អន្តរជាតិ
បុគ្គលិក​ក្រុមហ៊ុន​នៅ​បារាំង មាន​សិទ្ធិ​មិន​ឆ្លើយតប​អ៊ី​ម៉ែ​ល​នៅ​ថ្ងៃ​ឈប់សម្រាក​
04, Jan 2017 , 9:10 am        
រូបភាព
ដោយ: ធីតា
​បារាំង បាន​ក្លាយជា​ប្រទេស​ទីមួយ​ដែល​អនុម័ត​ច្បាប់​ស្តីពី «​សិទ្ធិ​ក្នុងការ​ផ្តាច់ទំនាក់ទំនង​» (Droit à la Déconnexion) នៅក្រៅ​ម៉ោង​ធ្វើការ​។ សិទ្ធិ​ដែលមាន​ចែង​ក្នុង​ច្បាប់​ការងារ​នេះ ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ។​



​សម្រាប់​ន​យោ​ជិត​បារាំង ការបដិសេធ​ឆ្លើយតប អ៊ី​ម៉ែ​ល ឬ​មធ្យោបាយ​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និ​ច​នានា ក្នុង​ក្របខណ្ឌ​ក្រុមហ៊ុន ខណៈ​ពួកគេ​ស្ថិតក្នុង​ថ្ងៃ​ឈប់សម្រាក ដោយ​គិត​ទាំង​ពេល​វិស្សមកាល និង​ពេលវេលា​ក្រៅ​ម៉ោង​ធ្វើការ​ផ្សេងៗ បាន​ក្លាយជា​សិទ្ធិ​ស្របច្បាប់​ពេញលេញ​របស់​ពួកគេ​ហើយ​។ នេះ​បើ​យោងតាម​មាត្រា​៥៥​នៃ​ច្បាប់​ការងារ ដែល​ទើបត្រូវ​បានអនុម័ត​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ។​



​លោកស្រី Myriam El Khomri រដ្ឋមន្ត្រីក្រសួង​ការងារ​បារាំង ដែលជា​អ្នក​ផ្តួចផ្តើម​ច្បាប់​ថ្មី​នេះ បាន​គូសបញ្ជាក់​កន្លងមក​ថា ព្រំដែន​រវាង​ជីវិត​ការងារ និង​ឯកជន មានការ​ច្របូកច្របល់​យ៉ាងខ្លាំង ដោយ​ន​យោ​ជិត ហាក់​មានការ​ភ្ជាប់​ទំនាក់​ទំនង​កាន់តែ​ច្រើនឡើងៗ​ក្នុង​ក្របខណ្ឌ​ការងារ​ក្រុមហ៊ុន បើទោះបីជា​ពួកគេ​ឈប់សម្រាក​ក៏ដោយ​។ ដូច្នេះ​ច្បាប់​ថ្មី​នេះ ត្រូវបាន​តាក់តែងឡើង​ដើម្បី​បង្ហាញ​ការគោរព​សិទ្ធិ​ឈប់សម្រាក​របស់​បុគ្គលិក ជាពិសេស​ជីវិត​ឯកជន និង​គ្រួសារ​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន RTBF ការសិក្សា​មួយ​កាលពី​ខែតុលា បង្ហាញថា និយោជិត​បារាំង​ជាង​៦០​ភាគរយ ត្រូវបាន​ទាក់ទង​តាម​អ៊ី​ម៉ែ​ល និង​មធ្យោបាយ​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ ក្នុង​ក្របខណ្ឌ​ការងារ នៅពេលដែល​ពួកគេ​ឈប់សម្រាក​។  «​សិទ្ធិ​ក្នុងការ​ផ្តាច់ទំនាក់ទំនង​» នេះ សំដៅ​ជាពិសេស​សម្រាប់​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ចាប់ពី​៥០​នាក់​ឡើងទៅ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ច្បាប់​នេះ មិនបាន​ចែង​ពី​ការបង្ខំ និង​ការដាក់ទោសទណ្ឌ​អ្វី​នោះឡើយ ដោយ​រដ្ឋាភិបាល​បារាំង ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន និង​បុគ្គលិក ចេះ​ពិភាក្សាគ្នា​លើ​លក្ខខណ្ឌ​ទាក់ទង​នឹង​សិទ្ធិ​ឈប់សម្រាក ជាពិសេស​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ចាប់ពី​៥០​នាក់​ឡើងទៅ ដោយ​ការឈប់​សម្រាក​បុគ្គលិក​ណា​ម្នាក់ នឹងមិន​មាន​ផលប៉ះពាល់​ដល់​សង្វាក់​ការងារ​របស់​ក្រុមហ៊ុន​នោះឡើយ​៕



Tag:
 បារាំង
  ច្បាប់ការងារ
  វិស្សមកាល
© រក្សាសិទ្ធិដោយ thmeythmey.com