អន្តរជាតិ
ភ្ញៀវទេសចរ​ជនជាតិ​បារាំង​ម្នាក់ ត្រូវ​ក្រពើ​ខាំ​ជើង ខណៈ​ព្យាយាម​ថតរូប Selfie នៅ​ឧទ្យាន​ជាតិ​ថៃ
02, Jan 2017 , 4:50 pm        
រូបភាព
ប្រភពរូបភាព៖ Bangkok Post
ប្រភពរូបភាព៖ Bangkok Post
ដោយ: ថ្មីៗ
 
​ស្ត្រី​ជា​ភ្ញៀវទេសចរ​សញ្ជាតិ​បារាំង​ម្នាក់ ត្រូវបាន​ក្រពើ​មួយ​ក្បាល​ខាំ​ជើង​នៅក្នុង​ឧទ្យាន​ជាតិ​ថៃ ខណៈពេលដែល​លោកស្រី បាន​ព្យាយាម​ក្បែរ​ក្រពើ​នោះ​ក្នុង​គោលដៅ​ដើម្បី​ថតរូប​ភាព Selfie​។

 
​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​ឧទ្យាន​ជាតិ​ថៃ​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ ឧប្បទ្ទវហេតុ បាន​ឡើង​នៅ​ល្ងាច​ថ្ងៃទី​០១ ខែមករា ម្សិលមិញ នៅក្នុង​ឧទ្យាន Khao Yai ដែលជា​ឧទ្យាន​ជាតិ​មួយ​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ដើរ​តាម​ព្រៃ និង​មើល​ទឹកជ្រោះ​នោះ​។ មន្ត្រី​រូបនោះ សង្កត់ធ្ងន់ថា​៖«​ភ្ញៀវទេសចរ ចង់​ថតរូប Selfie ជាមួយនឹង​ក្រពើ ដែល​កំពុងតែ​ដេក​នៅ​មាត់ទឹក​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។  
 
​បើតាម​សារព័ត៌មាន​ថៃ Bangkok Post វិញ ស្ត្រី​ដែលជា​ជនរងគ្រោះ​នោះ មាន​ឈ្មោះថា Benetulier ហើយ​ពេល​កើតហេតុ​នោះ ស្រី្ត​រូបនោះ បាន​នៅ​ជាមួយនឹង​ប្តី​របស់​លោកស្រី នៅ​តំបន់​ក្បែរ​ទឹកជ្រោះ​។ ហើយ​ភ្លាមៗ​នោះ លោកស្រី ក៏បាន​ព្យាយាម​ទៅ​ក្បែរ​ក្រពើ និង​អង្គុយ​ចុះ​ដើម្បី​សុំ​ឲ្យ​ប្តី​របស់​លោកស្រី ថតរូប Selfie ។ ចុងក្រោយ ក្រពើ ក៏បាន​ខាំ​ជើង​របស់​លោកស្រី ដោយ​បង្ក​ជា​របួស​ធ្ងន់ធ្ងរ​ផងដែរ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ដោយ​មិន​បន្ទោ​សទាំង​អ្នក​ថែ​ឧទ្យាន និង​ភ្ញៀវទេសចរ​នោះ មន្ត្រី​ឧទ្យាន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លាកសញ្ញា ពាក់ព័ន្ធ​នឹង​ការហាមឃាត់ និង​ប្រុងប្រយ័ត្ន​ក៏មាន​នៅក្បែរ​កន្លែងកើតហេតុ​ផងដែរ​៕ 

Tag:
 ថៃ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com