អន្តរជាតិ
យុវតី​នី​ហ្សេ​រី​យ៉ា​ដែល​រស់ក្នុង​ធុង​ជ័រ បានទទួល​មរណភាព​ក្នុង​អាយុ​១៩​ឆ្នាំ​
03, Jan 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
 
 
 
Rahma Haruna យុវតី​នី​ហ្សេ​រី​យ៉ា​ដែល​រស់នៅក្នុង​ធុង​ជ័រ បានទទួល​មរណភាព​ហើយ​ក្នុង​អាយុ​១៩​ឆ្នាំ​កាលពី​ថ្ងៃ​ដែល​គ្រឹ​ស្ត​សាសនិក​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​។ នេះ​បើតាម​អ្នកកាសែត​ឈ្មោះ Sani Maikatanga ដែលជា​មនុស្ស​ទីមួយ​ផ្សព្វផ្សាយ​ពី​ជីវិត​របស់ Ragma ទៅកាន់​ពិភពលោក​។​

 
Rahma Haruna ចំណាយពេល​ពេញ​មួយជីវិត​របស់​នាង​នៅលើ​ធុង​ជ័រ​មួយ បន្ទាប់ពី​នាង​កើត​ជំងឺ​ដ៏​ចម្លែក ដោយ​អវៈយវៈ​លែងមាន​ការលូតលាស់​ក្រោយ​នាង​កើត​បាន​៦​ខែ​។ បើទោះបីជា​លក្ខខណ្ឌ​រូបរាង​នាង​មិន​អំណោយផល​យ៉ាងណាក៏ដោយ ក៏​យុវតី​នី​ហ្សេ​រី​យ៉ា Rahma តែងតែ​រីករាយ​ក្នុង​ជីវិត​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ពី​គ្រួសារ និង​អ្នកជិតខាង​។ នាង​មាន​ក្តី​សុបិន​បើកហាង​លក់ដូរ​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ភ្ជាប់​រូបនាង​ទៅនឹង​មនុស្ស​ផ្សេងទៀត​។​
 
 
Rahma Haruna ចាប់កំណើត​នៅ​តំបន់ Kano ប្រទេស​នី​ហ្សេ​រី​យ៉ា ដូច​មនុស្ស​ទូទៅ ប៉ុន្តែ​ឈានដល់​អាយុ​៦​ខែ រាងកាយ​របស់​ជួប​បញ្ហា​នៅពេលដែល​នាង​រៀន​អង្គុយ​។ អ្នកស្រី Fadi បាន​រៀបរាប់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Daily Mail ថា​៖ «​ពេលដែល Rahma ចាប់ផ្តើម​រៀន​អង្គុយ បញ្ហា​បានកើត​ឡើង ដោយ​នាង​មិនអាច​ធ្វើ​ចលនា​បាន​នោះឡើយ​។ នាង​បាន​គ្រុនក្តៅ និង​ចុកចាប់​ក្រពះ បន្ទាប់មក ដៃជើង​របស់​នាង មិនអាច​កំរើក​បាន​ទាំងអស់​»​។​
 
​ករណី​ជំងឺ​របស់ Rahma មិនមាន​គ្រូពេទ្យ​ណា​ព្យាបាល​បាន​នោះឡើយ​។ លោក Hussaini បាន​អះអាង​ប្រាប់ Daily Mail ដដែល​ថា លោក​បាន​ព្យាយាម​អស់​រយៈពេល​១៥​ឆ្នាំ និង​ចំណាយលុយ​ជាច្រើន​ដើម្បី​ព្យាបាល Rahma ប៉ុន្តែ​មិនមាន​អ្វី​វិ​វត្ត​ទៅមុខ​នោះឡើយ​។​
 
Rahma ត្រូវ​ចំណាយពេល​នៅលើ​ចានជ័រ​ពេញ​មួយជីវិត​របស់​នាង ហើយ​គ្រួសារ​របស់​នាង​តែងតែ​រុញ​នាង​ទៅគ្រប់​ទីកន្លែង​ដែល​នាង​ចង់ទៅ​។ នាង​តែងតែមាន​ស្នាមញញឹម​ជានិច្ច ដោយសារតែ​ទទួលបាន​នូវ​ក្តី​ស្រឡាញ់​ពី​អ្នក​នៅ​ជុំវិញខ្លួន ជាពិសេស​ប្អូនប្រុស​អាយុ​១០​ឆ្នាំឈ្មោះ Fahad ដែល​តែងតែ​ស្ម័គ្រចិត្ត​រុញ​នាង​ទៅគ្រប់​ទីកន្លែង​។​
 
​កាលពីពេល​នៅ​រស់រានមានជីវិត Rahma  មិន​គិត​ឆា​ជីវិត​នាង​ចោល​នោះឡើយ នាង​តែងតែ​រស់នៅ​ជាមួយ​ក្តីសង្ឃឹម​ជានិច្ច​។ នាង​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​អរគុណ​ព្រះ​ជា​ម្ចាស់​ចំពោះ​អ្វីៗ​ទាំងអស់​។ ខ្ញុំ​ចង់បាន​អាជីវកម្ម​មួយ ដែល​អាចជា​ហាង​ទំនិញ ឬអ្វី​ដែល​ដែល​មនុ​ស្សទិញ នោះ​ជាការ​បំណងប្រាថ្នា​របស់ខ្ញុំ​»៕






Tag:
 នី​ហ្សេ​រី​យ៉ា​
  Rahma Haruna
© រក្សាសិទ្ធិដោយ thmeythmey.com