អន្តរជាតិ
អាជ្ញាធរ​តួ​ក​គី កំពុង​រកមុខ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​មនុស្ស​៣៩​នាក់​ក្នុង​ក្លិប​រាត្រី​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​
02, Jan 2017 , 2:56 pm        
រូបភាព
​អាជ្ញាធរ​តួ​ក​គី កំពុង​ញាប់​ដៃជើង​ក្នុងការ​ស្វែងរក​ជន​ដៃ​ដៃ​ល់ ដែល​បាន​បាញ់សម្លាប់​មនុស្ស​៣៩​នាក់​នៅ​ក្លឹប​កំសាន្ត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នា​រាត្រី​ឆ្លង​ចូលឆ្នាំ​២០១៧​។ នេះ​ការវាយប្រហារ​លើក​ដំ​បួង​ក្នុងឆ្នាំនេះ ប៉ុន្តែ​មិនទាន់មាន​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​នៅឡើយ​ទេ ឯ​អាជ្ញាធរ​បានដាក់​សង្ស័យ​លើ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ខណៈ​ក្រុម​ឃើ​ដ​ប្រកាស​មិន​ពាក់ព័ន្ធ​សកម្មភាព​នេះឡើយ​។​



​មិនទាន់​ទាំង​ឆ្លង​ឆ្នាំ​ថ្មី​ស្រួលបួល​ផង​នោះ តួ​ក​គី​ក៏​រង​ការវាយប្រហារ​រន្ធត់​មួយ ដោយ​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​លើ​មនុស្សម្នា​ក្នុង​ក្លិប​កំសាន្ត​រាត្រី​ដ៏​កុះករ​ក្នុង​ទីក្រុង​អ៊ី​ស្តា​ន់​ប៊ុល​។ នៅពេលនេះ អាជ្ញាធរ​តួ​ក​គី កំពុង​តាម​ប្រមាញ់​ជនដៃដល់ ដែល​បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ ក្រោយ​សម្លាប់​មនុស្ស​អស់​៣៩​នាក់ និង​ជាង​៧០​នាក់​ទៀត​របួស ក្នុងនោះ​បីនាក់​របួស​ធ្ងន់ធ្ងរ​។​

​សារព័ត៌មាន Al Jazeera ផ្សាយ​ថា រដ្ឋមន្ត្រី​មហាផ្ទៃ​តួ​ក​គី Suleyman Soylu បាន​ហៅ​ការបាញ់ប្រហារ​នេះ​ជា ការសម្លាប់​រង្គាល និង​សាហាវឃោរឃៅ​អមនុស្សធម៌​។ លោក​និយាយថា ក្រុមមន្ត្រី​សន្តិសុខ កំពុងបើក​ប្រតិបត្តិ​ការស្វែងរក​ជន​ដៃដល់ ដែលមាន​អាយុ​ប្រហែល​២០​ឆ្នាំ និង​និយាយ​ភាសា​តួ​ក​គី​។ លោក​សង្ឃឹមថា ប៉ូលិស នឹង​អាច​ចាប់ខ្លួន​រូបគេ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ តាម​បំណង​ព្រះ​ជា​ម្ចាស់​។​

​ចំណែក​អាជ្ញាធរ​ក្រុង​អ៊ី​ស្តង់​ប៊ុល បាន​អះអាងថា ខ្មាន់កាំភ្លើង​ខាងលើ​បានសម្លាប់​ប៉ូលិស​ម្នាក់ និង​ជន​ស៊ីវិល​ម្នា​ក់នៅ​ខាងក្រៅ​ក្លឹប​កំសាន្ត Reina ដ៏​មាន​ប្រជាប្រិយ មុននឹង​សម្រុក​ចូលទៅ​បន្តសកម្មភាព​បាញ់រះរ​បស់​ខ្លួន​លើ​មនុស្សម្នា ដែល​កំពុង​អបអរ​ឆ្នាំ​ថ្មី​នៅក្នុង​ក្លឹប​នេះ​។ មនុស្ស​ជាច្រើន​បាន​លោត​ចូល​ទឹកទន្លេ ដើម្បី​គេចខ្លួន​ពី​ការបាញ់ប្រហារ​ដែល​ចំណាយពេល​រហូត​៧​នាទី​។​

​បើទោះជា​គ្មាន​ក្រុម​ជ្រុលនិយម​ចេញមក​ទទួលខុសត្រូវ អាជ្ញាធរ​តួ​ក​គី បានដាក់​មុខសញ្ញា​សង្ស័យ​លើ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ក្រុម​ឧទ្ទាម​ឃើ​ដ ដ្បិត​ក្រុម​ទាំងពីរ​តែង​ស្ថិត​នៅក្រោយ​ការវាយប្រហារ​ល​លើក​មុនៗ​។ យ៉ាងណាមិញ ក្រុម​ចលនា​ឃើ​ដ បានប្រកាសថា ខ្លួន​មិនមែន​នៅ​ពីក្រោយ​សកម្មភាព​នេះ​ទេ ដោយ​បញ្ជាក់ថា ខ្លួន​វាយប្រហារ​គោលដៅ​មន្ត្រី​សន្តិសុខ​តួ​ក​គី មិនមែន​ជន​ស៊ីវិល​ឡើយ​។ 

​ក្រោយ​ការវាយប្រហារ​នេះ ការិយាល័យ​នាយករដ្ឋមន្ត្រី​តួ​ក​គី ក៏​បានចេញ​ការណែនាំ​មួយ​ទៅកាន់​ក្រុម​សារព័ត៌មាន ចៀសវាង​ការផ្សាយ​ព័ត៌មាន​ដែល​បង្ក​ការភ័យខ្លាច ចលាចល និង​អសន្តិសុខ​នៅក្នុង​ប្រទេស​។ ជាមួយគ្នានេះដែរ អាជ្ញាធរ​តួ​ក​គី ក៏បាន​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​ក្នុង​ទីក្រុង​ធំៗ​របស់​ប្រទេស​។ មន្ត្រីប៉ូលិស​ជាច្រើន​ពាន់​នាក់ ក៏ត្រូវ​ពង្រាយ​នៅតាម​ទីតាំង​សំខាន់​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​រដ្ឋធានី​អង់កា​រ៉ា​ផងដែរ​៕  
 

Tag:
 តួ​ក​គី​
  Suleyman Soylu
© រក្សាសិទ្ធិដោយ thmeythmey.com