ជាតិ
ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង ផ្ញើ​សារ​អបអរ​ឪពុក​ដែល​ក្លាយជា​ឯកអគ្គរាជ​ទូត​ខ្មែរ​នៅ​ថៃ​
29, Dec 2016 , 12:43 pm        
រូបភាព
លោក ឡុង ឌីម៉ង់ នៅខាងឆ្វេង រីឯលោក ឡុង វីសាលោ នៅខាងស្ដាំ
លោក ឡុង ឌីម៉ង់ នៅខាងឆ្វេង រីឯលោក ឡុង វីសាលោ នៅខាងស្ដាំ
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ខ្មែ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡុង ឌី​ម៉​ង់ ផ្ញើ​សារ​សាទរ​ឪពុក​ខ្លួន​លោក ឡុង វិ​សា​លោ ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​។​


«​ឥឡូវ​យើង​ជា​សហការី​គ្នា​ហើយ ប៉ុន្តែ​ជាស​ហការី​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​សូម​គោរព​ក្រោម​ជើង​របស់​ពុក​»​។ នេះ​ជា​សំណេរ​អម​ជាមួយ​រូបថត​ពីរ​នាក់​ឪពុក​កូន ដែល​លោក ឡុង ឌី​ម៉​ង់ កំពុង​បំពេញ​តួនាទី​នៅ​កូរ៉េខាងត្បូង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូម​ជូនពរ​លោកឪពុក​ជាទីគោរព​និង​ស្រលាញ់​ស្មើជីវិត ដែល​ស្ទើរ​មួយជីវិត​របស់គាត់​បា​ន​លះបង់​សេចក្តីសុខ​ដើម្បី​ជាតិ ប្រជាជន និង​ពូន​ជ្រុំ​លើក​កិត្តិយស​គ្រួសារ​មួយ​ឲ្យ​ថ្លៃថ្នូរ​ក្នុងសង្គម​…​។ សង្ឃឹមថា​ពុក​នឹង​រីករាយ​បំពេញ​កិច្ចការ​ចុងក្រោយ​នៃ​ជីវិត​ការងារ​ដើម្បី​ឧ​ត្ត​ម​ប្រ​យោ​ជ​ន៏​ជាតិ​និង​ប្រជាជន​យើង​»​។​
 
​ទន្ទឹមគ្នា​នេះដែរ​ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​រូបនេះ បានលើកឡើង​ពី​ដំបូន្មាន​លោក ឡុង វិ​សា​លោ ដែល​តែងតែ​បណ្ដុះបណ្ដាល និង​ណែនាំ​ឲ្យ​ខ្លួន​ចេះ​តស៊ូ និង​អត់ធ្មត់​ក្នុង​ការងារ​ដើម្បី​បម្រើ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ​។ «​ខ្ញុំ​តែងតែ​យកដំបូន្មាន​ពុក​ជា​មេរៀន​គូសវៀស​លើ​មាគ៌ា​ជីវិត​ជាប់​ជានិច្ច​។ ខ្ញុំ​គ្មាន​ថ្ងៃនេះ​ទេ​បើ​មិនមាន​ឈាម​និង​ញើស​របស់គាត់​...​កូន​ស្រលាញ់​ពុក​ណាស់»​។ នេះ​ជា​សំណេរ​របស់លោក ឡុង ឌី​ម៉​ង់​។​
 
​ព្រះមហាក្សត្រ​តែងតាំង​មុខតំណែង​លោក ឡុង វិ​សា​លោ បច្ចុប្បន្ន​រដ្ឋលេខាធិកា​រ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​។ លោក ឡុង វិ​សា​លោ ត្រូវ​ឡើងកាន់តំណែង​ជំនួស​អ្នកស្រី អ៊ា​ត សោភា ដែលជា​ឯកអគ្គរាជទូត​ប្រចាំ​ថៃ​បច្ចុប្បន្ន​៕

Tag:
 ឡុង ឌី​ម៉​ង់​
 ​ ឡុង វិ​សា​លោ​
© រក្សាសិទ្ធិដោយ thmeythmey.com