ជាតិ
សង្គមជាតិ
ក្រសួង​ដែនដី​បិទ​ផ្សាយ​ស្ថិតិ​ពលរដ្ឋ​រស់នៅ​«​អាគារ​ប៊ូ​ឌី​ង ស​»​ដើម្បី​ទុកពេល​តវ៉ា​
21, Dec 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​បិទ​ផ្សាយ​ស្ថិតិ​ពលរដ្ឋ​ជាង ៤​រយ​គ្រួសារ​រស់នៅក្នុង​អគារ​សហកម្មសិទ្ធិ «​ប៊ូ​ឌី​ង ស​» នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​តវ៉ា​នឹង​ការចុះ​ស្រង់​ស្ថិតិ​របស់​ក្រសួង កន្លងទៅ​។ នេះ​បើតាម​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​។ ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​នៅ​ទីតាំង​អគារ​ប៊ូ​ឌី​ង ក្នុង​ទឹកប្រាក់​ពី ៧០​លាន​ដុល្លារ​ទៅ ៨០​លាន​ដុល្លារ​។​



​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អគារ​ប៊ូ​ឌី​ង អាច​តវ៉ា​ជំទាស់​នឹង​ស្ថិតិ​ដែល​ក្រុមការងារ​ក្រសួង​ដែនដី​បានរៀបចំ រួចរាល់ ក្នុង​គោលដៅ​ផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​ដល់​ម្ចាស់​ចំណែក​ឯកជន​នៃ​អាគារ​សហកម្មសិទ្ធិ​នេះ​។​«​យើង​នឹង​រៀបចំ​បិទ​ផ្សាយ​ស្ថិតិ​ពលរដ្ឋ​ដែលមាន​ឯកសារ​ត្រឹមត្រូវ នៅ​ថ្ងៃស្អែក​(​ថ្ងៃទី ២២ ខែធ្នូ​) ឬ​ថ្ងៃ​ខានស្អែក ដើម្បី​ឲ្យ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ង តវ៉ា មុនពេល​ក្រសួង​រៀបចំ​ផែនការ​អភិវឌ្ឍ​បន្តទៀត​»​។ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​រសៀល​នេះ ក្រោយ​ក្រសួង​បញ្ចប់​ការចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ កាលពី​ថ្ងៃទី​៣ ធ្នូ កន្លងទៅ​។​
 
​លោក ជា​សុផារ៉ា​ធ្លាប់​បញ្ជាក់ប្រាប់​ពលរដ្ឋ​ក្នុង​ពិធី​ជួប​ជជែក​ស្ដីពី​ការអភិវឌ្ឍ​អគារ​ប៊ូ​ឌី​ង​កាលពី​ថ្ងៃទី​០៨​វិច្ឆិកា​ថា ក្រសួង​និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​អភិវឌ្ឍ​ទីតាំង​អគារ​ប៊ូ​ឌី​ង​នៅនឹងកន្លែង ក្នុង​ទឹកប្រាក់​ពី​៧០​លាន​ដុល្លារ ទៅ ៨០​លាន​ដុល្លារ​។​បើ​គ្មាន​ការប្រែប្រួល​នោះទេ​ការសាងសង់​អគារ​ថ្មី ត្រូវការ​រយៈពេល​សាងសង់​ជាង ៣​ឆ្នាំ ហើយនឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ​។​

​គម្រោង​នេះ​មានការ​សាងសង់​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ការសង់​អគារ​ថ្មី​កម្ពស់ ២១​ជាន់ ដោយ​រួមមាន​ទីតាំង​ចំណត ៣​ជាន់​, កន្លែង​លក់ដូរ​១​ជាន់​កន្លែង​ស្នាក់នៅ​៥​ជាន់ ហើយ​ចាប់ពី​ជាន់​ទី​៩​ឡើង​ទៅនឹង​ក្លាយជា​កម្មសិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន Arakawa ។​
 
​បើតាម​លោក ជា សុផារ៉ា នៅពេល​សាងសង់​នោះ​ក្រសួង​នឹង​រៀបចំ​កន្លែង​ផ្សេងទៀត​សម្រាប់​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​បណ្ដោះអាសន្ន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ ទម្រាំ​គម្រោង​សាងសង់​អគារ​ប៊ូ​ឌី​ង​ថ្មី​បញ្ចប់​។​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​មិន​យល់ស្រប​នឹង​គម្រោង​វិនិយោគ​នេះ​ពួកគេ​អាចមាន​ជម្រើស​យក​ទឹកប្រាក់​ប្រមាណ ៦​ម៉ឺន​ដុល្លារ​សម្រាប់​មួយ​គ្រួសារ​។​

​អគារ​ប៊ូ​ឌី​ញ ត្រូវបាន​ស្ថាបនា​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕




Tag:
 ​ជា សុផារ៉ា​
  ប៊ូ​ឌី​ង​
© រក្សាសិទ្ធិដោយ thmeythmey.com