ជាតិ
សេដ្ឋកិច្ច
ពង្រីក​ព្រលានយន្តហោះ​ក្រុងព្រះសីហនុ​ដើម្បី​ត្រៀម​ទទួល​អ្នកដំណើរ​បាន​៥​សែន​នាក់​
27, Dec 2016 , 12:45 pm        
រូបភាព
ប្រភពរូបភាព៖ Cambodia Airports
ប្រភពរូបភាព៖ Cambodia Airports
 
 
​ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ (Cambodia Airports) បាន​បើក​ការដ្ឋាន​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​វត្តមាន​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ព្រលានយន្តហោះ​អន្តរជាតិ​របស់​កម្ពុជា​ដែលមាន​តម្លៃ​២​ពាន់​លាន​ដុល្លារ រហូតដល់​ឆ្នាំ​២០៤០​។​

 
​ក្រុមហ៊ុន Cambodia Airports បានចាប់ផ្តើម​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅ​រមណីយដ្ឋាន​មាត់សមុទ្រ​នៅក្នុង​ខេត្ត​នេះ​។ ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​ការ​អាកាស​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដែលមាន​ចំនួន​១០​ម៉ឺន​នាក់​ហើយ​នៅក្នុង​ខែតុលា ត្រូវបាន​គេ​រំពឹងថា នឹង​កើន​ដល់​១៥​ម៉ឺន​នាក់ នៅ​ចុងឆ្នាំ​២០១៦​នេះ​។​
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Cambodia Airports ការដ្ឋាន​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នឹង​អាច​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការពង្រីក​ស្ថានីយ៍​អ្នកដំណើរ ត្រូវបាន​ធ្វើឡើង​ដើម្បី​អាច​ទទួល​អ្នកដំណើរ​បា​ន​៥០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ ការដ្ឋាន​ទាំងនោះ​រួមមាន​៖ ការបង្កើន​ហាង​ទំនិញ អាហា​រដ្ឋា​ន និង​សេវា​ផ្សេង ការសាងសង់​ផ្លូវ​រត់​ថ្មី​របស់​យន្តហោះ ដើម្បី​អាច​ទទួល​យន្តហោះ​ធុន​ធំ និង​ការពង្រីក​ផ្លូវ​រត់​បច្ចុប្បន្ន​»​។​
  
 
​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ដែល​បាន​ធ្វើជា​អធិបតី​នៅក្នុង​ការសម្ពោធ​បើក​ការដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​២៤​ធ្នូ​នោះ បានបង្ហាញ​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​គម្រោង​ពង្រីក​ស្ថានីយ៍​អ្នកដំណើរ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នេះ​។ 
 
«​វា​គ្មាន​ភាពចាំបាច់​ក្នុងការ​សាងសង់​ពង្រីក​បន្ថែម​ស្ថានីយ៍​អ្នកដំណើរ​នេះ​ទេ ប្រសិនបើ​គ្មាន​កំណើន​ទេសចរ​យ៉ាង​ខ្លាំងក្លា​នោះ​។ យើង​ពិត​ជាមាន​មោទនភាព​ជាមួយនឹង​ការ​កើន​នៃ​ចំនួន​ទេសចរ​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក សុខ អាន រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ក្នង​ពិធី ដោយ​លោក​បញ្ជាក់​បន្ថែមថា ក្នុង​ឆ្នាំ​២០១៥ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​របស់​កម្ពុជា ទទួលបាន​អ្នកដំណើរ​សរុប​ប្រមាណ​៦​លាន​៥​សែន​នាក់ ដោយមាន​កំណើន​៣០០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៥ ដែល​ពេលនោះ​មាន​ចំនួន​តែ​២​លាន​១​សែន​នាក់​។ គួររម្លឹកថា កម្ពុជា​បាន​ស្គាល់​កំណើន​ទេសចរ​បរទេស​ជា​រៀងរាល់​។ នៅ​ឆ្នាំ​២០១៥ ទេសចរ​បរទេស​ចំនួន​៤​លាន​៧​សែន​នាក់​បានមក​ទស្សនា​កម្ពុ​ជា ដែល​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​បានរួម​ចំណែក​១៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​។ រដ្ឋាភិបាល​រំពឹងថា កម្ពុជា​នឹង​អាច​ទទួល​ទេសចរ​បរទេស​ពី​៧​ទៅ​៨​លាន​នាក់​នៅ​ឆ្នាំ​២០២០៕
 



Tag:
 ព្រលានយន្តហោះ​
  ក្រុងព្រះសីហនុ​
  Vinci
  Cambodia airport
© រក្សាសិទ្ធិដោយ thmeythmey.com