ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សកាន់អំណាច​កំពុង​រៀបចំ​សន្និបាត​ចុង​សប្តាហ៍​នេះ​នៅ​កោះ​ពេជ្រ​
17, Dec 2016 , 11:26 am        
រូបភាព
រូបភាពពីហ្វេកប៊ុកសម្តេច ហេង សំរិន
រូបភាពពីហ្វេកប៊ុកសម្តេច ហេង សំរិន
ដោយ: ថ្មីៗ
​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​ធ្វើ​សន្និបាត​លើក​ទី​៤០​ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ប្រធានកិត្តិយស​របស់​គណបក្ស គឺ​សម្តេច ហេង សំរិន និង​ប្រធាន​គណបក្ស គឺ​សម្តេច ហ៊ុន សែន បាន​ដឹកនាំ​សន្និបាត​នេះ​។​



​របៀបវារៈ​ចំនួន ២ សំខាន់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ពិភាក្សា​នៅក្នុង​សន្និបាត​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​នៃ​គណបក្សកាន់អំណាច គឺ​លោក សុខ ឥសាន ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​

​របៀបវារៈ​ទី ១ គណៈកម្មាធិការ​កណ្តាល​គណបក្ស នឹង​ពិនិត្យមើល​, វាយតម្លៃ សភាពការណ៍​នយោបាយ សេដ្ឋកិច្ច និង​ផែនការ ដែល​បាន​កើតឡើង និង​បាន​អនុវត្ត បន្ទាប់ពី​សន្និបាត​លើក​ទី ៣៩ កាលពី​ឆ្នាំមុន​។

​របៀបវារៈ​មួយទៀត ដែល​លោក ឥសាន បញ្ជាក់ថា គឺជា​របៀបវារៈ​សំខាន់បំផុត​នោះ គឺ​ការកំណត់​នូវ​យុទ្ធសាស្ត្រ​នយោបាយ សកម្មភាព​នយោបាយ ដើម្បី​ត្រៀម​បោះឆ្នោត​យកជ័យ​ជម្នះ​ទាំង​បោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់ និង​ថ្នាក់ជាតិ នៅ​២០១៧ និង ២០១៨ ។ អ្នកនាំពាក្យ​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​បោះឆ្នោត​សំខាន់​ណាស់ ដែល​យើង​ត្រូវតែ​ឈ្នះ ព្រោះ​យើង​ធ្វើ​គណបក្សនយោបាយ​គឺ​ចង់​ឈ្នះឆ្នោត​»​។

​សូមបញ្ជាក់ថា នៅក្នុង​មហាសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ឆ្នាំ ២០១៥ គណបក្ស​នេះ បានសម្រេច​បោះឆ្នោត​បញ្ចូល​សមាសភាព​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ថ្មី​ចំនួន ៣០៦ រូប បន្ថែម​លើ​សមាជិក​ដែលមាន​ស្រាប់​ចំនួន ២៦៨ រូប ។ សមាជិក​ថ្មី​នេះ ភាគច្រើន​ជា​យុវជន​ជំនាន់​ក្រោយ និង​ស្ត្រី ផងដែរ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com