ជាតិ
សង្គមជាតិ
កម្ពុជា នឹង​ស្នើសុំ​បដិមា​ព្រះ​ឥសូរ ពី​សហរដ្ឋអាមេរិក
23, Dec 2016 , 1:05 pm        
រូបភាព
រូបពី(Shiva on Nancy Wiener Gallery)
រូបពី(Shiva on Nancy Wiener Gallery)
ភ្នំពេញ៖ កម្ពុជា នឹងដាក់​សំណើសុំ​វត្ថុ​បុរាណ​មួយ ពី​សហរដ្ឋអាមេរិក​វិញ ក្រោយពី​ប៉ូលីស​អាមេរិក​បាន ចាប់ខ្លួន​អ្នកស្រី Nacy Wiener ដែលជា​ឈ្មួញ​ជួញដូរ​វត្ថុ​បុរាណ​ពី​តំបន់​អាស៊ី កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។



ប្រធាន​នាយកដ្ឋាន​សារមន្ទី​ជាតិ លោក គង់ វីរៈ បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​ទាក់ទង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ស្នើសុំ​រូប​បដិមា​ព្រះ​ឥសូរ ក្នុង​សតវត្ស​ទី១១ ដែល​ត្រូវបាន​ឈ្មួញ​ជួញដូរ​វត្ថុ​បុរាណ​ឈ្មោះ Nacy Wiener ប្រមូល​ទិញ​ពី​តំបន់​អាស៊ី​សម្រាប់​លក់​បន្ត​នោះ មក​រក្សា​ក្នុង​សារមន្ទី​ជាតិ​វិញ។ លោក គង់ វីរៈ បាន​បន្ថែមថា ក្រៅពី​រូប​ព្រះ​ឥសូរ​នេះ កម្ពុជា​ក៏​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​សុំ​ពិនិត្យមើល​វត្ថុ​បុរាណ​ដែល​រឹបអូស​បាន ពី​ឈ្មួញ​ម្នាក់​នោះ​ថា តើ​មាន​វត្ថុ​បុរាណ​ណាខ្លះ​ដែលមាន​ប្រភព​ចេញពី​ប្រទេស​កម្ពុជា​មុននឹង​ត្រូវបាន​ធ្លាក់​ទៅ លើ​ដៃ​ជននេះ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ប្រធាន​នាយកដ្ឋាន​សារមន្ទី​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖ «វា​ជា​ដំណឹង​ល្អ​ណាស់ សម្រាប់​យើង ដែល​អាមេរិក​បាន​ចាប់​ឈ្មួញ​ជួញដូរ​វត្ថុ​បុរាណ​ក្នុង​តំបន់​អាស៊ី​នេះ។ ជា​ជំហាន​ដំបូង​នេះ​យើង​បន្ត តាមដាន​រឿងនេះ​ជាមួយ​អាមេរិក ហើយ​យើង​បានដាក់​ពាក្យសុំ​រូប​ព្រះ​ឥសូរ​មួយ ក្នុងចំណោម​រូប​បដិមា​ផ្សេងទៀត ដែល​យើង​បានឃើញ​ក្នុងការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នោះ មក​រក្សាទុក​វិញ ព្រោះ​យើង​ធ្លាប់​ប្តឹងទៅ​អាមេរិក​ឲ្យ​ជួយ​បញ្ឈប់​ការលក់ដូរ​រូប​ព្រះ​ឥសូរ​នេះ ហើយ​ប្រគល់​មក​ឲ្យ​យើង​វិញ កាលពី​ប៉ុន្មាន​ខែ​មុន»។

បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុ​ស្ត៍​ជា​ភាសា​អង់គ្លេស អ្នកស្រី Nacy Wiener ដែលជា​ឈ្មួញ​ជួញ ដូរ​វត្ថុ​បុរាណ​ខុសច្បាប់​ពី​តំបន់​អាស៊ី​នោះ ត្រូវបាន​ប៉ូលីស​អាមេរិក​ចាប់ ខ្លួន​នៅក្នុង​ទីក្រុង New York កាលពី​ថ្ងៃ ទី២១ ធ្នូ នៅ​អំឡុង​ពេលដែល​ឈ្មួញ​រូបនេះ​កំពុង​លក់​វត្ថុ​បុរាណ ដែល​ត្រូវបាន​លួច​ចេញពី​ប្រទេស​កម្ពុជា​នោះ បន្តទៅ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ទិញ​វត្ថុ​បុរាណ។ អ្នកស្រី Nacy Wiener គឺជា ឈ្មួញ​ជួញដូរ​វត្ថុ​បុរាណ​ខុសច្បាប់​នៅក្នុង ជំនាន់​ទី​ពីរ​នៃ​គ្រួសារ​របស់​នាង ដែល​បាន​ធ្លាប់​លក់​វត្ថុ​បុរាណ​ទៅ​ឲ្យ​លោក John D Rockefeller III and Jacqueline Kennedy ក្នុងតម្លៃ​ជាច្រើន​លាន​ដុល្លារ។ វត្ថុ​បុរាណ​ដែល​ឈ្មួញ​លក់​ចេញ​នេះ ភាគច្រើន​គឺ​នាំ​ចេញពី ប្រទេស​កម្ពុជា ថៃ និង​ឥណ្ឌា។

កាលពី​ខែមីនា​កន្លងមក ប៉ូលីស​អាមេរិក ក៏បាន​លួច​វាយឆ្មក់​ចូល​បន្ទប់​តាំង​វត្ថុ​បុរាណ​ខុសច្បាប់​របស់​នាង Nacy Wiener នេះ ដែល​បាន​រកឃើញថា មាន​រូប​ប​បិ​មា​ព្រះពុទ្ធ​ធ្វើ​ពី​សំរឹទ្ធ​ក្នុង​សតវត្ស​ទី១០ ដោយបាន​ដាក់លក់​ក្នុងតម្លៃ ៨៥ម៉ឺន​ដុល្លារ​អាមេរិក។ រូប​បដិមា​ព្រះពុទ្ធ​នេះ ត្រូវបាន​ប៉ូលីស​អាមេរិក សន្និដ្ឋានថា អាច​នាំ​ចេញពី​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ។ នាង Nacy Wiener និង​អ្នក​រួមគំនិត​ជាមួយ​នាង បានចាប់ផ្ដើម​រកស៊ី​ជួញដូរ​វត្ថុ​បុរាណ​ខុសច្បាប់ កាលពីដើមឆ្នាំ១៩៩៩មក។ ហើយ​ពួកគេ បាន​លាក់ទុក​វត្ថុ​បុរាណ​ដែល​ទិញ​ពី​តំបន់​អាស៊ី​នេះ ដោយ​លក្ខណៈ បច្ចេកទេស និង​លក់ដូរ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត។ នេះ​បើ​យោងតាម​ឯកសារ​ពាក្យបណ្ដឹង​រប​ស់​តុលាការ​ឧក្រិដ្ឋកម្ម Manhattan។ ដែល​ត្រូវបាន​ដកស្រង់​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

ប្រធាន​នាយកដ្ឋាន​សារមន្ទី​ជាតិ លោក គង់ វីរៈ បាន​និយាយថា វត្ថុ​បុរាណ​ដែល​កម្ពុជា​បាន​បាត់បង់​មាន ចំនួន​ច្រើនណាស់ ដែល​មិនអាច​កំណត់​បានទេ «ដូច្នេះ​យើង​ត្រូវការ​តាមដាន​រក​វត្ថុ​បុរាណ​នេះ ព្រោះ​នាង(Nacy Wiener ) ជា​ឈ្មួញ​ខុសច្បាប់​ដ៏​ធំ»។

កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការប្រគល់​វត្ថុ​បុរាណ កាលពី​ឆ្នាំ២០០៣ ៕




Tag:
 វត្ថុ​បុរាណ
 ឥសូរ
 កម្ពុជា
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com