ជាតិ
លោក ហ៊ុន ម៉ា​នី ជឿជាក់ថា ការភ្ជាប់​ទំនាក់ទំនង​យុវជន​កម្ពុជា​-​ថៃ នឹង​អាច​ទាញ​សហគ្រិន​ថៃ​វិនិយោគ​នៅ​កម្ពុជា
13, Dec 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ តំណាង​គណប្រតិភូ​យុវជន​កម្ពុជា​លោក ហ៊ុន ម៉ា​នី ហាក់​មាន​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​អាច​ទាញ​សហគ្រិន​វ័យក្មេង​ពី​ប្រទេស​ថៃ មក​សហការ​វិនិយោគ​ជាមួយ​សហគ្រិន​កម្ពុជា តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​យុវជន​កម្ពុជា​-​ថៃ ដើម្បី​ពង្រីក​ទុនវិនិយោគ​នៃ​ប្រទេស​ទាំងពីរ​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ក្នុងប្រទេស​ថៃ គណប្រតិភូ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​ចូលជួប​ពិភាក្សា​ជាមួយ​ក្រុម​តំណាង​សហគ្រិន​វ័យក្មេង​ប្រទេស​ថៃ ដើម្បី​ផ្លាស់ប្ដូរ​គំនិត​យោបល់​គ្នា​ទៅវិញទៅមក ក្នុង​គោលដៅ​ទាញយក​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។ តាម​យៈ​ការផ្លាស់ប្តូ​យោបល់​គ្នា​នោះ លោក ហ៊ុន ម៉ា​នី យល់ឃើញថា ខាង​ភាគី​សហគ្រិន​វ័យក្មេង​ថៃ ហាក់​មានការ​ចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ ដោយ​ពួកគេ​សន្យា​នឹង​មក​មើល​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​សិន មុននឹង​សម្រេចចិត្ត​វិ​ន​យោគ​តាម​ក្រោយ​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត នៅ​ព្រលានយន្តហោះ​កាលពី​ថ្ងៃទី​១២​ធ្នូ លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទស្សនកិច្ច​របស់​គណ​ប្រតិភូ​យុវជន​កម្ពុជា គឺជា​មួយផ្នែក​ក្នុងការ​ចូលរួម​ពង្រឹង​និង​ពង្រីង​បន្ថែម​នៃ​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​ទាំងពីរ​។ ហើយ​ក្នុងនោះ​ទស្សនកិច្ច​មួយ​នេះ គឺជា​បើក​ច្រក​ពង្រីក​ឱកាស​ក្នុងការ​ស្វែងយល់ និង​ពង្រីក​សហប្រតិបត្តិការ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។ ហើយ​ការបើក​ច្រកទ្វា​មុនដំបូង​គេ​នេះ គឺ​ទស្សនកិច្ច​ដែល​យើង​នឹង​រង់ចាំ​ទាំងអស់គ្នា របស់​សហគ្រិន​វ័យក្មេង​ដែល​នឹង​មក​ស្វែងយល់​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។ ហើយក៏​ជាការ​ចង​ចំណងមិត្តភាព​រវាង​យុវជន​កម្ពុជា​-​ថៃ​ដើមឆ្នាំ​២០១៧»​។​

​បើតាម​លោក ហ៊ុន ម៉ា​នី ការផ្សារភ្ជាប់​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​យុវជន​កម្ពុជា​-​ថៃ នេះ គឺជា​ច្រក​ផ្លូវ​សំខាន់​មួយ​សម្រាប់​ការពង្រីក​វិនិយោគទុន​បន្ថែម ខណៈ​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ក្រៅពី​ជួប​ជាមួយ​ក្រុម​សហគ្រិន​វ័យក្មេង​ថៃ គណប្រតិភូ​យុវជន​កម្ពុជា ក៏បាន​ចូលជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អ៊ូ​ចារ ផងដែរ​។ ក្នុងជំនួប​គ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ចាន់​អ៊ូ​ចារ បាន​រំលឹក​ពី​ការសន្យា​ផ្ដល់ជូន​នូវ​ក្បាលរថភ្លើង​មួយ​ខ្សែ​ដល់​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្លាស់ប្ដូរ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំងពីរ នៅពេលដែល​កម្ពុជា​-​ថៃ បើក​ច្រកព្រំដែន​ថ្មី​បន្ថែម​នៅពេល​ខាងមុខនេះ​។ នេះ​បើតាម​តំណាង​ប្រតិភូ​យុវជន​កម្ពុជា​លោក ហ៊ុន ម៉ា​នី ដែល​បាន​បន្ថែមថា ក្បាលរថភ្លើង និង​ខ្សែ​រថយន្ត ភាគី​ថៃ​នឹង​ផ្ដល់ជូន​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​៕


Tag:
 ​ហ៊ុន ម៉ា​នី​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com