អន្តរជាតិ
តុលាការ​បារាំង កាត់ទោស​អនុ​ប្រធានាធិបតី​ហ្គី​ណេ​អេក្វាទ័រ​រឿង​ប្រើ​លុយ​រដ្ឋ​ដើម្បី​ភាព​ហ៊ឺហារ​ផ្ទាល់ខ្លួន​
02, Jan 2017 , 10:59 pm        
រូបភាព
​តុលាការ​បារាំង នឹង​បើកសវនាកា​ត់​ក្ដី​សំណុំរឿង​របស់​កូនប្រុស​ប្រធានាធិបតី​ហ្គី​ណេ​អេក្វាទ័រ លើ​សំណុំរឿង​ប្រើប្រាស់​លុយ​រដ្ឋ​ដើម្បី​ជីវិត​ហ៊ឺហា​របស់ខ្លួន​លើ​ទឹកដី​បារាំង​។ នេះ​ជា​លើកដំបូង​ដែល​តុលាការ​បារាំង កាត់ក្ដី​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ដែល​ចូលចិត្ត​ប្រើប្រាស់​ថវិការដ្ឋ ក្នុង​គោលដៅ​ផ្ទាល់ខ្លួន តាមរយៈ​ការទិញ​ផ្ទះ​ធំៗ និង​ការទិញ​រថយន្ត​ស៊េរី​ទំនើបៗ​ជាដើម​។



​លោក Teodorin Obiang កូនប្រុស​ប្រធានាធិបតី​ផ្ដាច់ការ​ហ្គី​ណេ​អេក្វាទ័រ Teodoro Obiang Nguema នឹងត្រូវ​ឡើង​តុលាការ​បារាំង​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ ជុំវិញ​សំណុំរឿង​ពុករលួយ ដោយ​ប្រើប្រាស់​លុយ​រដ្ឋ​ដើម្បី​ជីវិត​ស៊ីវីល័យ​ឯកជន​របស់លោក​។ លោក Teodorin ល្បី​ខាង​ទិញយក​រថយន្ត​ទំនើបៗ និង​ទិញ​ផ្ទះ​ធំៗ​តម្លៃ​រាប់រយ​លាន​ដុល្លារ​នៅឯ​រដ្ឋធានី​ប៉ារីស ខណៈដែល​ប្រជាជន​របស់ខ្លួន កំពុង​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Teodorin Obiang ដែលមាន​តួនាទី​ជា​អនុ​ប្រធានាធិបតី​ដែរនោះ ត្រូវបាន​តុលាការ​បារាំង​ចោទប្រកាន់​ពីបទ​យកលុយ​រដ្ឋ ដើម្បី​ទិញ​ភូមិ​គ្រិះ​ដ៍​ធំ​មួយ​ក្នុង​រដ្ឋធានី​ប៉ារីស និង​នាវា​កំសាន្ត​ដែលមាន​ប្រវែង​៧៦​ម៉ែត្រ​។ ភូមិ​គ្រិះ​ស្កឹមស្កៃ​នេះ​តម្លៃ​រហូតដល់​១១២​លាន​ដុល្លារ​ឯណោះ​។ យ៉ាងណាមិញ មេធាវី​លោក Teodorin នឹង​ស្នើ​លើក​ពេល​សវន​ការ​នេះ ដើម្បី​មាន​ពេល​ប្រមូល​ភស្តុតាង​បន្ថែម​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល រដ្ឋអាជ្ញា​បារាំង បាន​ចោទថា​លោក Teodorin Obiang ដែល​និយម​ចូលចិត្ត​ទិញ​រថយន្ត​ទំនើបៗ បាន​យកលុយ​រដ្ឋ​ចំនួន​១១០​លាន​អឺរ៉ុប​នៅ​ចន្លោះ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១១ ដែល​ពេលនោះ​លោក​នៅ​ធ្វើជា​រដ្ឋមន្ត្រី​កសិកម្ម​នៅឡើយ​។ តួនាទី​ជា​រដ្ឋមន្ត្រី​កសិកម្ម​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក Teodorin អាច​គ្រប់គ្រង​ពាណិជ្ជកម្ម​ឈើ​របស់​ប្រទេស តាមរយៈ​ការយក​ប្រាក់​ដាក់​ក្នុង​ហោប៉ៅ​ខ្លួនឯង​។​

​មិន​ត្រឹមតែ​នៅ​បារាំង​ឡើយ លោក Teodorin ដែល​ត្រូវ​ឪពុក​តែងតាំង​ជា​អនុ​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦ ក៏មាន​រឿងរ៉ាវ​ស្រដៀង​គ្នា​ជាមួយ​តុលាការ​របស់​អាមេរិក និង​ស្វ៊ី​ស​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០១៤ Teodorin បានប្រគល់​ឲ្យ​អាមេរិក​នូវ​ទ្រព្យសម្បត្តិ​តម្លៃ​ច្រើនជាង​៣០​លាន​ដុល្លារ រួមមាន​ភូមិ​គ្រិះ​មួយ​ខ្នង ឡាន​Ferrari  មួយគ្រឿង និង​វត្ថុ​ជាច្រើន​ទៀត​។ 

​ហ្គី​ណេ​អេក្វាទ័រ ជា​រដ្ឋ​អាហ្វ្រិក​តូច​មួយ និង​ជា​ប្រទេស​នាំចេញ​ប្រេង​ធំជាងគេ​ទី​៣ របស់​ទ្វីប​មួយ​នេះ​។ ប្រ​ទស​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​មេដឹកនាំ​កាន់អំណាច​ផ្ដាច់ការ Teodoro Obiang Nguema តាំងពី​ឆ្នាំ​១៩៦៩ មកម្ល៉េះ គឺ​ចាប់តាំងពី​លោក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ Francisco Macias Nguema ដែល​ឪពុកមា​របស់ខ្លួន​។ ក្រោម​ការគ្រប់គ្រង​ប្រទេស​ជាង​៤៧​ឆ្នាំ​មក ប្រជាជន​ភាគច្រើន​កំពុង​ជួបប្រទះ​បញ្ហា​រស់នៅ ប៉ុន្តែ​ក្រុមគ្រួសារ​របស់លោក​មាន​ជីវភាព​ហ៊ឺហារ​ស៊ី​វិ​ល័យ​មាន​ភូមិ​គ្រិះ​នៅ​អឺរ៉ុប និង​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​ទៀតផង​៕    


Tag:
 បារាំង​
  ហ្គី​ណេ​អេក្វាទ័រ​
  Teodorin Obiang
© រក្សាសិទ្ធិដោយ thmeythmey.com