ជាតិ
សង្គមជាតិ
ឃាតកម្ម​លោក កែម ឡី៖ លោក ខៀវ សុភ័គ មិន​ជឿ​លើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ជួប សម្លាប់
21, Dec 2016 , 9:09 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រោយពី​បើក​ការស៊ើបអង្កេត​តាម​ចម្លើយ​ជនសង្ស័យ​ដែល​អះអាង​បាញ់សម្លាប់​លោក កែម ឡី អស់​រយៈពេល​ច្រើន​ខែ​មក​នោះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជួប សម្លាប់ ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី នេះ មាន​ចេតនា​ឆ្លើយ​បំភ្លៃ​សមត្ថកិច្ច។



តាមរយៈ​កិច្ចសម្ភាសន៍​ដែល​លោក ខៀវ សុភ័គ បាន​ផ្ដល់ជូន​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២១ ធ្នូ បាន​ឲ្យ​ដឹងថា ក្រោយពី​ការសួរចម្លើយ និង​ការសារភាពរ​បស់ជនស​ង្ស័​យ ជួប សម្លាប់ លោក​មិន​ជឿថា​ចម្លើយសារភាព​ជាកា​រ​ពិត​ទេ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​សន្និដ្ឋានថា ជនល្មើស​នេះ​មាន​ចេតនា​ឆ្លើយ​បំភ័ន្ត​សមត្ថកិច្ច មិន​និយាយ​ការពិត។ យើង​មិន​ជឿថា ជនល្មើស​នេះ​ឈ្មោះ ជួប សម្លាប់ មិន​ជឿថា​ជនល្មើស​នេះ​ឲ្យ​លុយ កែម ឡី ខ្ចី ៣ពាន់។ យើង​មើល​ទី១ ជួប សម្លាប់ វា​មិនដែល​ខ្មែរ​យើង​អ្នកណា​ឈ្មោះ ជួប សម្លាប់ ទេ អា​សម្លាប់ អា​ងាប់​ទេ។ ទី២ កែម ឡី ជំពាក់​លុយ​គេ ៣ពាន់ គឺ​អត់​មាន​សោះ។ ទី៣ ឈ្មោះ អា​លី​ស លក់​កាំភ្លើង​ឲ្យ​វា ថា​តម្លៃ ៣ពាន់​ដុល្លារ​ដែរ ហើយ​ថា​ឈ្មោះ​ប៉ូលិស​នៅ​ថៃ ទៅរក​ឯណា​ឃើញ? មិន​ប្រាប់​ទីកន្លែង»។

ការមិនជឿ​លើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ជួប សម្លាប់ ដែល​លោក ខៀវ សុភ័គ បានលើកឡើង​នេះ គឺ​ស្រប​ពេលដែល​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង គ្រោង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង មក​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​លោក កែម ឡី នៅ​ថ្ងៃទី១២ មករា ខាងមុខនេះ។

អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។ ភ្លាមៗក្រោយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ ដែល​បាន​អះអាងថា​ឈ្មោះ ជួប សម្លាប់។ ប៉ុន្តែ ជាង៥ខែ​ហើយ ដែល​គ្រួសារ​សព​លោក កែម ឡី នៅតែ​ទាមទា​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក កែម ឡី ព្រមទាំង​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​របស់​ហាង​សាំង​កាល់​តិច​នោះ​ផង ៕




Tag:
 កែម ឡី
 ខៀវ សុភ័គ
© រក្សាសិទ្ធិដោយ thmeythmey.com