អន្តរជាតិ
សមាជិកសភា​ថៃ ថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី មិនអាច​ធ្វើ​នៅ​ឆ្នាំ​២០១៧​នេះ​បានឡើយ
03, Jan 2017 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា
ដោយ:
​បើ​មិនមាន​ការប្រែប្រួល​នោះទេ រដ្ឋាភិបាល​របប​សឹក​ថៃ នឹង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​សកល​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​តាមបែប​លទ្ធិប្រជាធិបតេយ្យ​តាម​ផែនការមេ​របស់ខ្លួន​នៅ​ឆ្នាំ​២០១៧​នេះហើយ​។ ក៏ប៉ុន្តែ​ទន្ទឹមនឹង​ការមកដល់​នេះ សមាជិកសភា​ថៃ​មួយរូប អះអាងថា ការបោះឆ្នោត មិនអាច​ទៅរួច​នោះទេ ដ្បិត មានច្បាប់​ពាក់ព័ន្ធ​ជាច្រើន មិនទាន់​បានបញ្ចប់ ខណៈ រដ្ឋាភិបាល​របប​សឹក នៅតែ​ហ៊ាន​និយាយថា បោះឆ្នោត​នៅតែ​កើតមាន​។ តែបើ​មិនអាច​ទៅរួច​មែន​នោះ វា នឹង​ក្លាយជា​ឆ្នាំ​បី​នៃ​ការ​កាន់អំណាច​របស់រ​បប​សឹក​ហើយ​។



​សមាជិក​រដ្ឋសភា​ថៃ​លោក Somjet Boonthanom នៅ​ថ្ងៃទី​០២ មករា បាន​អះអាងថា ការបោះឆ្នោត​សកល​ឆ្នាំនេះ នឹងត្រូវ​ពន្យារពេល​ដល់​ឆ្នាំក្រោយ​ដ្បិត​ថៃ ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អនុម័ត​ច្បាប់ ខណៈ​ប្រទេស​ត្រូវ​ផ្លាស់ប្តូរ​ពីរ​បប​ដឹកនាំ​ដោយ​យោធា​មកកាន់​ស៊ីវិល​វិញ​។ តំណាងរាស្ត្រ​រូបនោះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការបោះឆ្នោត អាច​នឹង​ប្រព្រឹត្ត​នៅ​ខែ​មិនា ឬ​មេសា​ឆ្នាំ​២០១៨​វិញ​។
​លោក Somjet Boonthanom បាន​សង្កត់ធ្ងន់ថា​៖«​នេះ មិនមាន​ដោយសារ​ការចង់​លើក​ពេល​នោះទេ ក៏ប៉ុន្តែ ក៏​ព្រោះតែ មានរឿង​ចម្រូងចម្រាស​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត ហើយ ការបោះឆ្នោត នឹង​មិនអាច​កើតឡើង​ឆ្នាំនេះ​នោះទេ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera​។

​ដោយ​មិន​ទុក​ឲ្យ​ការលើកឡើង​នេះ ធ្វើ​ឲ្យ​សាបរលាប​ការសន្យា​របស់ខ្លួន​នោះ រដ្ឋាភិបាល​របប​សឹក បានបញ្ជាក់​ជាថ្មី​ថា មិនមាន​ការប្រែប្រួល​អ្វី​ទៀតឡើយ ពោលគឺ​ការបោះឆ្នោត នៅតែ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​តាម​ផែនការមេ​ខ្លួន​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Sansern Kaewkamnerd បាន​បញ្ជាក់ថា​៖« យើង នៅតែ​ធ្វើតាម​មាគ៌ា​នៃ​ផែនការ​របស់​យើង​។ ហើយ​ការលើកឡើង​របស់​សមា​ជិ​ក​រដ្ឋសភា​ពី​ការពន្យារ​ពេលនោះ គឺ​គ្រាន់តែ​ជាការ​យល់ឃើញ​របស់គេ​ប៉ុណ្ណោះ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា រដ្ឋាភិបាល​របប​សឹក​ថៃ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ បាន​ដឹកនាំ​រាជាណាចក្រ​ថៃ ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។ ការដឹកនាំ​របស់រប​ប​សឹក ធ្វើឡើង​ក្រោម​ហេតុផល​ថា អតីត​រដ្ឋបាល​របស់​លោកស្រី យី​ង​ឡាក់ ធ្វើ​ឲ្យ​មានការ​បែងចែក​និ​ន្ន​ការ​នយោបាយ​រវាង​ប្រជាជន​ថៃ​។

​ក្រោយ​អតីតព្រះមហាក្សត្រ​ថៃ បានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​អន្តរកាល​ដើម្បី​ធានា​ពី​ស្ថិរភាព​ប្រទេស​ឡើងវិញ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​សន្យា​នឹង​នាំមក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​តាម​មា​គា​របស់ខ្លួន តាមរយៈ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ចុងក្រោយ រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​។ តាមពិតទៅ រឿង​បញ្ហា​បោះឆ្នោត​ថៃ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ ផែនការ​នៃ​ការបោះឆ្នោត ត្រូវបាន​លើក​ពេល​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ដោយ​ក្នុងនោះ ក៏មាន​ហេតុផល​ពាក់ព័ន្ធ​នឹង​ការបរាជ័យ​ក្នុង​ការធ្វើ​រដ្ឋធម្មនុញ្ញ​។

​យ៉ាងណាក៏ដោយ​នៅ នៅ​ឆ្នាំមុន រដ្ឋាភិបាល​របប​សឹក​ថៃ បានរៀបចំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ធ្វើឡើង​ក្នុង​រដ្ឋបាល​របស់ខ្លួន ដោយ​ជោគជ័យ ពោលគឺ​ប្រជាជន បាន​សម្រេចយក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ដែល​មតិ​មួយចំនួន​មើលឃើញ​ជា​រដ្ឋធម្មនុញ្ញ​ដែល​បម្រើ​ផលប្រយោជន៍​យោធា​នោះ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ការបោះឆ្នោត ក៏​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ឆ្នាំ​២០១៧​ផងដែរ​។

​អ្វី​គួរកត់សម្គាល់​នោះ បើទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា តែងតែ​អះអាង​ម្តង​ហើយ​ម្តងទៀត ថា​ការបោះឆ្នោត​ឆ្នោត ត្រូវតែ​ធ្វើ​នៅ​ឆ្នាំ​២០១៧ ដោយ​កំហិត​ក៏ដោយ លោក តែងតែ​បន្សល់ទុក​ពាក្យសម្តី​ចុងក្រោយ​ថា បើ​ស្រុកទេស នៅតែ​មិនទាន់មាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ពេញលេញ​នៅឡើយ​នោះ លោក ក៏​មិន​ចុះ​ចេញពី​តំណែង​ផងដែរ​។ នេះ ក៏​អាចនិយាយបាន​ដែរ​ថា ការលើក​ពេល​បោះឆ្នោត​អាច ធ្វើ​គ្រប់ពេល ប្រសិន រដ្ឋាភិបាល​របប​សឹក យល់ឃើញថា ស្ថានភាព​ក្នុងប្រទេស​ថៃ មិនទាន់​ល្អ​នោះ​។​

​ងាក​មក​ចាប់អារម្មណ៍​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ស្រី​ដំបូង លោកស្រី យី​ង​ឡាក់ បន្តិច ក្រោយពី ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ហើយ​នោះ លោកស្រី ទំនងជា​គ្មាន​ឱកាស​ដើម្បី​វិល​ត្រលប់​មករក​នយោបាយ​វិញ​បាន​ទៀតឡើយ​។ នោះ ក៏​ព្រោះតែ ក្រៅពី​សភា បានសម្រេច​ផ្អាក​កិច្ចការ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​លោកស្រី​ហើយ​នោះ លោកស្រី ក៏​កំពុងតែ​ប្រឈម​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី ដែល​អាច​ឲ្យ​លោកស្រី មានទោស​ទណ្ឌ និង​ថៃ​ម​ទាំង​សង​សំណង​រាប់លាន​ដុល្លារ​ទៀតផង​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com