចិត្ត​គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន​សង្គម សុខមាលភាព​សង្គម និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ 
 


​គេ​សង្កេតឃើញ​កីឡា​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ច្រើន​រួមមាន ព្រឹត្តិការណ៍​កីឡា​ជាតិ​, បាល់ទាត់​, ប្រណាំងទូក​, ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ម៉ារ៉ាតុន​អន្តរជាតិ​, ប្រណាំង​កង់​អន្តរជាតិ​, ប្រណាំង​ឡាន​, ទ្រី​យ៉ា​ត្លុង​, SEA Game, Asian Game និង​អូឡាំពិក​ហ្គេម​។  
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា កីឡា​ជា​សេវា​មួយ​ដែល​បម្រើ​ឲ្យ​ទេសចរណ៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព​។ ដូច្នេះ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមជាមួយ​ក្រសួងទេសចរណ៍​និង​ក្រសួង​អប់រំ នឹង​រួមគ្នា​បង្កើត​កីឡា​ប្លែកៗ​បែប​ទេសចរណ៍​ឲ្យ​បាន​ច្រើន​។  
 


​លោក​បាន​បន្តទៀតថា ការជ្រើសរើស​ខេត្តសៀមរាប​ជា​គោលដៅ​អេកូ​ទេសចរណ៍​របស់​កម្ពុជា​លើកដំបូង ព្រោះ ខេត្ត​នេះ​សម្បូរ​ទៅដោយ​ស​ម្ប​តិ្ត​វប្បធម៌​ធម្មជាតិ និង​ស​ម្ប​តិ្ត​បេ​តិក​ភ័​ណ្ឌ​ជាតិ ជាពិសេស​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​ដែលជា​ផលិតផល​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា​។ ហើយ​លោក​នឹង​បន្ត​បង្កើន​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ជា​បន្តបន្ទាប់ ជាពិសេស​ខេត្ត​នៅ​ភា​គ‌​‍​ឥសាន​៕
 










Tag:
 បាល់ទាត់​
  ថោង ខុន​
  វ៉ា​ត់ ចំរើន​
  សៀមរាប​
  កីឡា​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com