អន្តរជាតិ
អនុ​ប្រធានាធិបតី​ហ្វីលីពីន ជំទាស់​នឹង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក Duterte
04, Jan 2017 , 8:59 am        
រូបភាព
ដោយ: VOA
​តៃប៉ិ៖ លោកស្រី​អនុ​ប្រធានាធិបតី Leni Robredo បាន​លាលែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​លំនៅឋាន​កាលពី​ខែធ្នូ បន្ទាប់ពី​លោក Duterte បានស្នើ​ឲ្យ​លោកស្រី​ឈប់​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ទៀត នេះ​បើ​យោងតាម​របាយការណ៍​និង​រូបថត​នៃ​ខ្លឹមសារ​អត្ថបទ​មួយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ លោកស្រី​បាន​វិភាគ​យ៉ាង​ដិតដល់​លើ​យុទ្ធនាការ​ប្រឆាំងនឹង​គ្រឿងញៀន​របស់លោក Duterte ដែល​តាម​ការប៉ាន់ស្មាន​របស់លោក​ស្រី យុទ្ធនាការ​នោះបាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ៥.០០០ នាក់​។​



​កាលពី​ថ្ងៃទី ១២ ខែធ្នូ លោក Duterte បានប្រកាស​ក្នុង​វេទិកា​ពាណិជ្ជកម្ម​មួយ​ថា លោក​ធ្លាប់​សម្លាប់​មនុស្ស​នៅពេល​លោក​កាន់តំណែង​ជា​អភិបាលក្រុង​Davao ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​នៃ​ប្រទេស​ហ្វីលីពីន​។ លោក​បាន​កាន់តំណែង​នោះ​អស់​រយៈពេល ២២​ឆ្នាំ មុនពេល​ក្លាយជា​ប្រធានាធិបតី​។​

​លោក Eduardo Araral សាស្ត្រាចារ្យ​រង​នៅឯ​សាលា​គោលនយោបាយ​សាធារណៈ​របស់​សាកលវិទ្យាល័យ​ជាតិ​ប្រទេស​សិង្ហ​បុរី​បាន​និយាយថា លោកស្រី Robredo ប្រហែលជា​នឹងធ្វើ​ដំណើរ​ជុំវិញ​ប្រជុំ​កោះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ពន្យល់​បកស្រាយ​រឿងនេះ​បន្ថែម​។ ប៉ុន្តែ​លោក Duterte នៅតែមាន​ប្រជាប្រិយភាព​លើ ការសម្រេចចិត្ត​ចំពោះ​បញ្ហា​បទល្មើស​ដ៏​ក្តៅគគុក​នេះ​។​

​លោក Araral និយាយថា​៖ «​លោកស្រី​បានធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​លោកស្រី​ដើម្បី​ប្រមូលផ្តុំ​ប្រជាជន​នៅក្នុង​ភូមិ ហើយ​វា​អាចជា​សំឡេង​លើកទឹកចិត្ត​ឲ្យ​លោកស្រី​ប្រមូលផ្តុំ​កម្លាំង​ប្រឆាំង​។ លោក​ប្រធានាធិបតី​នៅតែ​បង្កើត​វេទិកា​សម្លុត​គំរាមកំហែង នៅពេលដែល​និយាយ​ដល់​ការកំណត់​របៀបវារៈ ហើយ​លោក​ធ្វើ​រឿងនេះ​បានល្អ​។​»

​ប្រជាជន​ហ្វីលីពីន​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​ដោយឡែក​ពីគ្នា ក្នុង​គោលបំណង​ត្រួតពិនិត្យ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​។ លោក Duterte បានឈ្នះ​តំណែង​ជា​ប្រធានាធិបតី​កាលពី​ខែឧសភា ក្នុង​គណបក្ស PDPLaban ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨២ ដើម្បី​តស៊ូ​មតិ​ជាតិនិយម​និង​សហព័ន្ធ​និយម​។ អនុ​ប្រធានាធិបតី​មកពី​គណបក្ស​សេរីនិយម​ដែលមាន​អាយុកាល​ជាង ៧០ ឆ្នាំ​មកហើយ បាន​កាន់តំណែង​នេះ​ក្នុង​ខែ​នោះដែរ ។​

​អ្នកនាំពាក្យ​របស់លោក​ស្រី​អនុ​ប្រធានាធិបតី អ្នកស្រី Georgina Hernandez បាន​និយាយថា លោកស្រី Robredo បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​បរាជ័យ​ក្នុងការ «​ទាក់ទង​» ទៅ​លោក Duterte ទោះបី​តាមរយៈ​ជំនួយការ​ពិសេស​ក៏ដោយ​។​

​លោកស្រី​អនុ​ប្រធានាធិបតី​ក្នុង​វ័យ​៥២​ឆ្នាំ​ដែលជា​មេធាវី និង​ក៏​ជា​សកម្មជន​សង្គម​រូប​ផង នឹង​ផ្ដោត​ជាថ្មី​ក្នុងការ​ប្រើប្រាស់​អំណាចរ​បស់​លោកស្រី​ក្នុង​ចំណែក​នៃ​តំណែង​ជា​អនុ​ប្រធានាធិបតី​ដើម្បី​លើកកម្ពស់​ការអប់រំ ការអភិវឌ្ឍ​ជនបទ សិទ្ធិ​ស្ត្រី និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ទូទាំងប្រទេស​។ អ្នកស្រី Hernandez បាន​បន្ថែមថា លោកស្រី​នឹង​ក្លាយជា «​សំឡេង​បង្រួបបង្រួម​នៃ​កម្លាំង​ប្រឆាំង​»​។​

​អ្នកស្រី Hernandez បាន​និយាយថា​៖ «​លោកស្រី​បាន​ជំទាស់​លើ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ប្រឆាំង​កាត់បន្ថយ​អាយុ​នៃ​ការទទួល​ទោសឧក្រិដ្ឋ និង​ការអនុវត្ត​ច្បាប់​កាត់ទោស​ប្រហារជីវិត​ឡើងវិញ​។ «​គ្រួសារ​ក្រីក្រ​» គឺជា​ជនរងគ្រោះ​នៃ​ការសម្លាប់​នេះ​»​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​៖ «​ឥឡូវនេះ ក្រៅពី​ការបញ្ចេញមតិ​ពី​បញ្ហា​នេះ លោកស្រី​ក៏​ជា​អ្នកទំនាក់ទំនង​ជាមួយ​ក្រុមគ្រួសារ​ក្នុង​តំបន់ (​ដែល​ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​)​ផងដែរ ដើម្បី​យល់​ពី​តម្រូវការ​របស់​ពួកគេ ប៉ុន្តែ​គ្មាន​អ្វីដែល​ច្បាស់លាស់ ត្រូវបាន​សម្រេច​ឡើយ​នៅពេលនេះ លើកលែងតែ​ការប្ដេជ្ញាចិត្ត​របស់លោក​ស្រី ក្នុងការ​ពិនិត្យ​លើ​បញ្ហា​នេះ រហូតដល់​បញ្ហា​ទាំងនេះ​ត្រូវបាន​គេ​បញ្ឈប់​»​។​

​មនុស្ស​មួយចំនួន​បាន​ប៉ាន់​ស្មានថា​ចំនួន​មនុស្ស​ស្លាប់​បាន​ខិតជិត​ទៅ ៦.០០០ នាក់ ក្នុងនោះ​មាន​ទាំង​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ត្រូវបាន​គេ​បាញ់សម្លាប់​ក្នុង​ហេតុផល​បង្ក្រាប​បទល្មើស​។​

​លោក Duterte បាន​និយាយថា​លោក​នឹង​ស្នើសុំ​ឲ្យ​សភា​ហ្វីលីពីន ដាក់​ប​ញ្ជូ​ល​ការកាត់ទោស​ប្រហារជីវិត​ឡើងវិញ ដែល​ទោស​នេះ​ត្រូវបាន​បោះបង់ចោល​កាល​ឆ្នាំ ២០០៦​។ ក្រុម​សមាជិកសភា​ក៏បាន​ស្នើ​ឲ្យ​បន្ថយ​អាយុ​នៃ​ការ​ទទួលទោស​ព្រហ្មទណ្ឌ​ពី​អាយុ​១៥​ឆ្នាំ មក​នៅត្រឹម​អាយុ​៩​ឆ្នាំ​វិញ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com