អន្តរជាតិ
រុស្សី​កាន់​មរណៈទុក្ខ​បន្ទាប់ពី​យន្តហោះ​បាន​ធ្លាក់​និង​ស៊ើបអង្កេត​រក​មូលហេតុ
28, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​នៅ​ថ្ងៃ​ចន្ទ​នេះ ពួក​មន្ត្រី​រុស្សី​បានប្រកាស​អំពី​ការ​កាន់​មរណទុក្ខ​ជាតិ​មួយថ្ងៃ​ហើយ​បាន​និយាយថា​ពួកគេ​កំពុង​ស៊ើបអង្កេត​អំពី​មូលហេតុ​ទាំងអស់​ដោយមាន​រួមបញ្ចូល​ការវាយប្រហារ​ភេរវកម្ម​ផង ដែល​បាន​បណ្តាលឱ្យមាន​ការធ្លាក់​យន្តហោះ​យោធា​ដឹក​អ្នកដំណើរ​រុស្សី​មួយគ្រឿង​ដែលនាំឱ្យ​មនុស្ស​ទាំងអស់​៩២​នាក់​ក្នុងនោះ​ស្លាប់​ទាំងអស់គ្នា​។​



​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក Maxim Sokolov រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​រុស្សី​បាន​និយាយថា​ការធ្លាក់​យន្តហោះ​នេះ​កាលពី​ថ្ងៃអាទិត្យ​ទំនងជា​បណ្តាលមកពី​កំហុស​របស់​អ្នកបើកបរ​ឬ​ដោយ​បញ្ហា​បច្ចេកទេស​។ ទោះណាជា​ពួក​មន្ត្រី​បាន​និយាយថា​ភេរវកម្ម​ប្រហែល​មិនមែនជា​បុព្វហេតុ​នៃ​គ្រោះថ្នាក់​នេះ​ក៏ដោយ ក៏​គណៈកម្មាធិការ​ស៊ើបអង្កេត​ពិសេស​មួយ​នៃ​ប្រទេស​រុស្សី​បាន​បើក​ការស៊ើបអង្កេត​អំពី​ឧក្រិដ្ឋកម្ម​អំពី​ការធ្លាក់​យន្តហោះ​នេះហើយ​។ លោក​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​រុស្សី​បាន​និយាយប្រាប់​ពួក​អ្នកកាសែត​នៅក្នុង​ក្រុង Sochi នា​ផ្នែក​ខាងត្បូង​នៃ​ប្រទេស​រុស្សី​ថា «​វិសាល​គម​ទាំងមូល​និង​លទ្ធភាព​នៃ​បុព្វហេតុ​សឹងតែ​ទាំងអស់​...​កំពុង​ត្រូវ​ស៊ើបអង្កេត ក៏ប៉ុន្តែ​ជាការ​ឆាប់រហ័ស​ពេក​ក្នុងការ​និយាយថា​ការណ៍​នេះ «​ជា​ភេរវកម្ម​» នោះ​។ យន្តហោះ​នេះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ​ពីរ​នាទី​ក្រោយពី​បាន​ហោះ​ចេញពី​ចំណត​យន្តហោះ​ក្រុង Sochi នៅពេល​មាន​អាកាសធាតុ​ល្អ​បណ្តាលឱ្យ​ពួក​យានិក​៨​នាក់​និង​អ្នកដំណើរ​៨៤​នាក់​ស្លាប់​

​ទាំងអស់គ្នា ដោយមាន​រួមបញ្ចូល​ទាំង​សមាជិក​រាប់សិប​នាក់​នៃ​ក្រុម​អ្នកចម្រៀង​រួម​ដ៏​ល្បីល្បាញ​ឈ្មោះ Alexandrov Ensemble ដែល​គេ​ស្គាល់​នៅ​ទូទាំង​ពិភពលោក​ថា​ក្រុម​អ្នកចម្រៀង​រួម​នៃ​កងទ័ព​ក្រហម​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com