ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រជុំ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ នៅ​រសៀល​នេះ​
02, Jan 2017 , 1:27 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ប្រជុំ​ពិនិត្យ​ផែនការ​ប្រឆាំង​គ្រឿងញៀន នៅ​រសៀល​ថ្ងៃទី​២ ខែមករា​នេះ ក្នុង​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ជំរុញ​ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ រយៈពេល​៦​ខែ ចាប់ពី​ខែមករា ឆ្នាំ​២០១៧​តទៅ​។​



​សម្តេច ស ខេង ប្រធាន​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បានប្រកាសថា សម្តេច​នឹង​ពិនិត្យ​ការងារ​ប្រឆាំង​គ្រឿងញៀន​ជាប្រចាំ ដើម្បី​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន នៅ​កម្ពុជា​។​

​ថ្លែង​ពី​ពិធី​បូកសរុប​លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅថ្ងៃនេះ សម្តេច ស ខេង បញ្ជាក់ថា សម្តេច​នឹង​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ពី​ពេលនេះ​តទៅ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ផែន​ប្រឆាំង​គ្រឿងញៀន​លើកទីមួយ ដោយ​សម្តេច​សម្រេច​ឲ្យ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​ដឹកនាំ​ផ្ទាល់​និង​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​អនុប្រធាន​។ នេះ​បើតាម​ផែនការ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៣ ធ្នូ​នេះ ស្តីពី ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទីមួយ ទូទាំងប្រទេស រយៈពេល​៦ ខែ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ កាល​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​ថា សមត្ថកិច្ច​ត្រៀម​ចាប់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាង​៥​ពាន់​នាក់ នៅ​ទូទាំងប្រទេស ដើម្បី​នាំខ្លួន​ពួកគេ​ចូល​មណ្ឌល​កែប្រែ​បន្សាប​សារធាតុ​ញៀន​។​

​ឱកាស​នោះដែរ លោក កែ គឹមយ៉ាន បានប្រកាសថា លោក​គ្រោង​ផ្ដល់​សម្ភារ​ត្រួតពិនិត្យ​ទឹកនោម​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​ត្រួតពិនិត្យ​សិស្ស​ដែល​សង្ស័យថា​ប្រើប្រាស់​គ្រឿងញៀន  នៅតាម​សាលារៀន​ទូទាំងប្រទេស​។​
 
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី​។ ចាប់ខ្លួន​ជនសង្ស័យ​សរុប​៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តួលេខ​នៃ​ការ​សម្រង់​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​១៨,៥៥៤​នាក់ កើនឡើង​៤,២៤២​នាក់ ស្មើនឹង​២៩,៦៣​ភាគរយ ធៀប​នឹង​ពេលមុន​៕



Tag:
 ស ខេង​
  គ្រឿងញៀន​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com