អន្តរជាតិ
រឿង​ចាស់​មិនទាន់​ឲ្យ​ចិន​ស្ងប់ចិត្ត​ផង លោក ត្រាំ ព្រលះ​ចិន​ជាថ្មី ដោយ​ភ្ជាប់​ជាមួយនឹង​កូរ៉េខាងជើង
03, Jan 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈ​រឿង​ចាស់​ពាក់ព័ន្ធ​នឹង​«​គោលនយោបាយ​ចិន​តែមួយ​»​មិនទាន់​ឲ្យ​ចិន បាន​ស្ងប់ចិត្ត​ស្រួលបួល​ផង​នោះ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ព្រលះ​ចិន​ជាថ្មី ដោយ បាន​ទាញ​ចិន ទៅនឹង​រឿង​នៅ​កូរ៉េខាងជើង ដែល​សហគមន៍​អន្តរជាតិ បាននិងកំពុង​តែ​ព្រួយបារម្ភ​ខ្លាំង​ពី​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​។



​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Fox News នៅ​ចុងឆ្នាំ​២០១៦​កន្លងទៅ លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ បាន​យល់​យ៉ាងច្បាស់​ពី​គោលនយោបាយ​ចិន​តែមួយ តែ​ខ្ញុំ ឆ្ងល់​ថា ហេតុអ្វី​យើង​ត្រូវ​ចងភ្ជាប់​ខ្លួន​ដោយ​គោលនយោបាយ​នោះ លើកលែងតែ​យើង​មាន​កិច្ចព្រមព្រៀង​ក្នុង​ការធ្វើ​កិច្ចការ​អ្វី​ផ្សេងៗ​ទៀត ដែល​រាប់បញ្ចូល​ទាំង​ពាណិជ្ជកិច្ច​ផងដែរ​នោះ​»​។​

​អត្ថាធិប្បាយ​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ក្រុង​វ៉ាស៊ីនតោន​រូបនេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្តៅក្រហាយ​មិនតិច​ឡើយ​។ ក្នុងនោះ ក្រុង​ប៉េកាំង បាន​ព្រមាន​ពី​ការ​ប្រះ​ឆា នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ ដោយសារ​ការមិន​គោរព​គោលនយោបាយ​ចិន​តែមួយ ដែលជា​គោលនយោបាយ​ការបរទេស​មូលដ្ឋានរ​បស់​ចិន​នោះ​។ ជាងនេះទៅទៀត​នោះ  រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក៏​ធ្លាប់បាន​ផ្ញើ​សារ​ព្រមាន​ប្រធានាធិបតី​អាមេរិក​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​លោក ត្រាំ មាន​ចេតនា​បំផ្លាញ​នយោបាយ​ចិន​តែមួយ ឬក៏​ព្យាយាម​បំផ្លាញ​ផលប្រយោជន៍​របស់​ចិន វា​មានន័យថា​លោក ត្រាំ កំពុង​ទម្លាក់​ដុំថ្ម​លើ​ជើង​របស់​ខ្លួនឯង​អ៊ីចឹង​ដែរ​»​។​

​រឿង​នៅ​ឆ្នាំ​ចាស់​បាន​ផុត​ទៅ​បន្តិច​ហើយ​នោះ ប្រធានាធិបតី​ត្រៀម​ចូលកាន់​តំណែង​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ដើមឆ្នាំ​២០១៧​នេះ បាន​វាយប្រហារ​ចិន​ក្នុង​បរិបទ​ថ្មី​មួយទៀត​ដោយ​ភ្ជាប់​ចិន​ជាមួយនឹង​កូរ៉េខាងជើង​វិញ​ម្តង​។ តាមរយៈ​សេចក្តីថ្លែងការណ៍​ក្នុង​គណនី Twitter លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅ​ថ្ងៃទី​០២ មករា យ៉ាង​ដូច្នេះ​ថា​៖«​ចិន បាន​គេង​ចំណេញ​ទឹកប្រាក់​ជាច្រើន​សន្ធឹកសន្ធាប់​ពី​អាមេរិក​តាមរយៈ​ពាណិជ្ជកម្ម ប៉ុន្តែ នៅតែ​មិន​អាចជួយ​កូរ៉េខាងជើង​បាន​»​។ លោក លើកឡើង​បែបនេះ បន្ទាប់ពី​លោក បាន​ប្រតិកម្ម​ទៅនឹង​ផែនការ​របស់លោក​ប្រ​ធានា​ធីប​តី​គីម ជុង​អ៊ុន ដែល​បាន​លើកឡើងថា កូរ៉េខាងជើង ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​ដែល​អាច​ដាល​ដល់​អាមេរិក​នោះ​។​

​ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាងថា ចិន បាន​ព្យាយាម​យ៉ាង​លំបាក​ក្នុង​ការធានា​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​នោះ​។ នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​០៣ មករា​នេះ អ្នក​ពាក្យ​ក្រសួង​ការ​បរ​ទេ​ចិន លោក Geng Shuang បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​ការប្រឹងប្រែង​របស់​ចិន​ក្នុងការ​ធានា​ពី​ការមិន​រីក​សាយភាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ត្រូវបាន​ដឹងលឺ​ដោយ​អ្នក​គ្រប់គ្នា​រួចទៅហើយ​»៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com