ជាតិ
ការស្រាវជ្រាវ និង​របកគំហើញ​ថ្មីៗ​ក្នុង​តំបន់​អង្គរ នៅ​ឆ្នាំ ២០១៦
30, Dec 2016 , 10:30 pm        
រូបភាព
 
​សៀមរាប​៖ មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺជា​មជ្ឈមណ្ឌល​ដែល​ផ្តោតលើ​ការងារ​ស្រាវជ្រាវ​នានា​ក្នុង​តំបន់​អង្គរ​។ បច្ចុប្បន្ន​គម្រោង​ស្រាវជ្រាវ គឺមាន​ទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ និង​គម្រោង​ស្រាវជ្រាវ​ផ្ទាល់ ដែល​ប្រើ​ធនធាន​ខ្មែរ​សុទ្ធសាធ​។ តើ​គម្រោង​ទាំងនោះ​មាន​អ្វីខ្លះ ហើយ​ប្រទេស​ណា​បាន​ចូលរួម​ក្នុង​ការងារ​ស្រាវជ្រាវ​ទាំងនេះ​?


​ក្នុង​បទ​សម្ភាស​ជាមួយ​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​បាន​ពន្យល់​ជាច្រើន​លើ​ការងារ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៦ ។ គម្រោង​ទាំងនោះ​មួយចំនួនធំ​ជាការ​ស្រាវជ្រាវ​លក្ខណៈ​កិច្ចសហប្រតិបត្តិការ និង​ខ្លះ​ជាការ​ងារ​ចុះ​ស្រាវជ្រាវ​ផ្ទាល់ ដែល​ប្រើ​ធនធាន​ជាតិ​។​
 
​គម្រោង​ដែលជា​កិច្ចសហប្រតិបត្តិការ ក្នុងនោះ​រួមមាន គម្រោង​រៀបចំ​នគរូបនីយកម្ម ការរៀបចំ​ទឹកដី និង​ការប្រែប្រួល​អាកាសធាតុ ដែល​ការងារ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើ​ជាមួយ​ខាង​សាកលវិទ្យាល័យ ស៊ីដនី របស់​អូស្ត្រាលី​។ គម្រោងការ​រៀបចំ​ដែនដី​ប្រាសាទ​នៅ​សម័យអង្គរ ការស្រាវជ្រាវ​នៅ​ធ្វើជា​បន្តបន្ទាប់ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ភាគី​បារាំង​។ ការស្រាវជ្រាវ​នេះ​អាច​ឲ្យ​គេ​ដឹងថា ប្រាសាទ​ក្នុ​តំបន់​អង្គរ​ទាំងអស់ មិនមែន​សុទ្ធតែ​បាន​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​៩​នោះទេ អាចមាន​មុន​ប្រហែល​២០០​ឆ្នាំ​។​
 
​គម្រោង​បន្ទាប់ គឺ​ការសិក្សា​លើ​កុលាលភាជន៍ និង​គម្រោង​សិក្សា​ពី​រោង​សិត​សំរឹទ្ធ ដែល​សហការ​ជាមួយ​អូស្ត្រាលី និង​សាលា​បារាំង​ចុង​បូព៌ា​។ លោក សុខ​រិទ្ធី យល់ថា គម្រោង​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​គេ​ដឹងថា ខ្មែរ​យើង​មាន​រោង​សិត​សំរិទ្ធ​នៅក្បែរ​ព្រះបរមរាជវាំង ហើយ​មាន​គុណភាព និង​បច្ចេកទេស​ធ្វើ​ល្អផ្តាច់គេ បើ​ប្រៀបធៀប​ក្នុង​តំបន់​អាស៊ី​បូព៌ា​។ និង​មួយទៀត គម្រោង​សិក្សា​ពី​វិស័យ​វប្បធម៌ ក្នុង​តំបន់​អាស៊ី​ដីគោក ដែលមាន​ការចូលរួម​ពី​ភាគី ភូមា ថៃ ខ្មែរ និង​ឡាវ​។ នេះ​ជា​គម្រោង​បន្ត​ពី​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​រវាង​ថៃ ដែល​ក្នុង​បំណង​ចង់​ស្វែងរក​វិសាលភាព​នៃ​ទំនាក់ទំនង​តំបន់​អាស៊ី​ដីគោក​។​
 
​ដោយឡែក គម្រោង​ស្រាវជ្រាវ​ផ្ទាល់​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ប្រើ​ធនធាន​ផ្ទាល់ មាន​ពីរ​ផ្នែក​ផ្សេងៗ​គ្នា​។ ផ្នែក​ទីមួយ ការស្រាវជ្រាវ​លើ​បេតិកភណ្ឌ​អរូបី ដោយ​ផ្តោតលើ​រឿង​២​សំខាន់ មាន​កិច្ច​ពិធី​ផ្សេងៗ​របស់​អ្នកស្រុក​អង្គរ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ផ្នែក​ទី​ពីរ ការស្រាវជ្រាវ​ទូទៅ ដោយ​ការងារ​នេះ​ចែកជា​៤​ផ្នែក​។ ទីមួយ ការសិក្សា​ពី​វិស័យ​លោហៈកម្ម ទី​ពីរ គម្រោង​សិក្សា​ពី​ផ្លូវ​ដឹក​ថ្ម ទី​បី គម្រោង​ស្វែងយល់​ពី​ទំនាក់ទំនង​កូន​ក្រុង​នៅ​ភ្នំ​គូ​លេន ជាមួយ​រាជធានី​អង្គរ និង​ទី​បួន ការស្រាវជ្រាវ សិក្សា​ពី​គំនូរ​លើ​ពើង​ថ្ម​នៅលើ​ភ្នំ​គូ​លេន ដែល​អាច​ឲ្យ​គេ​ដឹង​ពី​ការ​តាំងទី​របស់​មនុស្ស ការប្រែប្រួល​បទដ្ឋាន និង​សិល្បៈ​របស់​អ្នកស្រុក​ជាដើម​។​
 
​ព័ត៌មាន​លម្អិត សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ជាមួយ​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដូច​ទៅ​







Tag:
 ការស្រាវជ្រាវ​
  រមណីយដ្ឋាន​អង្គរ​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com