អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ប្រើ «​សន្លឹក​បៀ​កូរ៉េខាងជើង​» បង្ខំ ដូ​ណា​ល់ ត្រាំ កុំ​ឲ្យ​ប៉ះពាល់​រឿង​តៃវ៉ាន់​?
04, Jan 2017 , 10:32 am        
រូបភាព
 
​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ក្រុង​ប៉េកាំង​ផ្ទួនៗ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក ត្រាំ រិះគន់​ចិន​ត្រង់​ថា ចិន​មិន​ព្រម​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្ខំ​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ និង​ទុក​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ បន្ត​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​បន្តទៀត​។ ឯ​ចិន​វិញ ខឹង​លោក ត្រាំ ព្រោះ​លោក​ចេះតែ​លូកដៃ​ចូល​កិច្ចការ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​រឿង​ផ្ទៃក្នុង​របស់ខ្លួន និង​ថែមទាំង​ហាម​អ្នក​ក្រៅ​ប៉ះពាល់​រឿងនេះ​ទៀតផង​។

 
​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​កោះ​តៃវ៉ាន់ កំពុង​ក្លាយជា​ប្រធានបទ​នៃ​ការឆ្លើយ​ឆ្លង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង និង​ប្រធានាធិបតី​ជាប់ឆ្នោត​ក្រុង​វ៉ាស៊ីនតោន ដូ​ណា​ល់ ត្រាំ ។ លោក ដូ​ណា​ល់ ត្រាំ ចោទ​ចិន​ថា មិន​ព្រម​ជួយ​ធ្វើ​អ្វី​សោះ និង​បណ្ដែតបណ្ដោយ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​អ្វី​តាម​ទំនើងចិត្ត​របស់ខ្លួន​ទៀត​។ ប៉ុន្តែ​ចិន​អះអាង​វិញ​ថា ខ្លួន​ពិតជា​ជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ ក៏ដូចជា​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ទៀតផង​។​
 
​ជា​ការពិត​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ចិន ហាក់​ដកខ្លួន​ឆ្ងាយ​បន្តិច​ពីរ​បប​កូរ៉េខាងជើង ហើយ​ថែមទាំង​បោះឆ្នោត​បើកផ្លូវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​លើ​កូរ៉េខាងជើង​ផងដែរ​។ ពោល គឺ​ខុសពី​លើក​មុនៗ ដែល​ចិន ព្យាយាម​បង្អាក់​វិធានការ​ខ្លាំងៗ​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ដាក់បន្ទុក​កូរ៉េខាងជើង​នោះ​។ មួយវិញទៀត ក្រុង​ប៉េកាំង ក៏បាន​អនុវត្តតាម​សេចក្ដីសម្រេច​ចុងក្រោយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដោយបាន​ផ្អាក​ការ​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ដែរ​។ 
 
​យ៉ាងណាមិញ ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​មិនសូវ​ពេញចិត្ត​ចិន​ស្រាប់​ផង​នោះ ចង់​ឲ្យ​ចិន​មាន​ចំណាត់ការ​ខ្លាំង​ជាង​នេះ មិនមែន​ត្រឹមតែ​ឈប់​នាំចូល​ធ្យូងថ្ម​ប៉ុណ្ណឹង​ឡើយ​។ ក្នុង​គោលដៅ​ដាក់​សម្ពាធ​ចិន​នោះ លោក ត្រាំ បាន​ប្រើ​សន្លឹក​បៀ «​នយោបាយ​ចិន​តែមួយ​»​ដើម្បី​ធ្វើជា​ថ្នូរ​ឲ្យ​ចិន​ផ្ដល់​សម្បទាន​ត្រឡប់មកវិញ​។ នៅ​ថ្ងៃទី​១១ ខែធ្នូ លោក ត្រាំ បាន​ប្រាប់​ចិន​ចំៗ​ឲ្យ​ផ្ដល់​សម្បទាន​ខ្លះមក​អាមេរិក ជា​ថ្នូរ​នឹង​ការបន្ត​អនុវត្ត​នយោបាយ​ចិន​តែមួយ​។​
 
​សម្បទាន​ដែល​លោក​ចង់បាន គឺ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការជួយ​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្សេងៗ​រួមទាំង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដែល​កំពុង​ជាប់គាំង​នេះ​តែម្ដង​។ លោក ត្រាំ ទំនងជា​គិតថា ក្រុង​ប៉េកាំង​នៅតែមាន​ជំហរ​ការពារ​កូរ៉េខាងជើង​លើ​សំណុំរឿង​នុយក្លេអ៊ែរ​ដដែល​។ ប្រធានាធិបតី​ដែលមាន​សាវតារ​ពី​អ្នកជំនួញ​រូបនេះ បាន​បញ្ជាក់ថា ចិន​ពិតជា​អាចជួយ​រក​ច្រកចេញ​បាន តែ​ចិន​មិនបាន​ជួយ​រក​ច្រកចេញ​ឡើយ​។ 
 
​ការលេង​សន្លឹក​បៀ «​នយោបាយ​ចិន​តែមួយ​» របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក មិនបាន​ធ្វើ​ឲ្យ​ចិន​ពេញចិត្ត​នោះទេ​។ ចិន តែង​ប្រតិកម្ម​ខ្លាំង​ដាក់​អ្នកណា​ដែល​មិន​គោរព​នយោបាយ​ចិន​តែមួយ និង​ងាក​ទៅរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កោះ​តៃវ៉ាន់ ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​មួយ​រហូតមក​។ ក្នុង​គោលបំណង​បិទផ្លូវ​ប្រទេស​ផ្សេង​ដែល​ចង់​មាន​ទំនាក់​ទំនងជា​តៃវ៉ាន់ ចិន ក៏​ប្រកាស​ជា​ចំហ​ដែរ​ថា ការគោរព​នយោបាយ​ចិន​តែមួយ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការ​ចងស្ពានមេត្រី​ជាមួយ​ខ្លួន​។  
 
១. ចិន​ថា ខ្លួន​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ពី​ឧបទ្វីប​កូរ៉េ 
​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្ដី បញ្ហា​តៃវ៉ាន់​ក្ដី សុទ្ធសឹង​ជា​បញ្ហា​ប្រឈម​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ក្នុងការ​រក្សា​មិត្តភាព​ជាមួយ​ចិន បន្ថែម​ពីលើ​បញ្ហា​សេដ្ឋកិច្ច​ដែលជា​បញ្ហា​ស្រាប់​ហើយ​នោះ​។ អំឡុងពេល​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្រុង​វ៉ាស៊ីនតោន មិនសូវ​ជា​និយាយ​ប៉ះពាល់​ខ្លាំង​រឿង​កោះ​តៃវ៉ាន់​ឡើយ ហើយ​ជានិច្ច​កាលនោះ ទាំង​អាមេរិក និង​ចិន ហាក់​មាន​ជំហរ​ស្របគ្នា​លើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ​។​
 
​យ៉ាងណាក្ដី គ្រាន់តែ​ឈ្នះឆ្នោត និង​មិនទាន់​កាន់អំណាច​ផង​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ចិន​ដែល​មិន​ព្រម​ឈប់​គាំទ្រ​កូរ៉េខាងជើង និង​ថែមទាំង​ហ៊ាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ផ្គើន​ចិន​ទៀតផង​។ ប៉ុន្តែ​ក្រុង​ប៉េកាំង បាន​និយាយ​ការពារ​ខ្លួន​ដែរ​ថា ការប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ធានាថា ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ គឺជា​រឿង​ច្បាស់លាស់​ណាស់ ហើយ​គេឯង​ក៏បាន​ដឹងលឺ​ពី​ចំណាត់ការ​ផ្សេងៗ​របស់ខ្លួន​ដែរ និង​ប្រា​ប់លោក ត្រាំ ឲ្យ​គោរព​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ផងដែរ​។​
 
​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​៣ ខែមករា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ចិន តែង​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នានា​ស្ដីពី​បញ្ហា​កូរ៉េខាងជើង និង​បាន​ចូលរួម​បោះឆ្នោត​លើ​សេចក្ដីសម្រេច​ជាច្រើន​ទៀត​។ សកម្មភាព​ទាំងនេះ បង្ហាញ​ពី​ចរិត​ទទួលខុសត្រូវ​របស់​ចិន​លើ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ចិន​ក៏​ស្នើ​ឲ្យ​ភាគី​ទាំងឡាយ ចៀសវាង​ចាក់​សាំង​លើ​ភ្លើង និង​ងាក​ចូល​តុ​ចរចា​ឲ្យ​បាន​ឆាប់​បំផុត​។​
 
២. ចិន ប្រើ​បញ្ហា​កូរ៉េខាងជើង ជា​ថ្នូរ​កុំ​ឲ្យ ដូ​ណា​ល់ ត្រាំ ប៉ះពាល់​រឿង​តៃវ៉ាន់​
​ជាមួយនឹង​ការឆ្លើយ​ឆ្លង​នេះ ចិន ដូចជា​កំពុង​ប្រើ​សន្លឹក​បៀ​កូរ៉េខាងជើង ធ្វើជា​ថ្នូរ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ឈប់​លូកលាន់​បញ្ហា​កោះ​តៃវ៉ាន់​ទៀត​។ ចិន ខឹង​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់លោក ត្រាំ ដែល​មក​កកូរកកាយ​រឿង​ក្នុងផ្ទះ​របស់ខ្លួន​នោះ​។ ចិន រឹតតែ​មិន​សប្បាយចិត្ត​ពេល​លឺថា ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នឹង​ឈប់​សំចត​លើទឹក​ដី​អាមេរិក​ក្នុង​ដំណើរ​ទៅកាន់​តំបន់​អាមេរិក​ឡាទីន​នោះ​។ 
 
​មហា​យក្ស​ចិន​ដែល​ឈ្នះ​សង្គ្រាម​ជាមួយ​តៃវ៉ាន់​ឆ្នាំ ១៩៤៩​នោះ មាន​មន្ទិលសង្ស័យ​ខ្លាំង​ថា រដ្ឋាភិបាល​តៃវ៉ាន់​នឹង​ចាប់ផ្តើម​ស្វះ​ស្វែងរក​ការប្រកាស​ឯករាជ្យ​នៅពេល​ខាងមុខ ខណៈដែល​រដ្ឋបាល​ថ្មី​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ មាន​ទំនោរ​គាំទ្រ​កោះ​តៃវ៉ាន់​នេះ​ទៀត​។ កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺ លោក ត្រាំ អាច​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ទល់មុខ​គ្នា​ពេល​លោកស្រី​ចុះចត​នៅ​ក្រុង​ញូវយ៉ក​ទៀតផង​។ វា​ជា​សកម្មភាព​មួយ​ដែល​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​ជាក់​ជាមិនខាន​។​
 
​អាច​និយាយបានថា ចិន ហាក់ដូច​ជាយ​ករឿង​កូរ៉េខាងជើង ដែល​ជាប់​ស្ញេញ​រក​ច្រកចេញ​មិនឃើញ ជាការ​ដោះដូរ​សម្រាប់​រឿង​តៃវ៉ាន់​តែម្ដង​។ កន្លងមក ក្រសួងការបរទេស​ចិន​បាន​ទទូច​សុំ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បិទ​មិន​ឲ្យ​លោកស្រី​ប្រធានាធិបតី​តៃ​វាន់​ចូល​ទឹកដី​អាមេរិក​ដែរ​។ ចិន ក៏បាន​បន្ទន់​ជំហរ​ច្រើន​លើ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​អាច​ចាត់ទុកជា​សម្បទាន​ទៅ​ឲ្យ​អាមេរិក ហើយ​ត្រឡប់មកវិញ រដ្ឋបាល​ថ្មី​របស់លោក ត្រាំ ទំនងជា​ធ្វើ​ដូច​រដ្ឋបាល​អាមេរិក​មុនៗ ដោយ​មិន​ប៉ះពាល់​នយោបាយ​ចិន​តែមួយ​ឡើយ​៕ 
 
 

Tag:
 ចិន​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com