ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ដែនដី លោក ជា សុផារ៉ា សន្យា​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ចប់​នៅ​ឆ្នាំ​២០១៧
01, Jan 2017 , 8:00 am        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី នគរោបនីយកម្ម និង​សំណង់
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី នគរោបនីយកម្ម និង​សំណង់
ដោយ:
ភ្នំពេញ​៖ ថ្វីបើ​វិវាទ​ដីធ្លី​ត្រូវបាន​ដោះស្រាយបាន​ច្រើន​ករណី​រួចមកហើយ​ក្នុង​ឆ្នាំ​២០១៦​ក្តី វា​នឹង​នៅតែ​បន្ត​ជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ធំៗ​មួយចំនួន​ដែល លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និយាយថា​បានកំណត់​ក្នុង​ផែនការ សម្រាប់​ការរៀបចំ​ដែនដី ឲ្យ​កាន់តែ​ប្រសើរ​នៅក្នុង​ឆ្នាំ​២០១៧ ។​

 
​លោក ជា សុផារ៉ា និយាយថា ចាប់តាំងពី​ពេលដែល​លោក ត្រូវបាន​ផ្លាស់​មកកាន់​ដំណែង​បច្ចុប្បន្ននេះ​ក្រសួង​របស់លោក​បានរ​ក​ដំណោះស្រាយ​បាន​ច្រើន​លើសលុប​ដល់​វិវាទ​ដីធ្លី ៧០០០​ករណី គឺ​នៅសល់តែ ៧០០​ករណី​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់​សម្រាប់​លៃលក​ជាមួយ​នៅ​ឆ្នាំ​ខាងមុខ​។ 
 
​លោក​រដ្ឋមន្ត្រី​រូបនេះ​និយាយថា ចំណុច​អាទិភាព​បួន​ទៀត​ដែល​ក្រសួង​នឹង​បន្ត​យកចិត្តទុកដាក់​ធ្វើ​នោះ​មាន ការចុះបញ្ជី​ដីធ្លី ការគ្រប់គ្រង​និង​សុវត្ថិភាព​សំណង់ ការពង្រឹង​សមត្ថភាព​មន្ត្រី​ក្នុង​ក្រសួង រៀបចំ​ផែនការ​នគរូបនីយកម្ម និង​ការរៀបចំ​ឆ្នេរសមុទ្រ​។ 
 
​លោក​រដ្ឋមន្ត្រី​និយាយ​បញ្ជាក់ថា ករណី​ការចុះបញ្ជី​ដីធ្លី​និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​សម្រេច​រួចហើយ មុន​ដែល​លោក​ត្រូវបាន​ផ្ទេរ​ចូលកាន់​ដំណែង​នៅ​ក្រសួង​ដែនដី​នៅ​ដើមឆ្នាំ ខែមេសា ឆ្នាំ ២០១៦​។​
 
​លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងនោះ​ក្រសួង​បានផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​យោធិន​ចំនួន ១៦០០​ផ្ទះ និង​បណ្ណ​កម្មសិទ្ធិ​ចំនួន ៤ ពាន់​បណ្ណ ហើយ​ក្រសួង​ត្រៀម​ដី​ពី ២​ម៉ឺន​៧​ពាន់​ហិកតា ក្នុង​ខេត្ត ១៣ សម្រាប់ ពួកគេ​ទៀត​។ លើសពីនេះ​ទៀត លោក ជា សុផារ៉ា និយាយថា ក្រុមការងារ​ចំនួន ២៧ ក្រុម ត្រូវបាន​បង្កើតឡើង​ដើម្បី​ចុះ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី ដែល​កើតឡើង​ទូទាំងប្រទេស​ផងដែរ​។​
 
​បន្ថែម​លើ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី ខេត្ត ទប់ស្កាត់ និង​រុះរើ​សំណង់​ខុសច្បាប់ ដែល​សាងសង់​រំលោភ​លើដី​សាធារណៈ នៅ​ទូទាំងប្រទេស​។​
 
​លោក​ទេសរដ្ឋមន្ត្រី​រូបនេះ ធ្លាប់បាន​បញ្ចេញ​សារ​យ៉ាង​ម៉ឺងម៉ាត់​នេះ ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែលជា​ស្រុកកំណើត​របស់លោក ក្នុងឱកាស​ដែល​លោក​ចូលរួម​សម្ពោធ​សមិទ្ធិផល​នានា​នៅក្នុង​វត្ត​ចម្ការ​ម្លូ​ដែរ​ថា​៖«​ឱកាស សម្រាប់​អ្នក​ដែល​រំលោភ​ដី​គេ គឺ​ចប់​ហើយ​។ កុំ​សង្ឃឹមថា មក​សូក​ខ្ញុំ ហើយ​ធ្វើ​ប្លង់ យក​ដី​ពី​ប្រជាជន​»​។​
 
​ក្រោយ​ការព្រមាន​ក្រុម​អ្នក​ដែល​តែង​ឃុបឃិត បន្លំ​យក​ដីធ្លី​ប្រជាជន​យ៉ាង​ដាច់​ណាត់​នោះ លោក ជា សុផារ៉ា បាន​សង្កេតឃើញថា ករណី​មន្ត្រី​ដែល​ឃុបឃិត​ក្នុងការ​កេងប្រវ័ញ្ច​យក​ដី​ពលរដ្ឋ​ថយចុះ​យ៉ាងច្រើន​។​
 
​លោក​រដ្ឋមន្ត្រី  ក៏បាន​សន្យា​ដែរ​ថា​នឹងធ្វើ​ការសើរើ​សំណុំ រឿង​ដីធ្លី​របស់​ជនរងគ្រោះ​នៅ​សេសសល់ ដើម្បី​បញ្ចប់​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​។ លោក​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​មក​ធ្វើការ​នៅទីនេះ មន្ត្រី និង​ពលរដ្ឋ​គាំទ្រ​ការងារ​របស់ខ្ញុំ ដូចនេះ​ខ្ញុំ​ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​វិញ​»៕

Tag:
 ​ជា សុផារ៉ា​
  ដែនដី​
© រក្សាសិទ្ធិដោយ thmeythmey.com