អន្តរជាតិ
លោក ត្រាំ មាន​មន្ទិលសង្ស័យ​ថ្មី​ទៅលើ​ការសន្និដ្ឋាន​របស់ CIA
03, Jan 2017 , 7:39 am        
រូបភាព
ដោយ: VOA
​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ កំពុង​តែមាន​មន្ទិលសង្ស័យ​ថ្មី​ទៅលើ​ការសន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​ដែលថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ចូលទៅក្នុង​ការបោះ​ឆ្នោត​របស់​អាមេរិក តាមរយៈ​ការ​លួច​ចូលទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ការរកឃើញ​នេះ​បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ប៉ា​រ៉ា​ក់ អូ​បា​ម៉ា ដាក់ទណ្ឌកម្ម​ទៅលើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ហើយ​បាន​បណ្តេញ​មន្ត្រី​កា​ទូត​រុស្ស៊ី​ចំនួន​៣៥​នាក់ ដែល​លោក​ថា​ជា​អ្នកលួចយក​ការណ៍​។​



​លោក ត្រាំ ដែល​កំពុង​ចូលរួម​ក្នុង​ពិធីជប់លៀង​អបអរ​ឆ្នាំ​ថ្មី​នៅឯ​វិមាន​របស់លោក​នៅក្នុង​រដ្ឋ Florida បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ចង់​ឲ្យ​ប្រភពព័ត៌មាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មាន​ភាពច្បាស់លាស់ ពីព្រោះថា នេះ​គឺជា​បទចោទប្រកាន់​ធ្ងន់ធ្ងរ ហើយ​លោក​ចង់​ឲ្យ​មាន​ភាពប្រាកដប្រជា​អំពី​រឿងនេះ​។​

​លោក​បាន​ថ្លែងថា​៖ «​វា​មិន​យុត្តិធម៌​នោះទេ ដែល​ធ្វើការ​ចោទប្រកាន់​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ប្រសិនបើ​មាន​ភាពមិនច្បាស់លាស់​នោះ​»​។​
​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដែល​សល់​ពេល​ត្រឹម ១៨​ថ្ងៃមុន​នឹង​ដល់​ថ្ងៃ​ដែល​លោក​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ធ្វើជា​ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក​នោះ បាន​ថ្លែងថា លោក​ដឹងថា​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គឺ​ដើម្បី​ប្រឆាំងនឹង​រុស្ស៊ី​ជាង​អ្វីដែល​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ហើយ​ថា​៖ «​អ្នកនឹង​ដឹង​អំពី​រឿងនេះ​នៅ​ថ្ងៃ​អង្គារ​ឬ​ថ្ងៃ​ពុធ​នេះហើយ​»​។​

​លោក​បាន​ថ្លែង​ទៀតថា​៖ «​ខ្ញុំ​ដឹង​ច្រើន​អំពី​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​។ ហើយ​ការ​លួច​ចូល​នេះ​គឺជា​រឿង​មួយ​ដែល​ពិបាក​នឹង​រក​ភស្តុតាង​បង្ហាញ​។ ដូច្នេះ​វា​អាចជា​អ្នកណា​គេ​ផ្សេងទៀត​។ ហើយ​ខ្ញុំ​ក៏បាន​ដឹង​អំពី​អ្វីដែល​មនុស្ស​ដទៃទៀត​មិនបាន​ដឹងផង​ដែរ ដូច្នេះហើយ​ពួកគេ​មិនអាច​យល់ច្បាស់​ពី​ស្ថានការណ៍​នេះនោះ​ទេ​»៕

​លោក Adam Schiff សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ភា បាន​ប្រាប់​សារព័ត៌មាន ABC កាលពី​ថ្ងៃអាទិត្យ​ថា លោក ត្រាំ គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែលមាន​មន្ទិលសង្ស័យ​ទៅលើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​ទាក់ទិន​នឹង​ការដែល​រុស្ស៊ី​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក​។​

​លោក Schiff បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធានាធិបតី លោក​គួរតែ​ឈប់​និយាយ​បែបនេះ​។ នេះ​គឺជា​ការវិនិច្ឆ័យ​ដែល​លើសលប់ ទៅលើ​សហគមន៍​ស៊ើបការណ៍​សម្ងាត់ ហើយ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ សមាជិក​គណកម្មាធិកា​រ​ស៊ើបអង្កេត​ទាំងអស់​នៅក្នុង​សភា ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ គ្មាន​នរណាម្នាក់​មាន​មន្ទិលសង្ស័យ​អំពី​រឿងនេះ​នោះទេ គឺ​មានតែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ម្នាក់​នោះ​គឺ​លោក ដូ​ណា​ល់ ត្រាំ​»​។​

​លោក ត្រាំ ដែល​កម្រ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឬ​កុំព្យូទ័រ​បើទោះបីជា​លោក​ជា​ញឹកញាប់​តែង​បង្ហោះ​សារ​ឬ​អា​ត្ថា​ធិ​ប្បាយ​ចំអកឡកឡឺយ​នៅលើ​បណ្តាញ​សង្គម Twitter នោះ បាន​ថ្លែងថា​មិនមាន​កុំព្យូទ័រ​ណាមួយ​អាច​ផ្ទុក​ព័ត៌មាន​សម្ងាត់​ដោយ​សុវត្ថិភាព​នោះទេ​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​អ្នកមាន​អ្វី​សំខាន់​ខ្លាំង អ្នក​គួរ​សេរ​សេរ​វា​ហើយ​ផ្ញើរ​វា​តាម​អ្នក​នាំ​សំបុត្រ គឺ​ប្រើប្រាស់​វិធី​បុរាណ ពីព្រោះថា ដូច​ខ្ញុំ​និយាយ​អ៊ីចឹង មិនមាន​កុំព្យូទ័រ​ណា​មាន​សុវត្ថិភាព​នោះទេ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com