កីឡាជាតិ
ជាតិ
ITF កម្ពុជា​ឈ្នះ​មេដាយមាស​៩ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១
12, Dec 2016 , 7:05 pm        
រូបភាព
ដោយ:
​ក្នុងចំណោម​១៣​ប្រភេទ​វិញ្ញាសា​ផ្នែក​មេគុន​ដែល​បានដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​(ITF)​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ក្រុម​អត្ត​ព​លិ​ក​ម្ចាស់ផ្ទះ​កម្ពុជា​បានឈ្នះ​មេដាយមាស​ចំនួន​៩ ប្រាក់​៣ និង​សំរឹទ្ធ​១​។​



​ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​កម្ពុជា​បានឈ្នះ​មេដាយមាស​៩ ប្រាក់​៣ និង​សំរឹទ្ធ​១ ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​(ITF)​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​។ មេដាយមាស​ទាំង​៩​របស់​កម្ពុជា​បានឈ្នះ​លើ​វិញ្ញាសា​សម្តែង​មេគុន​ឯកត្តជន​ចំនួន​៧ និង​សម្តែង​មេគុន​ជា​ក្រុម​ចំនួន​២​។ 

​ជាមួយគ្នានេះ​កីឡាករ ប៉ាល់ ជី​វ័​ន្ត ដែល​បានឈ្នះ​មេដាយមាស​២​ម្នាក់ឯង​បាន​បញ្ជាក់ថា មេដាយ​ដែល​កម្ពុជា​ទទួលបាន​ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​(ITF)​កម្ពុជា មិនមែន​បាន​ដោយ​សំណាង​ឬ​ភាគី​ចូលរួម​ខ្សោយ​នោះឡើយ​។ កីឡាករ​រូបនេះ​រំពឹងថា រូបគេ​នឹង​អាច​ឈ្នះ​មេដាយមាស​បន្ថែមទៀត​សម្រាប់​ការប្រកួត​ថ្ងៃទី​២ ជាពិសេស​រំពឹង​លើ​វិញ្ញាសា​សម្តែង​ប្រយុទ្ធ​១​ទល់នឹង​៣ ខណៈ​រូបគេ​នៅសល់​៣​ប្រភេទ​វិញ្ញាសា​ទៀត​។ 

​ទន្ទឹមនឹងនេះ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ចំនួន​៩​ក្នុង​បើកឆាក​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​ជឿជាក់ថា កម្ពុជា​នឹង​ទទួលបាន​មេដាយមាស​ច្រើន​ទៀត​សម្រាប់​ការប្រកួត​ថ្ងៃជា​បន្តបន្ទាប់​។ ការរំពឹង​បែបនេះ​ដោយសារ​លោក​គិតថា កម្ពុជា​បាន​ហ្វឹកហាត់ និង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​មួយ​នេះ​។

​សម្រាប់​ការប្រកួត​ក្នុង​ថ្ងៃ​បើកឆាក​នេះដែរ ក្រុម​អត្ត​ពលិកម​ក​ពី​ប្រទេស​ម៉ាឡេស៊ី បានឈ្នះ​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៦ រីឯ​សិង្ហ​បុរី មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​២ ខណៈ​វៀតណាម​មេដាយប្រាក់​៣ និង​សំរឹទ្ធ​៤ ចំណែក​ប្រទេស​ថៃ​ទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៣​។ គួរ​បញ្ជាក់ថា ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅសល់​២៤​វិញ្ញាសា​ទៀត​ដែល​ត្រូវ​ប្រកួតប្រជែង​បន្តទៀត​៕















Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជី​វ័​ន្ត​
  ITF ជើងឯក​អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com