អន្តរជាតិ
កាលពី​​ឆ្នាំ​២០១៦៖ អឺរ៉ុប​រង្គោះរង្គើ​ដោយសារ​ព្រឹត្តិការណ៍ Brexit
01, Jan 2017 , 4:00 pm        
រូបភាព
​ក្រោយ​រង​ព្យុះភ្លៀង​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ មក​នោះ សហភាព​អឺរ៉ុប​ក៏​រង​នូវ​បញ្ហា​ដ៏​ធំ​មួយទៀត គឺ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស ដែលជា​ស្ថាបនិក​ស្នូល​។ លទ្ធផល​បោះឆ្នោត​ប្រជាមតិ​នៅ​ចក្រភព​អង់គ្លេស​ថ្ងៃទី​២៣ ខែមិថុនា ធ្វើ​ឲ្យ​តំបន់​មួយ​នេះ​រង្គោះរង្គើ​យ៉ាងខ្លាំង ដ្បិត​ការចាកចេញ​របស់​អង់គ្លេស ជា​រឿង​ស្មាន​មិន​ដល់ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។ ពេលនេះ ជំហាន​នៅសល់ គឺ​ការចរចា​ដើម្បី​ចាកចេញ​ផ្លូវការ​ប៉ុណ្ណោះ​។​

 
​ពិតណាស់ថា ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស នឹង​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប​ទាំង​បញ្ហា​សន្តិសុខ វិស័យសេដ្ឋកិច្ច និង​នយោបាយ​។ មេដឹកនាំ​អឺរ៉ុប​ដឹង​យ៉ាងច្បាស់​ថា ការបាត់បង់​អង់គ្លេស​មិនមែនជា​រឿង​ល្អ​សម្រាប់​តំបន់​នោះទេ ខណៈដែល​អឺរ៉ុប​ទាំងមូល​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដូចជា ជនភៀសខ្លួន វិបត្តិ​បំណុល​ក្រិច និង​ការធ្លាក់ចុះ​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្សី​ជាដើម​។​
 
​ព្រឹត្តិការណ៍​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ គឺជា​រឿង​ដែល​មនុស្ស​ភាគច្រើន​មិន​ចង់​ឲ្យ​កើតមាន​ឡើយ​។ ជា​រឿង​ចៀស​មិន​ផុត ពលរដ្ឋ​ចក្រភព​អង់គ្លេស បានសម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ក្នុងចំណោម​អ្នក​ដែល​ទៅ​បោះឆ្នោត​សរុប​មាន​ចំនួន​៧១.៩​ភាគរយ នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប ដោយ​អ្នកបោះឆ្នោត​ចំនួន​៥១.៩​ភាគរយ បាន​បោះឆ្នោត​ចាក​ចេញពី​តំបន់​អឺរ៉ុប ខណៈ​ពលរដ្ឋ​ចំនួន​៤៩.១​ភាគរយ បោះឆ្នោត​បន្ត​ជា​សមាជិក​អឺរ៉ុប​។​
 
​ជាមួយនឹង​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​សម្រាប់​ការចាកចេញ​នេះ ចក្រភព​អង់គ្លេស នឹង​ក្លាយជា​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ទីមួយ ដែល​ចាក​ចេញពី​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ​មកនេះ​។ សមាជិក​សំខាន់ៗ​ដូចជា​បារាំង និង​អាល្លឺម៉ង់​ជាដើម​ព្រួយបារម្ភ​ថា ការចាកចេញ​នេះ នឹង​ក្លាយជា​គម្រូ​សម្រាប់​ប្រទេស​ដទៃទៀត ដែល​ចង់​ចាក​ចេញពី​អឺរ៉ុប​ដែរ ប៉ុន្តែ​សហភាព​អឺរ៉ុប ក៏​មិន​ចេះតែ​ចេញ ឬ​ចូល​ស្រួល​នោះដែរ​។​
 
​ថ្វីត្បិតតែ​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ភាគច្រើន បោះឆ្នោត​គាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​មិន​មានន័យថា ចក្រភព​អង់គ្លេស លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​នោះទេ​។ នៅ​ដំណាក់កាល​នេះ ចក្រភព​អង់គ្លេស នឹង​នៅតែ​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​ដដែល​។ ជំហាន​បន្ទាប់​នោះ គឺ​ចក្រ​ភ​ភព​អង់គ្លេស នឹង​ជូនដំណឹង​ទៅ​អឺរ៉ុប​ពី​ការចាកចេញ​របស់ខ្លួន ស្របតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ។ 
 
​តាម​សន្ធិសញ្ញា​នេះ ទាំង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ត្រូវ​ចរចា​គ្នា ជាមុនសិន ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ​ដែល​នាំ​ដល់​ការចាកចេញ​នេះ​។ យ៉ាងណាមិញ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង ត្រូវបាន​សម្រេច​ទេនោះ គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​ពីរ​ឆ្នាំ​ទៅមុខ ទើប​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ផ្សេងៗ របស់​អឺរ៉ុប អស់​សុពលភាព​អនុវត្ត​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​តទៅទៀត​។ មកទល់ពេលនេះ នាយករដ្ឋមន្ត្រី Theresa May មិនទាន់​ចាប់ផ្ដើម​ការចរចា​នៅឡើយ ហើយ​គេ​ក៏​មិនដឹងថា ដំណើរ​ការចរចា​ដែល​កំណត់ដោយ​សន្ធិសញ្ញា Lisbon នឹង​បញ្ចប់​ដោយ​របៀប​ម៉េច​ដែរ​៕ 

Tag:
 អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com