អន្តរជាតិ
លោក Duterte អាចលើករឿងសមុទ្រចិនខាងត្បូងមកជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
× ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាសប្ដាហ៍ក្រោយនេះតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ លោក Duterte ក៏គ្រោងជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈមួយចំនួនផងដែរ។ ក្នុងនោះ បញ្ហាសមុទ្រចិនខាងត្បូងដែលមិនទាន់រកច្រកចេញឃើញ ក៏ទំនងជាប្រធានបទសំខាន់នៃជំនួបនេះដែរ។
អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីននៅថ្ងៃទី៩ ខែធ្នូ បាននិយាយថា លោកប្រធានាធិបតី Rodrigo Duterte ប្រហែលជាពិភាក្សារឿងជម្លោះសមុទ្រចិនខាងត្បូង ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន អំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ។ លោក Duterte នឹងចាប់ផ្ដើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ដោយនឹងមានរបៀបសំខាន់ៗជាច្រើន រួមទាំងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាផងដែរ។
លោក Charles Jose ដែលជាអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីននិយាយទៀតថា មេដឹកនាំប្រទេសទាំងពីរ នឹងជជែកគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង ដែលជាផ្នែកនៃប្រធានបទសន្តិសុខនិងការការពារជាតិនៅក្នុងតំបន់។ លោកបន្តថា ប្រធានាធិបតី Duterte ក៏នឹងលើកឡើងពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដោយសន្តិវិធីផងដែរ។
«ខ្ញុំគិតថា លោកប្រធានាធិបតី នឹងបញ្ជាក់ម្ដងទៀតពីជំហររបស់ហ្វីលីពីនលើដំណោះស្រាយសន្តិវិធីនៃជម្លោះ ក៏ដូចជាការដោះស្រាយស្របតាមនីតីរដ្ឋទៀតផង។» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យខាងលើ នាឱកាសសន្និសីទកាសែតដែលចេញផ្សាយដោយសារព័ត៌មាន Inquirer.Net ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ជំនួបទ្វេភាគីនេះ ក៏នឹងផ្ដោតលើបញ្ហាផ្សេងទៀតដូចជា ពាណិជ្ជកម្មទ្វេភាគី ការការពារពលកម្មទាំងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការទេសចរណ៍និងវប្បធម៌ជាដើម។
ប្រភពព័ត៌មានដដែលផ្សយថា ទាក់ទិនជម្លោះសមុទ្រចិនខាងត្បូង ដំណោះស្រាយជាក់លាក់ណាមួយ នៅមិនទាន់រកឃើញនៅឡើយ ដោយសារការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកអាស៊ាន។ កម្ពុជា ដែលគេមើលឃើញជាមិត្តជិតស្និទ្ធរបស់អាស៊ាន តែងតែត្រូវបានសមាជិកដទៃចោទប្រកាន់ថា បានរារាំងការរួមមតិឯកច្ឆន្ទរបស់អាស៊ានលើបញ្ហាសមុទ្រចិនខាងត្បូង។
យ៉ាងណាក្ដី លោក Charles Jose ក៏បាននិយាយដែរថា ហ្វីលីពីន និងកម្ពុជា បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្រោមក្របខណ្ឌអាស៊ាន ក្នុងការដោះស្រាយជម្លោះនេះ។ ហើយរដ្ឋបាលលោក Duterte ក៏សប្បាយចិត្ត ជាមួយនឹងសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់របស់អាស៊ាន ដែលបានបញ្ជាក់ពីការជំហររបស់សមាជិកលើការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងនេះដោយសន្តិភាព៕
Tag:
ហ្វីលីពីន
Rodrigo Duterte
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com