ជាតិ
សម្តេច ស ខេង និយាយថា​ត្រូវតែ​លុបបំបាត់​បទល្មើស​នេសាទ​ឲ្យ​បាន ជាដាច់ខាត​
04, Jan 2017 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បញ្ជា​សារជាថ្មី​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​បង្កើន​ការបង្ក្រាប និង​លុបបំបាត់​បទល្មើស​នេសាទ នៅ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​ជាដាច់ខាត​។​

​សម្តេច​ក្រឡាហោម​មានប្រសាសន៍​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២ ខែមករា​កន្លងទៅ​។ សម្តេច ស ខេង បាន​បញ្ជាក់ថា សម្តេច គឺជា​អ្នកដឹកនាំ​ការងារ​ទាំងនេះ​ដោយផ្ទាល់​ឲ្យ​បាន​ជោគជ័យ​។​
 
«​បើ​យើង​មិន​ដោះស្រាយ​ទេ បញ្ហា​នឹង​កើនឡើង​ថែមទៀត​...​។ ខ្ញុំ​និយាយ​ហើយ ខ្ញុំ​ត្រូវធ្វើ​ហើយ គឺ​ខ្ញុំ​អត់​និយាយ​ច្រើន​ទេ​»​។ សម្តេច ស ខេង បាន​បញ្ជា​ឲ្យ​គណបញ្ជាការ​ឯកភាព​រា​ជ​ធានី ខេត្ត​ប្រជុំ ពិនិត្យ​ការងារ​គ្រប់គ្រង​នេសាទ​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ​ឲ្យ​ទៀងទាត់​រួច​ចុះ​ដោះស្រាយ​បញ្ហា​ផ្ទាល់​។​
 
​ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​ក្នុង​អាហារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រហែល​១៥​លាន​នាក់​។ 
​ក្រៅពី​បញ្ហា​បទល្មើស​នេសាទ​នេះ ដែល​សម្តេច ស ខេង បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ពង្រឹង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ផ្សេងៗ​ទៀត​។​
​សម្តេច​ធ្លាប់បាន​ថ្លែង​សារ​អំពី​បញ្ហា​បទល្មើស​នេសាទ​នេះ​ម្តង​រួចមកហើយ កាលពីពេល​ថ្មី​កន្លងទៅនេះ​។ ក្នុង​ពិធី​បទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៦​នៅ​សាលា​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៨ ធ្នូ កន្លងទៅ សម្តេច​រដ្ឋមន្ត្រី​និ​យា​យា​ថា លោក​នឹង​ត្រួតពិនិត្យ​បទល្មើស​នេសាទ​តាមរយៈ​ការ​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​មើល​តំបន់​នេសាទ​មួយចំនួន​ទៀតផង។​
 
​ប៉ុន្តែ លោក មាស នី អ្នកស្រាវជ្រាវ​សង្គម​ម្នាក់ និយាយថា គេ​លំបាក​នឹង​មានជំនឿថា​បញ្ហា​ដដែលៗ​ខាងលើ​នឹង ត្រូវបាន​ដោះស្រាយ​ណាស់ បើ​អាជ្ញាធរ​មិន​អនុវត្ត​តាមច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​មាន​ប្រសិទ្ធភាព​។ បញ្ហា​ប្រព័ន្ធយុត្តិធម៌ តុលាការ និង​សុខាភិបាល ក៏​សុទ្ធតែជា​បញ្ហា​អាទិភាព​សម្រាប់​ជីវភាព​រស់នៅ​របស់ ពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​ទាមទារ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​អ្នកដឹកនាំ និង​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជូន​ពួកគេ​ដែរ តាមរយៈ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​៕

Tag:
 ស ខេង​
  មាស នី​
  មន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com