អន្តរជាតិ
ចិន ធ្វើ​សមយុទ្ធ​នាវា​ដឹក​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុងស្ថានភាព​តានតឹង
03, Jan 2017 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០២ មករា បានធ្វើ​សមយុទ្ធ​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់ខ្លួន Liaoning លើ​វិញ្ញាសារ​ពីរ​គឺ ចុះចត និង​ហោះហើរ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ សមយុទ្ធ​នេះ ធ្វើឡើង​ស្របពេល​មានរឿង​ប្រទាំង​ប្រទើស​ខ្លាំង​រវាង​ចិន និង​អ្នកជិតខាង​ខ្លួន ដ្បិត​មុនពេល​នៃ​ការធ្វើ​សមយុទ្ធ​នេះ នាវា​ដឹក​យន្តហោះ​នេះ បាន​ឆ្លងកាត់​តំបន់​មានរឿង​ចម្រូងចម្រាស​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​នោះ​។



​សមយុទ្ធ​នាវា​ដឹក​យន្តហោះ​ចម្បាំង Liaoning ដែល​ធ្វើឡើង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មានការ​ចូលរួម​ដោយ​យន្តហោះ​ចម្បាំង​ប្រភេទ J-15 និង​ឧ​ទ្ធ​ម្ភា​ចក្រ​ជាច្រើន​គ្រឿង​ផ្សេងទៀត​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ប្រភព​ការពារ​ជាតិចិន​នៅ​ថ្ងៃទី​០៣ មករា ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម នឹង​ចិន​។ កន្លងមក មិនសូវមាន​ប្រទេស​ពាក់ព័ន្ធ​អាស៊ាន​ទាំង​បួន ប្រើប្រាស់​ដែនសមុទ្រ​ជម្លោះ​នោះ​ដើម្បី​ធ្វើ​សកម្មភាព​យោធា​ប៉ុន្មាន​នោះទេ ពោលគឺ មានតែ​ចិន​នោះទេ តែងតែ​ធ្វើ​សមយុទ្ធ​យោធា ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​សកម្មភាព​ស​ម្ងែ​ង​សាច់ដុំ​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​ជម្លោះ ខណៈពេល​ជម្លោះ​នោះ មិនទាន់មាន​ដំណោះស្រាយ​ច្បាស់លាស់​នៅឡើយ​នោះ​។

​អ្វី​គួរកត់សម្គាល់​នោះ សមយុទ្ធ​នាវា​ដឹក​យន្តហោះ​របស់​ចិន​នេះ ធ្វើឡើង​ក្នុងស្ថានភាព​កំពុង​តែមាន​ភាព​តានតឹង​ស្រាប់​នោះ​។ តានតឹង​នោះ គឺ​មុនពេល​នៃ​ការធ្វើ​សមយុទ្ធ​នោះ មានការ​តវ៉ា​ខ្លាំង​ពី​តៃវ៉ាន់ ដោយបាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​វត្តមាន​របស់​នាវា​ដឹក​យន្តហោះ​របស់​ចិន​ទៅកាន់​តំបន់​មាន​វិវាទ​។

​ជាក់ស្តែង​នោះ ក្រោយពី​វត្ត​មាននៃ​នាវា​ដឹកនាំ​យន្តហោះ បាន​ទៅ​ក្បែរ​នៃ​កោះ​តៃវ៉ាន់ រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ Feng Shih-kuan ក៏បាន​ប្រកាស​ទៅកាន់​យោធា​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​ការគំរាមកំហែង​ពី​គូសត្រូវ​របស់​យើង កំពុងតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យើង គួរតែ​រក្សា​ការត្រៀមខ្លួន​ការប្រយុទ្ធ​គ្រប់ពេលវេលា​។ យើង ត្រូវតែ​ពង្រឹង​ការបណ្តុះបណ្តាល​យោធា​របស់​យើង ដូច្នេះ ពួកគេ​(​ទាហាន​) មិន​ត្រឹមតែ​អាច​រួច​ផុតពី​ការស្លាប់​នោះទេ ក៏ប៉ុន្តែ ក៏​អាច កម្ទេច​សត្រូវ និង​អាចបំពេញ​បេសកម្ម​ផងដែរ​»៕


Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com