អន្តរជាតិ
មេដឹកនាំ​ផ្ដាច់ការ​ហ្កំ​ប៊ី រិះគន់​អាហ្វ្រិក​ខាងលិច​ដែល​ចង់​ប្រើ​ទ័ព​ទម្លាក់​លោក
02, Jan 2017 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​ក្រាញ​អំណាច​ហ្កំ​ប៊ី យះ​យ៉ា ចា​មេ​ហ៍​(Yahya Jammeh) បាន​រិះគន់​អង្គការ​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច (ECOWAS) ដែល​ចង់​ប្រើ​ទ័ព​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង បន្ទាប់ពី​លោក​មិន​ទទួលស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​ខែធ្នូ​។ បើតាម​លោក Jammeh ការលើក ទ័ព​អន្តរាគមន៍​ចូល​ទឹកដី​ហ្កំ​ប៊ី ជាការ​ប្រកាសសង្គ្រាម ហើយ ECOWAS ក៏​មិន​សក្តិ​សមជា​អ្នកសម្របសម្រួល​វិបត្តិ​នយោបាយ​របស់​ហ្កំ​ប៊ី​ដែរ​។​



​មេដឹកនាំ​ផ្ដាច់ការ​ក្រាញ​អំណាច​របស់​ហ្កំ​ប៊ី យះ​យ៉ា ចា​មេ​ហ៍​(Yahya Jammeh) បាន​ចេញមក​ព្រមាន​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច អេកូ​វាស (ECOWAS) ដែល​បាន​ត្រៀមទ័ព​ទម្លាក់​លោក​ពី​កៅអី​ប្រធានាធិបតី ក្រោយ​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១ ខែធ្នូ​។ លោក Jammeh អះអាងថា ការ​គំរាម​ប្រើ​ទ័ព​របស់​អង្គការ ECOWAS ជាការ​ប្រកាសសង្គ្រាម​ប្រឆាំង​ហ្កំ​ប៊ី តែ​កងទ័ព​ហ្កំ​ប៊ី បាន​ត្រៀមខ្លួន​រូ​ចរាល់​ហើយ​។ 

«​ខ្ញុំ​ប្រាប់​ឲ្យ​ច្បាស់​! យើង​ត្រៀមខ្លួន​ដើម្បី​ការពារ​ប្រទេស​របស់​យើង​ពី​ការឈ្លានពាន​ណាមួយ​រូ​ច​ហើយ​។ ប្រសិនបើ ECOWAS មិន​ដកថយ​ទេ បញ្ហា​អាច​នឹង​រាលដាល​ក្លាយជា​ប្រឈមមុខ​យោធា​មិន​ខាន​»​។ នេះ​ជា​ព្រមាន​ក្នុង​សារ​របស់លោក Jammeh នៅក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី​នៅ​ថ្ងៃទី​៣១ ខែធ្នូ ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera មុននឹង​បន្តថា ECOWAS ក៍​មិន​អាចធ្វើ​តួអង្គ​កណ្ដាល​បានដែរ ដ្បិត​អង្គការ​នេះ​លម្អៀង​។​

​ការលើកឡើង​របស់​មេ​ដឹកនាំ​កាន់អំណាច​២២​ឆ្នាំ​រូបនេះ ធ្វើឡើង​បន្ទាប់ពី ប្រធាន​គណៈកម្មការ ECOWAS លោក ម៉ា​សែ​ល អា​ឡាំង ដឺ ស៊ូ​សា​(Marcel Alain de Souza)​គំរាម​ប្រើ​ទ័ព​ប្រឆាំង​រូបលោក​។ លោក Souza បាន​អះអាងថា កងទ័ព​សេ​ណេ​ហ្កា​ល់ ត្រៀមខ្លួន​ចូល​អន្តរាគមន៍​ក្នុង​ទឹកដី ហ្កំ​ប៊ី​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ចាញ់ឆ្នោត Jammeh បើសិនជា​ការចរចារ​បស់​អាហ្វ្រិក​ខាងលិច​ជាមួយ​ប្រធានាធិបតី​រូប​ហ្កំ​ប៊ី ពាក់ព័ន្ធ​រឿង​ផ្ទេរអំណាច​បរាជ័យ​នោះ​។​
 
​ប្រធានាធិបតី Jammeh ដែល​កាន់តំណែង​តាំងពី​ឆ្នាំ​១៩៩៤ មក​នោះ​មាន​ពេលវេលា​ដល់​ត្រឹម​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​ផ្ទេរអំណាច​ឲ្យ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក អា​ដា​ម៉ា បូ​រ៉ូ​(Adama Borrow)​។ បើ​នៅតែ​មានះ​ទៀត កងទ័ព​អាហ្វ្រិក​ខាងលិច​នឹង​ទៅ​ទម្លាក់​រូបលោក ដល់​វិមាន​ប្រធានាធិបតី ហើយ​លទ្ធផល​ដែល​លោក​អាច​ទទួលបាន​វា​នឹង​អាក្រក់​ជាង​ដើរចេញ​ដោយ​ខ្លួនឯង​។

​តាមពិតទៅ ក្រោយ​ការដឹង​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​១ ខ​ខែធ្នូ លោក Jammeh បានចេញ​មុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ​ទៅហើយ និង​ប្រកាស​មិន​តវ៉ា​លទ្ធផល​បរាជ័យ​នេះ​ទៀតផង​។ ប៉ុន្តែ​មួយ​សប្តាហ៍​ក្រោយមក មេដឹកនាំ​រូបនេះ​បាន​ក្រឡាស់សម្តី​ភ្លាម​ដោយ​លុបចោល​លទ្ធផល​បោះឆ្នោត និង​ទាមទារ​បោះឆ្នោត​ជាថ្មី ដោយ​អះអាងថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​៕


Tag:
 ហ្កំ​ប៊ី​
  Yahya Jammeh
  ECOWAS
© រក្សាសិទ្ធិដោយ thmeythmey.com