អន្តរជាតិ
មាតា​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា សន្យា​កសាង​សន្តិភាព​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៧
02, Jan 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ de facto និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ផ្ញើ​សារ​វិជ្ជមាន​ទៅកាន់​ប្រជាជាតិ​មី​យ៉ាន់​ម៉ា​សម្រាប់​ឆ្នាំ​ថ្មី ដោយ​លោកស្រី សន្យាថា នឹង​កសាង​សន្តិភាព​របស់​ប្រទេស​ឲ្យ​យូរអង្វែង​នៅក្នុង​ឆ្នាំ​២០១៧​។ មេដឹកនាំ​ស្ត្រី​ទីមួយ​របស់​មី​យ៉ាន់​ម៉ា​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ទាំងមូល​ចូលរួម​ផ្តល់​ទំនុកចិត្ត និង​សាមគ្គី​ដើម្បី​កសាង​សន្តិភាព​រដ្ឋ​អាស៊ីអាគ្នេយ៍​ដែល​មិន​ធ្លាប់​ស្គាល់​ឡើយ​សន្តិភាព​ពេញលេញ​មួយ​នេះ​។



​ជា​រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះទេ​ថា ទោះ​ក្រោយ​ក្បាលម៉ាស៊ីន​ថ្មី​ដែល​ដឹកនាំ​ដោយ​រដ្ឋា​ស៊ី​វី​ល​មី​យ៉ាន់​ម៉ា​ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ជា​ប្រមុខ មី​យ៉ាន់​ម៉ា មិនទាន់មាន​ការផ្សះផ្សា​រ​ជាតិ និង​សន្តិសុខ​សង្គម​នៅឡើយ​នោះទេ​។ ក៏ប៉ុន្តែ នេះ ក៏​មិនអាច​បន្ទោស​អតីត​អ្នកទោសនយោបាយ និង​ម្ចាស់​ពានរង្វាន់​សន្តិភាព​រូ​ប​នេះ​បានឡើយ ដ្បិត តាំងពី​មី​យ៉ាន់​ម៉ា ទទួលបាន​ឯករាជ្យ​មក ប្រទេស​ដែលមាន​ជនជាតិ​ចម្រុះ​ជាតិ​សាសន៍​ដ៏​ច្រើន​មួយ​នេះ មិនទាន់​រក​កិច្ចព្រមព្រៀង​សន្តិភាព​បទ​ឈប់​បាញ់​រួម​ជាមួយនឹង​ឧទ្ទាម​ទាហាន​ឯករាជ្យ​បាន​នោះទេ​។

​តែ​យ៉ាង​ក៏ដោយ តាម​ការសន្យា​របស់​ប្រមុខ​មី​យ៉ាន់​ម៉ា ឆ្នាំ​២០១៧ អាច​នឹង​ការផ្លាស់ប្តូរ ឬ​អាចជា​ឆ្នាំ​នៃ​ភាពរុងរឿង និង​ស​និ្ត​ភាព​។ តាមរយៈ​សុន្ទរកថា​ក្នុង​កម្មវិធី​បើក​មជ្ឈមណ្ឌល​«​ផ្សះផ្សារ​ជាតិ និង​សន្តិភាព​»​ក្នុង​ក្រុង​ណៃ​ពិដោរ នៅ​ថ្ងៃទី​០១ មករា ២០១៧ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹង​ប្រឈម​ឧបសគ្គ​ក្នុងការ​ត្រួសត្រាយ​ប្រទេស​ឲ្យ​ស្ថិតនៅក្នុង​មាគ៌ា​ដ៏​ត្រឹមត្រូវ​ទៅកាន់​គោលដៅ​សន្តិភាព​ជាមួយនឹង​ការ​ជ្រៀម​ជ្រែង​របស់​ប្រជាជន និង​មិត្តភក្តិ​របស់​យើង​នៅក្នុង​ពិភពលោក ដែលមាន​ឆន្ទៈ​ពិតប្រាកដ​មកកាន់​ប្រទេស​យើង​។ យើង នឹង​ស្វះស្វែង​ដើម្បី​ការផ្សះផ្សារ​ជាតិ និង​សន្តិភាព​នៅក្នុង​ប្រទេស​»​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​របស់​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua​។

​លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​ការទូត​ផងដែរ​នោះ ក៏បាន​លើកឡើង​ពី​សារៈសំខាន់​ក្នុងការ​សម្បទាន ជាជាង​ទាញយក​ផលប្រយោជន៍​នៅក្នុង​ការប្រឹងប្រែង ដោយ​លោកស្រី សង្កត់ធ្ងន់ថា តម្រូវការ​ចាំបាច់​ក្នុង​ការកសាង​ទំនុកចិត្ត​ដែលជា​កត្តា​ដ៏​សំខាន់​ដើម្បី​សម្រេច​សន្តិភាព​គឺ​ភាពស្មោះត្រង់ និង​ការបើក​ចិត្ត​ឲ្យ​ទូលាយ​។ លោកស្រី ពន្យល់ថា មី​យ៉ាន់​ម៉ា មិនទាន់​សម្រេចបាន​ស​ន្តិ​ភាព​នៅឡើយ​នោះទេ​ក្នុង​រយៈ​ជិត​៧ ទសវត្សរ៍ ក្រោយ​ទទួលបាន​ឯករាជ្យ​នោះ ដោយ លោកស្រី អះអាងថា ក៏​ដោយសារតែ កំហឹង និង​ភាព​លោភលន់​។ លោកស្រី បាន​អំពាវនាវ ឲ្យ​ប្រជាជន​ទាំងអស់ ចូល​រួមគ្នា​ជាមួយនឹង​ភាពស្មោះត្រង់​ឆ្ពោះទៅកាន់ ការផ្សះផ្សារ​ជាតិ និង​សន្តិភាព​ចាប់​ពីថ្ងៃ​ចូលឆ្នាំថ្មី​តទៅ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានចាប់ផ្តើម​កាន់ចង្កូត​មី​យ៉ាន់​ម៉ា​ចាប់ពី​ខែមេសា​ឆ្នាំមុន​កន្លងទៅ ក្រោយពី​បក្ស​នេះ បានទទួល​ជ័យជម្នះ​ប្រវត្តិសាស្ត្រ​លើ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ចុងឆ្នាំ​២០១៥​។ ការដឹកនាំ​មី​យ៉ាន់​ម៉ា គឺជា​លើកដំបូង​ហើយ​របស់​បក្ស​លោកស្រី​ស៊ូ​ជី ហើយ វា ក៏​ជា​លើកដំបូង​ហើយ​ដែល​មី​យ៉ាន់​ម៉ា ត្រូវ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​រយៈពេល​ជិត​ប្រាំមួយ​ទសវត្សរ៍​ចុងក្រោយ​។

​អ្វី​គួរកត់សម្គាល់ ក្នុង​យុទ្ធនា​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៥ ប្រមុខ​បក្ស​កាន់អំណាច​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​សន្យា​ជាច្រើន​ចំណុច​ក្នុងពេល​លោកស្រី កាន់អំណាច ដែល​រួមទាំង​ការកែ​រដ្ឋធម្មនុញ្ញ លើកស្ទួយ​សេដ្ឋកិច្ច និង​ជាពិសេស​នោះ ការផ្សះផ្សារ​ជាតិ និង​ការកសាង​សន្តិភាព​។ តែ​ជា​លទ្ធផល​ជាក់ស្តែង​នោះ លោកស្រី​ស៊ូ​ជី ក៏​ធា្ល​ប់​សារភាព​ដែរ​ថា សេដ្ឋកិច្ច​មិនទាន់មាន​ការផ្លាស់ប្តូរ​កត់សម្គាល់​នោះទេ​។

​ដោយឡែក​សម្រាប់ បញ្ហា​ផ្សះផ្សារ​ជាតិ និង​កសាង​សន្តិភាព​ក្នុងស្រុក គឺ​កាន់តែ​យ៉ាប់យ៉ឺន​ជាង​សេដ្ឋកិច្ច​ទៅទៀត​។ យ៉ាប់យ៉ឺន​នោះ​គឺ ការប៉ះទង្គិច​ប្រដាប់​រវាង​កងកម្លាំងរ​ដ្ឋា​ភិ​បាល និង​ក្រុម​ឧទ្ទាម​ទាហាន​ឯករាជ្យ​ដែល​ចងសម្ព័ន្ធ​គ្នា​ជាច្រើន​ក្រុម​នៅតែ​បន្ត​កើតមាន ដែលជា​លទ្ធភាព​នោះ ធ្វើ​ឲ្យ​មាន​ចលនា​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដូចជា​ចិន​ជាដើម​។ មួយវិញទៀត​នោះ បញ្ហា​ជម្លោះជាតិសាសន៍​ជាមួយនឹង​ក្រុម​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ក៏​នៅតែ​បន្ត​អូសបន្លាយ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com