អន្តរជាតិ
កាន់តំណែង​ថ្ងៃ​ដំបូង លោក Guterres សន្យា​ប្រែក្លាយ​ឆ្នាំ​២០១៧ ជា​ឆ្នាំ​សម្រាប់​សន្តិភាព​
02, Jan 2017 , 7:39 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបភាព UN)
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបភាព UN)
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​ចូលកាន់​តំណែង​ហើយ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ។ លោក Guterres ស្នង​តំណែង​បន្ត​ពី​លោក បាន គី​មូ​ន ដែល​ត្រូវ​ចប់​អាណត្តិ ហើយ​លោក​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​ជម្លោះ​នៅ​ស៊ី​រី​, ស៊ូដង់​ខាងត្បូង និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជាដើម​។ ប៉ុន្តែ​លោក​សន្យា​ប្រែក្លាយ​ឆ្នាំ​២០១៧ ជា​ឆ្នាំ​សម្រាប់​សន្តិភាព​។​



​នៅ​ថ្ងៃ​ដំបូង​ក្នុង​ជា​អគ្គលេខាធិការ​ទី​៩ របស់​អង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាស​ពី​កា​ងារ​អាទិភាព​របស់លោក គឺ​ធ្វើ​ឲ្យ​ឆ្នាំ​២០១៧ ជា​ឆ្នាំ​សម្រាប់​សន្តិភាព​។ លោក​បានស្នើ​ទៅកាន់​មនុស្ស​គ្រប់គ្នា​ចូលរួម​ជាមួយ​លោក ដោយ​ទុក​ភាពខុសគ្នា​ដាក់​មួយ​ឡែក​សិន ដើម្បី​សម្រេច​គោលដៅ​រួមគ្នា​មួយ​នេះ​។

​នៅក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី​នៅ​ថ្ងៃទី​១ ខែមករា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថ្មី​រូបនេះ និយាយថា​៖ «​សន្តិភាព ជា​គោលដៅ និង​ជា​អ្នកចង្អុល​ផ្លូវ​របស់​យើង​។ ដូចនេះ យើង​នាំគ្នា​បង្កើត​សន្តិភាព​នៅថ្ងៃនេះ និង​នៅ​រៀងរាល់ថ្ងៃ​»​។ ដោយ​លើកឡើង​ពី​គុណវិបត្តិ​នៃ​សង្គ្រាម និង​ជម្លោះ​ជុំវិញ​ពិភពលោក លោក Guterres បាន​បន្តថា គ្មាន​នរណា​ឈ្នះ​ឡើយ គឺ​គ្រប់គ្នា​សុទ្ធតែ​ចាញ់​។​

​ស្របគ្នា​នឹង​ការសន្យា​នេះ ជម្លោះ​ជាច្រើន​កំពុង​កើតឡើង​នៅលើ​ពិភពលោក​។ លោក Guterres ដែលជា​អតីត​នាយករ​ដ្ខ​មន្ត្រី​ព័រទុយហ្កាល់​ដែរ​នេះ ត្រូវ​ដោះស្រាយ​ជាច្រើន​ដូចជា ជម្លោះ​បង្ហូរឈាម​នៅ​ស៊ី​រី វិបត្តិ​នៅ​ស៊ូដង់​ខាងត្បូង ដែល​កំពុង​ប៉ះពាល់​ជីវិត​ប្រជាជន​រាប់លាន​នាក់​។ ម្យ៉ាងទៀត គម្រោង​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង សុទ្ធតែជា​រឿង​គំរាម​សន្តិភាព​ពិភពលោក​ទាំងអស់​។​

​ក្នុង​សារ​ដដែល​ខាងលើ លោក Guterres ដែល​ស្នង​តំណែង​ពី​លោក បាន គី​មូ​ន គូសបញ្ជាក់ថា ពួកយើង​ខិតខំ​ដើម្បី​ភាពថ្លៃថ្នូរ ក្ដីសង្ឃឹម ការរីកចម្រើន និង​សុខដុម​រម​នីយកម្មរ​បស់​មនុស្សជាតិ​។ ហើយ​ដើម្បី​សម្រេចបាន​គោលដៅ​ទាំងអស់នេះ គឺ​ពឹង​ផ្អែកលើ​សន្តិភាព ប៉ុន្តែ​សន្តិភាព គឺ​អាស្រ័យ​លើ​មនុស្ស​គ្រប់គ្នា​។ ដូចនេះ មនុស្ស​ទាំងអស់គ្នា ទាំង​ជន​ស៊ីវិល ទាំង​មេដឹកនាំ ត្រូវ​ជម្នះ​ឧបសគ្គ ដើម្បី​សម្រេច​គោលដៅ​នេះ​។​

​សូម​រម្លឹកថា លោក Guterres ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ គាំទ្រ​ជា​ឯកច​ន្ឆ​ន្ទ​សម្រាប់​តំណែង​អគ្គលេខាធិការ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ។ អាណត្តិ​៥​ឆ្នាំ​របស់លោក នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ។ មុន​ធ្វើជា​ប្រមុខ​អង្គការសហប្រជាជាតិ លោក Guterres ក៏​ធ្លាប់​ធ្វើជា​ឧ​ត្ត​ម​ស្នងការ​ជនភៀសខ្លួន​រយៈពេល​មួយ​ទសវត្ស​រ៍ដែរ ដែល​ធ្វើ​ឲ្យ​គេ​សង្ឃឹមថា ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក បញ្ហា​ជនភៀសខ្លួន នឹង​ប្រសើរឡើង​ជាង​ស្ថានភាព​នៅពេលនេះ​៕


Tag:
 UN
  Antonio Guterres
© រក្សាសិទ្ធិដោយ thmeythmey.com