អន្តរជាតិ
បន្ទាប់ពី Pearl Harbor លោក​អា​បេ គួរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនជាតិ​ចិន​នៅ​ណាន​ជី​ង​?
01, Jan 2017 , 5:30 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ទើបតែ​ទៅកាន់​មូលដ្ឋាន Pearl Harbor ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​អាមេរិក​ជាង​២​ពាន់​នាក់ ដែល​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​ដោយ​មិន​ប្រាប់​មុន​ពី​សំណាក់​ទាហាន​ជប៉ុន កាលពី​៧៥​ឆ្នាំមុន​។ ទស្សនកិច្ច​នេះ ជាការ​ផ្សះផ្សា​របួស​ចាស់​រវាង​អតីត​គូសត្រូវ​ទាំង​២ ។ ទស្សនកិច្ច​របស់លោក អា​បេ លើក​នេះ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ឧក្រិដ្ឋកម្ម​នៅ​ណាន​ជី​ង ដែល​បានសម្លាប់​ប្រជាជន​ចិន​រាប់សែន​នាក់​ក្នុង​ឆ្នាំ​១៩៣១ ។ តើ​លោក​គួរតែ​ទៅ​ក្រុង​ណាន​ជី​ង ដើម្បី​ផ្សះផ្សា​របួស​ក្នុង​ចិត្ត​ជនជាតិ​ចិន​ដែរ​ឬ​យ៉ាងណា​?

 
​លោក ស៊ីន​ហ្សូ អា​បេ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​រួមជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​នៅ​មូលដ្ឋាន Pearl Harbor នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ១៩៤១ មុន​សង្គ្រាមលោកលើកទី​២​ចាប់ផ្តើម​។  
 
​លោក​ក្លាយជា​មេដឹកនាំ​ជប៉ុន​ទី​១ ដែល​ធ្វើ​ទស្សនកិច្ច​ទៅកាន់ Pearl Harbor ក្នុង​រយៈពេល ៧៥ ឆ្នាំ ក្រោយ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នេះ​។ គេ​ដឹង​ច្បាស់​ថា ការអញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់លោក ស៊ីន​ហ្សូ អា​បេ ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ប្រជាជន​ជប៉ុន​ដែល​ស្លាប់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដោយសារ​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់​អាមេរិក​ដែរ​។​
 
​ដោយសារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ក៏​មិន​សុំ​អភ័យទោស​ចំពោះ​ការវាយប្រហារ​របស់​ក​ង​ទ័ព​ជប៉ុន​នៅ​មូលដ្ឋានទ័ព​អាមេរិក​នេះឡើយ ថ្វីបើ​លោក​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នកស្លាប់​ក្តី​។ នៅ​ចំពោះមុខ​លោក​អូ​បា​ម៉ា លោកនាយក​រដ្ឋមន្ត្រី គ្រាន់តែ​ប្រកាសថា ជប៉ុន​នឹងមិន​ធ្វើសង្គ្រាម​ទៀតឡើយ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ជប៉ុន ហាក់​ញាប់​ដៃជើង​ក្នុងការ​ប៉ះប៉ូវ​កំហុសឆ្គង​ប្រវត្តិសាស្ត្រ​ដែល​ខ្លួន​បាន​សាង​អំឡុង​សម័យ​សង្គ្រាម​។ ជប៉ុន​បានសម្រេច​ចិត្ត​ផ្ដល់ប្រាក់​សំណង​ជាច្រើន​លាន​ដុល្លារ​ដល់​ស្ត្រី​មកពី​ហ្វីលីពីន និង​កូរ៉េខាងត្បូង ដែល​រងគ្រោះ​ដោយសារ​ការចាប់​បង្ខំ​ឲ្យ​ធ្វើជា​ស្ត្រី​បម្រើ​ផ្លូវភេទ​។ ការផ្ដល់​សំណង​ហិរញ្ញវត្ថុ​នេះ បាន​សម្រួល​ទំនាក់ទំនង​រវាង​ជប៉ុន និង​អតីត​គូសត្រូវ​របស់ខ្លួន​បាន​មួយកម្រិត​ដែរ​។​
 
​សំណង​ក៏​ផ្ដល់​ឲ្យ​អតីត​ស្ត្រី​បម្រើ​ផ្លូវភេទ​រួចហើយ ឯ​វិញ្ញាណក្ខន្ធ​ទ័ព​អាមេរិក ក៏ត្រូវ​បាន​គោរព​រួច​ដែរ នៅឡើយ​តែ​បញ្ហា​ប្រវត្តិសាស្ត្រ​ជាមួយ​ចិន ដែល​មិនទាន់មាន​ច្រកចេញ​។ ការសម្លាប់​រង្គាល​ប្រជាជន​ចិន​នៅ​ទីក្រុង​ណាន​ជី​ង​នៅ​ឆ្នាំ​១៩៣៧ ដោយ​ទាហាន​ចក្រពត្តិ​ជប៉ុន គឺជា​មូល​ហេតុដែល​ចិន​មិន​ទុកចិត្ត​ជប៉ុន​។ ប្រជាជន​ចិន​រាប់សែន​នាក់ ត្រូវបាន​កងទ័ព​ជប៉ុន​សម្លាប់​ដោយ​គ្មាន​ប្រណី មិន​ថា​ស្ត្រី កុមារ ឬ​មនុស្ស​ចាស់​អ្វី​ឡើយ​។​
 
​ជាការ​ពិត បញ្ហា​ប៉ះពាល់​ខ្លាំង​ដល់​ការកសាង​ទំនុកចិត្ត​ឡើងវិញ​រវាង​មហាអំណាច​ទាំងពីរ​នេះ ដ្បិត​ចិន​នៅតែ​សង្ស័យ​ជប៉ុន ជាពិសេស​គំនិត​ជាតិនិយម​របស់​ថ្នាក់ដឹកនាំ​ជប៉ុន ដែល​ព្យាយាម​បំបាត់​អតីតកាល​ដ៏​អាក្រក់​នេះ​។ ប៉ុន្តែ ចិន​មិនទាន់​ទទួល​ការ​ប៉ះប៉ូវ​គួរ​ឲ្យ​កត់សម្គាល់​ណាមួយ ដូចជា​អាមេរិក ឬ​កូរ៉េខាងត្បូង​ឡើយ​។ រឿងនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ស្ថិត​លើ​ដំណើរ​ផ្លូវរ​ប៉ាក់រ​ប៉ើ​ក​។ 
 
​វា​ជា​រឿង​ល្អប្រសើរ​មួយ​ដែរ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ អាច​ទៅកាន់​ក្រុង​ណាន​ជី​ង​នោះ​ដើម្បី​ជាការ​ផ្សះផ្សា​របួស​ប្រជាជន​ចិន ខណៈ​ចិន​ឯណោះ ក៏​ធ្លាប់​ស្នើ​ឲ្យ​លោក​ធ្វើដំណើរ​មក​ដែរ​។ កាលពី​ថ្ងៃទី ៧ ខែធ្នូ អ្នក​ពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា ប្រសិនបើ​ភាគី​ជប៉ុន ពិតជា​មានបំណង​មក​គោរព​វិញ្ញាណក្ខន្ធ​មែន ចិន​មាន​កន្លែង​ជាច្រើន​សម្រាប់​ទទួល​ស្វាគមន៍​។​
 
​លោក Zhao Quansheng ជា​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​អាមេរិក ក៏បាន​ស្នើ​ឲ្យ​លោក អា​បេ ទៅ​បង្ហាញ​សមានចិត្ត​ចំពោះ​ជនរងគ្រោះ​នៃ​ការសម្លាប់​រង្គាល​នៅ​ណាន​ជី​ង​ដែរ​។ ឆ្លើយ​នឹង​សំណួរ​ថា លោក​អា​បេ នឹង​ទៅ​នៅពេលណា សាស្ត្រាចារ្យ​រូបនេះ​បញ្ជាក់ថា​៖ «​យូរ ឬ​ឆាប់ លោក​នឹង​ទៅ ប៉ុន្តែ​មិនមែន​ពេលនេះ​ឡើយ​»​។ នេះ​ក៏​ព្រោះតែ​ចិន និង​ជប៉ុន មាន​ខ្វែងគំនិត​គ្នា​ខ្លាំង​លើ​ជម្លោះ​អធិបតេយ្យ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​នៅឡើយ​។​
 
​លោក Zhao Quansheng សង្កត់ធ្ងន់ថា បើ​លោក​អា​បេ អាច​កាន់តំណែង​ដល់​ឆ្នាំ​២០២១ នោះ លោក​ទំនងជា​បន្សល់ទុក​នូវ​ការចងចាំ​ដ៏​កត់សម្គាល់​មួយ​ដូច​ទស្សនកិច្ច​នៅ Pearl Harbor មិន​ខាន​។ កន្លងមក នាយករដ្ឋមន្ត្រី អា​បេ ក៏​បង្ហាញ​ការគោរព​ចំពោះ​ជនរងគ្រោះ​ខ្លះ​ដែរ​។ ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល លោក​មិនដែល​ទៅកាន់​វិហារ Yashukuni ដែល​ជាទី​តម្កល់​ឈ្មោះ​ទាហាន​ជប៉ុន​សម័យ​សង្គ្រាម​ឡើយ​។ 
 
​យ៉ាងណាមិញ ដូច​ការអះអាង​របស់​លោក Zhao Quansheng នាយករដ្ឋមន្ត្រី​អា​បេ មិនទាន់​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​ណាន​ជី​ង​នោះទេ​។ សម្ពាធ​ក្នុងស្រុក​របស់​អ្នក​ជាតិនិយម​ជប៉ុន គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​លោក អា​បេ ។ ម្យ៉ាងទៀត ការ​ទៅកាន់​ក្រុង​ណាន​ជី​ង ប្រៀបដូចជា​ការទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​របស់​ទាហាន​ជប៉ុន​ដូច្នោះ​ដែរ​៕     

Tag:
 ចិន​
  ជប៉ុន​
  ណាន​ជី​ង​
  សង្គ្រាមលោកលើកទី​២
© រក្សាសិទ្ធិដោយ thmeythmey.com