អន្តរជាតិ
គ្រូ​ម្នាក់​រៀប​គម្រោង​ចាប់ជំរិត​ក្លែងក្លាយ​ដើម្បី​ដើរតួ​ជា​វីរបុរស​សង្គ្រោះ​សិស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​
24, Dec 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
​រុស្ស៊ី​៖ គ្រូបង្រៀន​ម្នា​ក់នៅ​ទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី ត្រូវបាន​ចាប់ខ្លួន​កាលពីពេល​ថ្មី​កន្លងមកនេះ ពីបទ​បង្កើត​គម្រោង​ចាប់ជំរិត​ក្លែងក្លាយ​ដើម្បី​ទាក់ចិត្ត​សិស្សស្រី​ដែល​ខ្លួន​ស្រឡាញ់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​គ្រូបង្រៀន​វ័យ​៦០​ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​កូនសិស្ស​របស់ខ្លួន​ដែលមាន​វ័យ​ត្រឹមតែ​២៤​ឆ្នាំ​។ ដើម្បី​ទាក់ទាញ​សិស្សស្រី​ឲ្យ​ចាប់អារម្មណ៍​ខ្លួន គ្រូ​រូបនោះ បានសម្រេច​បាន​គម្រោង​ចាប់​ជម្រិត​ក្លែងក្លាយ​មួយ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​គណៈកម្មការ​ស៊ើបអង្កេត​ក្រុង Vyborg ដែល​ជាប់​ព្រំប្រទល់​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ឲ្យ​ដឹងថា គ្រូបង្រៀន​ដែល​មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ បាន​ជួល​បុរស​២​នាក់​ក្នុងតម្លៃ​១១​ម៉ឺន​ដុល្លារ​អាមេរិក ឲ្យ​ក្លែងខ្លួន​ធ្វើ​ជន​ចាប់​ជម្រិត​សិស្ស​ខ្លួន ហើយ​គាត់​ដើរតួ​ជា​វីរបុរស​ជួយសង្គ្រោះ​។ គំនិត​សំខាន់​របស់​គ្រូបង្រៀន​នោះ គឺ​ធ្វើយ៉ាងណា​ទាក់​សិស្សស្រី​ដ៏​ស្រស់ស្អាត​ឲ្យ​បាក់ចិត្ត​ស្រឡាញ់​ខ្លួន​។

​សកម្មភាព​ចាប់ជំរិត​ក្លែងក្លាយ បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជន​ចាប់​ជម្រិត​ក្លែងក្លាយ បាន​យក​កាំភ្លើង​ភ្ជង់​គ្រូបង្រៀន និង​សិស្ស​របស់ខ្លួន ហើយ​នាំទៅ​កាន់​រូង​មួយ​ដ៏​ជ្រៅ​។ មិន​ដល់​២៤​ម៉ោង គ្រូបង្រៀន​រូបនោះ រក​មធ្យោបាយ​ចេញពី​រូង​នោះ បាន​ដោយ​ជោគជ័យ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គម្រោង​នោះ បាន​បែកធ្លាយ បន្ទាប់ពី​ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ម្នាក់ ហើយ​ជនសង្ស័យ​នោះ បាន​ឆ្លើយ​ដាក់​គូកន​របស់ខ្លួន​ម្នាក់ទៀត ដោយ​រៀបរាប់​គ្មាន​សល់​ទាក់ទង​នឹង​ផែនការ​ចាប់ជំរិត​ក្លែងក្លាយ​។​

​ខណៈដែល​គ្រូបង្រៀន និង​អ្នកស៊ីឈ្នួល ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ សិស្សស្រី​ដែល​រងគ្រោះ កំពុងស្ថិត​ក្រោម​ការយ​ក​ចិត្ត​ទុកដាក់​ពី​ពេទ្យ​ចិត្តសាស្ត្រ​ផងដែរ ដោយសារតែ​នាង​មានការ​វិលវល់​អារម្មណ៍​យ៉ាងខ្លាំង ក្រោយ​ព្រឹត្តិការណ៍​ចាប់ជំរិត​៕


© រក្សាសិទ្ធិដោយ thmeythmey.com