ជាតិ
ពលរដ្ឋ​ហ្វីលីពីន​នៅ​កម្ពុជា​៖ «​សង្គ្រាម​គ្រឿងញៀន​» មិនអាក្រក់ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ចម្រូងចម្រាស
14, Dec 2016 , 2:08 pm        
រូបភាព
​ប្រជាជន​ហ្វីលីពីន​ដែល​រស់នៅ​កម្ពុជា​បានបង្ហាញ​ការយល់ឃើញថា «​សង្គ្រាម​គ្រឿងញៀន​»​របស់​ប្រធានាធិបតី Rodrigo Duterte ជា​គោលនយោបាយ​សំខាន់​ដើម្បី​កម្ចាត់​គ្រឿងញៀន​ក្នុងសង្គម​ហ្វីលីពីន​។ ថ្វីបើ​មានការ​រិះគន់​ពី​សហគមន៍​សិទ្ធិមនុស្ស​ក៏ដោយ ពួកគេ​នៅតែ​យល់ថា វា​ជា​រឿង​ចាំបាច់ ដែល​ត្រូវ​បន្ត​គោលនយោបាយ​នេះ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​លោក Duterte មាន​រូបភាព​អាក្រក់​។



​ប្រជាជន​ហ្វីលីពីន​ប្រហែល​រាប់រយ​នាក់​បាន​ចូលរួម​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ល្ងាច​ថ្ងៃ​អង្គារ​ទី ១៣​ធ្នូ ម្សិលមិញ​។ ថ្លែង​ជា​ភាសា​ហ្វីលីពីន​លាយឡំ​ជាមួយ​ភាសា​អង់គ្លេស​បន្តិចៗ​ផង​នោះ ប្រធានាធិបតី Duterte ផ្តោត​សំខាន់​លើ​គោលនយោបាយ​ក្នុងស្រុក ជាពិសេស​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ដែលជា​រឿងចម្រូងចម្រាស​នោះ​។ លោក​ថែមទាំង​បញ្ជាក់​ជាថ្មី​ថា លោក​មិន​បញ្ឈប់​សង្គ្រាម​នេះឡើយ ហើយ​អ្វីដែល​សំខាន់​លោក​ត្រៀមខ្លួន​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផងដែរ​។

​បើតាម​ការសាកសួរ​រ​បស់​សារព័ត៌មាន​ទៅ ប្រជាជន​ហ្វីលីពីន​ដែល​រស់នៅ​កម្ពុជា ពួកគេ​ភាគច្រើន​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​លោក Rodrigo Duterte  ក្នុងការ​កម្ចាត់​គ្រឿងញៀន​នេះ​។ ពួកគេ​ចាត់ទុកថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រតិកម្ម​កន្លងមក​របស់​ក្រុម​សិទ្ធិមនុស្ស​ជា​អ្វីដែល​ធ្វើឡើង​ដើម្បី​ឲ្យ​លោក Duterte មាន​រូបភាព​អាក្រក់​ប៉ុណ្ណោះ​។​



​លោក Jay Lan Capungan ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ដែល​រស់នៅ​កម្ពុជា ៥​ឆ្នាំ​ហើយ​មក​នោះ បាន​ទៅ​ចូលរួម​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ដែរ​នោះបាន​បញ្ជាក់ថា លោក​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ដែល​បាន​ជួប​ជាមួយ​លោក Duterte ជា​លើកដំបូង​បំផុត​។ ជា​ប្រជាជន​មកពី​កោះ Mindanao ដូច​លោក Duterte ដែរនោះ លោក Jay Lan Capungan បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា លោក​គិតថា​គោលនយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់លោក Deterte ជា​រឿង​សំខាន់​ព្រោះ បញ្ហា​គ្រឿងញៀន​នៅ​ហ្វីលីពីន​វា​ជា​រឿង​ស្មុគស្មាញ​។​

«​បើតាម​ខ្ញុំ​យល់ គ្រឿងញៀន​នេះ​ជា​រឿង​ស្មុគស្មាញ​។ តាំងពី​ខ្ញុំ​មិនទាន់​កើត​ផង គ្រឿងញៀន​វា​មាន​វត្តមាន​គ្រឿងញៀន​រួចទៅហើយ​។ ដូច្នេះហើយ​វា​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​ដូច​អ្វីដែល​លោក Duterte បានធ្វើ »​។



​ចំណែក កញ្ញា AJ ដែល​បំពេញការងារ​ជា​គ្រូបង្រៀន​សង្គមវិជ្ជា​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​នោះបាន​បង្ហាញ​ការយល់ឃើញ​ស្រដៀង​គ្នា​ដែរ​។​

«​ខ្ញុំ​គាំទ្រ​គោលនយោបាយ​របស់លោក Duterte តែ​ខ្ញុំ​មិន​គាំទ្រ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ឡើយ​។ ប៉ុន្តែ​ដូច​ខ្ញុំ​បញ្ជាក់​ដូច្នេះ​ថា វា​ជា​គោលនយោបាយ​ដែល​សម្លាប់​ជន​ដែល​ជួញដូរ​គ្រឿងញៀន​ប៉ុណ្ណោះ ហើយ​ដរាបណា​វា​ស្ថិតក្រោម​កំណត់​នៃ​ច្បាប់​»​។​

​សួរថា​តើ​យល់ឃើញ​បែបណា​ចំពោះ​ប្រតិកម្ម​និង​ការរិះគន់​របស់​សហគម​ន៍​អន្តរជាតិ​លើ​សង្គ្រាម​គ្រឿងញៀន កញ្ញា AJ បាន​លើកឡើងថា វា​ជា​ចេតនា​ដែល​ធ្វើ​ឲ្យ​លោក Duterte បាត់បង់​ប្រជាប្រិយភាព​និង​មាន​រូបភាព​អាក្រក់​ប៉ុណ្ណោះ​។



​ប្រជាជន​ហ្វីលីពីន​ដែល​រស់នៅ​កម្ពុជា​ម្នាក់ លោក Velmor Velila ដែលជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ដែរនោះ បាន​អះអាងថា ប្រជាជន​ហ្វីលីពីន​គាំទ្រ​សង្គ្រាម​នេះ​ព្រោះ​វា​ជាការ​រក្សា​សុវត្ថិភាព និង សន្តិសុខ​របស់​ប្រទេសជាតិ​ទាំងមូល​។ ហើយ​លោក​ជឿជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​គោលនយោបាយ​ប្រឆាំង​គ្រឿងញៀន​នេះ​ចម្រូងចម្រាស​។

«​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​, យើង​ស្គាល់​គាត់​ច្បាស់​។ ខ្ញុំ​រស់នៅ​ក្រុង​ជាមួយ​លោក Duterte គឺ​ទីក្រុង Davao ដែលជា​ក្រុង​ដែល​ល្អ និង​គ្មាន​គ្រឿងញៀន​នោះ​។ បញ្ហា​ធំ​នៅ​ហ្វីលីពីន​បច្ចុប្បន្ន​គឺ​គ្រឿងញៀន ហើយ​រឿង​ស្មុគស្មាញ​គឺ​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​»​។​

​លោក​បន្តថា​៖ «​គ្មាន​អ្នកណាម្នាក់​អាច​បញ្ឈប់​គាត់​បានឡើយ ហើយ​វា​ជា​អ្វីដែល​គាត់​ធ្វើ​ដើម្បី​សុវត្ថិភាព​ប្រជាជន​ហ្វីលីពីន ហើយ​យើង​គាំទ្រ​គាត់​»​។




​ថ្វីបើ​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​បែបនេះ​ក្តី រយៈពេល​មួយថ្ងៃ​មុន​ការអញ្ជើញ​មកដល់​របស់​ប្រធានាធិបតី​ហ្វីលីពីន​ខាងលើ ក្រុម​ប្រជាជន​ហ្វីលីពីន​មាន​គ្នា​ប្រហែល ៥​នាក់ បាននាំគ្នា​បាតុកម្ម​តវ៉ា និង​ដាក់​ញត្តិ​នៅមុខ​ព្រះបរមរាជវាំង​។​

 ពួកគេ​ទាមទារ​ឲ្យ​លោក Duterte បញ្ឈប់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន និង​គោរព​នីតិរដ្ឋ និង​សិទ្ធិមនុស្ស​ថែមទៀត​។



​សូមបញ្ជាក់​បន្តិច​ថា បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​កម្ពុជា​គិត​ត្រឹម​ឆ្នាំ​២០១៦ ប្រជាជន​ហ្វីលីពីន​ដែល​រស់នៅ​កម្ពុជា​និង​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​នៅ​ស្ថានទូត​មាន​ប្រហែល ៦​ពាន់​នាក់​៕






Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com