ជាតិ
សង្គមជាតិ
ករណី​ប៉ូលិស​ប៉ោយប៉ែត​៖ សម្តេច ស ខេង ថា អយ្យការ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ត្រឹមត្រូវ​
31, Dec 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ត្រឹមត្រូវ​។ អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាល​ថ្ងៃទី​២៧ ខែធ្នូ​កន្លងទៅនេះ​បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ប៉ូលិស​ប៉ោយប៉ែត​ឈ្មោះ ឈាន ពិសិដ្ឋ ពិតជា​ត្រូវ​ឡាន​បុក​មែន​ ។​



​សម្តេច ស ខេង បានបញ្ជាក់​បន្ថែម​មួយថ្ងៃ​ក្រោយ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ​សេចក្តីថ្លែងការណ៍​ពិនិត្យឃើញថា ករណី​ប៉ូលិស​ឈ្មោះ ឈាន ពិសិដ្ឋ មានមុខ​ងារ​ជា​នាយរង​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ពិតជា​ត្រូវ​រថយន្ត​របស់ ឈ្មោះ​ឌិន ពុ​ទ្ធី ជា​ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ  បុក​រហូតដល់​សន្លប់​ពិតមែន​។​

​សម្តេច ស ខេង បាន​ឆ្លៀតឱកាស​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធ​ការងារ​ប្រចាំ​២០១៦ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៧ របស់​សាលាខេត្ត​សៀមរាប បញ្ជាក់​តប​នឹង​សំណើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ស្នើឡើង​កាលពី​ថ្ងៃទី​២៦ ខែធ្នូ នា​វិមាន​រដ្ឋសភា ឲ្យ​បើក​ការស៊ើបអង្កេត​ករណី​ប៉ូលិស​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប៉ោយប៉ែត​ ។​

​សម្តេច​ថ្លែង​កាល​ថ្ងៃទី​២៨ ខែធ្នូ ពី​ខេត្តសៀមរាប​ដូច្នេះ​ថា​៖«​ខ្ញុំ​សូមបញ្ជាក់ថា អ្វីដែល​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានធ្វើ​នោះ គឺ​ត្រឹមត្រូវ​ហើយ​។ វា​មាន​ព្រឹត្តិការណ៍​នោះ​ពិតមែន ប៉ុន្តែ​អ្នក​និយាយ​នោះ វា​រឿង​នយោបាយ គណបក្សនយោបាយ​ចេញមុខ​អន្តរាគមន៍​»​។​

​សំឡេង​សម្តេច ស ខេង​៖



​មួយថ្ងៃ​ក្រោយពី​សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បញ្ជាក់ ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៩ ធ្នូ​នេះ បន្ថែមថា ម្ចាស់​រថយន្ត​ឈ្មោះ ឌិន ពុ​ទ្ធី មាន​ចេតនា​បើករថយន្ត​បុក​លោក ឈាន ពិសិដ្ឋ មន្ត្រី​ប៉ូលីស​នាយរង​ប៉ុស្តិ៍​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ប៉ោយប៉ែត ​

​ចំពោះ​ករណី​ប៉ូលីស​ខាងលើនេះ កំពុង​ត្រូវ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ មហាជន​មួយចំនួន បាន​ចំអក​(Troll) តាម​ហ្វេ​ស​ប៊ុ​ក ដែល​ពួកគេ​ចាត់ទុក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺជា​ទង្វើ​សម្ដែង​របស់​ប៉ូលីស ដើម្បី​ទម្លាក់កំហុស​ទៅលើ​ម្ចាស់​រថយន្ត​។ ហើយ​ខ្លះទៀត ក៏បាន​យក​គ្រោះថ្នាក់​ចរាចរណ៍​នោះ មក​ធ្វើ​ត្រាប់​ចំអក ដោយ​សម្ដែង​ជា​ដើរ​ប៉ះ​រថយន្ត ម៉ូតូ និង​កង់ ដែល​ចត​ទុកចោល​នៅ​ស្ងៀម ហើយ​ដួលសន្លប់​ដូច​ករណី​ប៉ូលីស​ខាងលើនេះ​។​

​ប៉ុន្តែ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មន្ត្រី​ប៉ូលីស​ខាងលើ ក៏បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ ដោយមាន​ស្នាម​ជាំ​ជាប់​ភ្លៅ និង​ដាក់​រណប​បំពង​ករ ហើយក៏​មាន​លិខិតបញ្ជាក់​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ផងដែរ​។ តែ​យ៉ាងណា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បង្ហោះ​រូបភាព​មន្ត្រី​ប៉ូលីស​ខាងលើ ដោយ​អម​ជាមួយ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖« រឿង​បែបនេះ គេ​សម្តែង​នៅលើ​ឆាក​នៃ​រោងល្ខោន គេ​មិន​សម្តែង​នៅ​ផ្លូវថ្នល់​ទេ​»​។​

​តែ​យ៉ាងណា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បើក​ការស៊ើបអង្កេត​លើ​ឈ្មោះ ឌិន ពុទ្ធិ ពីបទ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​រួចហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com