អន្តរជាតិ
ដៃគូ​រកស៊ី​របស់លោក ត្រាំ នៅ​ឥណ្ឌូណេស៊ី ចង់​ប្រជែង​កៅអី​ប្រធានាធិបតី​ដូច​លោក​ដែរ​
03, Jan 2017 , 11:48 am        
រូបភាព
​ដៃគូ​មុខ​ជំនួញ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ នៅ​ឥណ្ឌូណេស៊ី បានបង្ហាញ​បំណង​ដើរ​តាម​គន្លង​របស់លោក​ក្នុងការ​ឈរ​ជា​ប្រធានាធិបតី​។ លោក Hary Tanoesoedibjo ដែល​កំពុង​រ៉ាប់រង​គម្រោង​ធំ​ពីរ​របស់លោក ត្រាំ នៅ​ឥណ្ឌូណេស៊ី ចង់​ប្រជែង​កៅអី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៩ ព្រោះ​លោក​ក៏មាន​បក្សនយោបាយ​ផ្ទាល់ខ្លួន​ដែរ​។​



​អ្នកជំនួញ​ផ្នែក​សារព័ត៌មាន និង​សំណង់​នៅ​ឥណ្ឌូណេស៊ី លោក Hary Tanoesoedibjo បាន​ប្រាប់​សារ​ជីវ​កម្ម​ផ្សព្វផ្សាយ​អូស្ត្រាលី​ថា លោក កំពុង​ពិចារណា​ធ្វើជា​បេក្ខជន​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៩ ។ ប្រសិនបើ​លោក​ជាប់ឆ្នោត​មែន ពិភពលោក​នឹងមាន​មេដឹកនាំ​ប្រទេស​ពីរ ជា​ដៃគូ​ពាណិជ្ជកម្ម ហើយ​វា​ក៏​បង្កើន​ការព្រួយបារម្ភ​ជុំវិញ​ជម្លោះ​ផលប្រយោជន៍​ក្នុងការ​រកស៊ី​ផងដែរ​។​

​លោក Hary ដែល​កំពុង​កាន់កាប់​គ​ម្រោ​ង​ពីរ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយថា​៖ «​ប្រសិន​គ្មាន​អ្នកណា​ដែល​ខ្ញុំ​អាច​ទុកចិត្ត​ដោះស្រាយ​បញ្ហា​ក្នុងប្រទេស​បាន ខ្ញុំ​អាច​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​។ យើង​ត្រូវការ​មេដឹកនាំ​ដែល​សុច្ចរិត ដែល​អាច​រក​ដំណោះស្រាយ​សម្រាប់​ប្រទេស​នេះ​»​។ នេះ​បើ​យោងតាម​ផ្សាយ​របស់​សារព័ត៌មាន Rappler ។

​ក្នុងករណី​ដែល​លោក Hary ឈរឈ្មោះ ហើយ​អាច​ឈ្នះឆ្នោត​មែន ការព្រួយបារម្ភ​លើ​ជម្លោះ​ផលប្រយោជន៍​ទាក់ទង ​នឹង​ជំនួញ​របស់លោក ដូ​ណា​ល់ ត្រាំ នឹងកើនឡើង។ ប៉ុន្តែលោក ត្រាំ ដែល​នឹងត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ខាងមុខ ធ្លាប់​អះអាងថា នឹង​មិនមាន​កិច្ចព្រមព្រៀង​ថ្មី​ឡើយ​ក្នុង​អាណត្តិ​របស់លោក  ហើយ​កូន​របស់លោក​នឹង​ចាត់ចែង​ការងារ​ក្រុមហ៊ុន​ជំនួស​លោក​។​

​នៅ​ឥណ្ឌូណេស៊ី លោក Hary Tanoesoedibjo កំពុងដំណើរការ​គម្រោង​របស់លោក ត្រាំ ពីរ ដោយ​មួយ​នៅ​រដ្ឋធានី​ហ្សា​ការ​តា និង​មួយទៀត​ជា​រមណីយដ្ឋាន​នៅ​កោះ​បាលី ហើយ​គម្រោង​នេះ ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៅឡើយ​។ គម្រោង​នៅក្បែរ​រដ្ឋធានី​ហ្សា​ការ​តា មាន​ទំហំ​ដល់​ទៅ​៧០០​ហិច​តា ដែល​រួមបញ្ចូល​សណ្ឋាគារ​ទំនើប ទីលានវាយ​ហ្គោល និង​វីឡា​ជាច្រើន​ខ្នង​ផងដែរ​។​

​តាមពិតទៅ នេះ​ក៏​មិនមែនជា​លើកទីមួយ​ឡើយ ដែល​អ្នកជំនួញ​ជនជាតិ​ឥណ្ឌូណេស៊ី​រូបនេះ​ចូលខ្លួន​ប្រឡូក​ក្នុង​នយោបាយ​នោះ​។ លោក Hary មាន​មហិច្ឆតា​នយោបាយ​ជា​យូរ​មកហើយ​។ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៤ លោក​បាន​បរាជ័យ​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដោយពេល​នោះ លោក Yusuf Kalla ក្លាយជា​អនុ​ប្រធានាធិបតី ខណៈ​លោក ចូ​កូ វី​ដូ​ដូ ក្លាយជា​ប្រធានាធិបតី​៕


Tag:
 ឥណ្ឌូណេស៊ី​
  ដូ​ណា​ល់ ត្រាំ​
  Hary Tanoesoedibjo
© រក្សាសិទ្ធិដោយ thmeythmey.com