អន្តរជាតិ
លោក Duterte សារភាពថា «​បងប្អូន​ជីដូនមួយ​» លោក ក៏​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​ជ្រុលនិយម ISIS ដែរ​
04, Jan 2017 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះ​ការ​រឹតបន្តឹង​សន្តិសុខ​ក្នុងស្រុក បាន​ក្លាយជា​កិច្ចការ​អាទិភាព​មួយ​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ក៏ដោយ ការគំរាមកំហែង និង​ឧប្បទ្ទវ​ហេតុដែល​បង្កដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែលមាន​បណ្តាញ​នៅ​ហ្វីលីពីន​នៅតែ​បន្ត​កើតមាន​។ ជាមួយនឹង​ការ​ប្តេ​ជា​ចិត្ត​ដើម្បី​ដោះស្រាយ និង​ប្រឆាំង​ការពារ​នឹង​ការគំរាមកំហែង​នេះ លោក​ប្រធានាធិបតី ក៏បាន​សារភាព​ដែលថា លោក ក៏មាន​សាច់ញាតិ​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុលនិយម​ដែរ​។​



​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​អះអាង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​ក្នុងស្រុក Rappler ថា​ក្រុម​និយម​រដ្ឋ​ឥស្លាម​(ISIS) មាននៅ​គ្រប់ទិសទី ដែល​រាប់បញ្ចូល​ទាំង​នៅក្នុង​ប្រទេស​ហ្វីលីពីន​ផងដែរ​។ តែ​យ៉ាងណាក៏ដោយ លោក បន្ថែមថា លោក មិនទាន់​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បញ្ហា​នេះ​បាន​នៅឡើយ​នោះទេ ដោយ​លោក គ្រាន់តែ​អាច​និយាយថា លោក បាន​ពិភាក្សា​ជាមួយនឹង​ប្រមុខ​ការពារ និង​ណែនាំ​ឲ្យ​មន្ត្រី​សន្តិសុខ រឹតបន្តឹង​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ជា​ប្រធានាធិបតី​ហ្វីលីពីន​ទីមួយ​ដែល​សារភាពថា​បណ្តាញ​ក្រុម​ជ្រុលនិយម​ពិតជា​មាននៅ​ហ្វីលីពីន លោក ឌើ​ទើ​តេ ថែមទាំង​ហ៊ា់ន​និយាយ​ត្រង់ៗ​ថា សាច់ញាតិ​របស់លោក ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជ្រុលនិយម​នោះដែរ​។ លោក បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖« និយាយ​ឲ្យ​ត្រង់​ចុះ ខ្ញុំ មាន​បងប្អូន​ជីដូនមួយ​ដែលជា​សមាជិក​របស់​ក្រុម​ឧទ្ទាម​ទាហាន​ឯករាជ្យ​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ​(MISF) និង​ក្រុម​រណសិរ្ស​រំដោះជាតិ​ម៉ូ​រ៉ូ​(MNLF)​។ ខ្ញុំ​លឺថា អ្នកខ្លះ ក៏​នៅ​ជាមួយនឹង​ក្រុម ISIS ដែរ​»​។

​ឆ្លៀតឱកាស​នោះ លោក​ប្រធានាធិបតី ក៏បាន​ផ្ញើ​សារ​ព្រមាន​ផង និង​សុំទោស​ផង​ចំពោះ​លទ្ធភាព​នៃ​ការប្រឈមមុខ​ខាងមុខ ដោយបាន​លោក និយាយថា​៖«​អ្នក គឺជា​អ្នក ហើយ​ខ្ញុំ គឺជា​ខ្ញុំ​។ ប្រសិនបើ​យើង​ជួបគ្នា នៅ​ម្ខាង​ម្នាក់ យើង ដឹង​ហើយ​ថា​នឹង​ត្រូវធ្វើ​បែប​នោះ​»​។

​សូម​ជម្រាប​ផងដែរ​ថា ហ្វីលីពីន គឺជា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ ដ្បិត មាន​ប្រជុំ​កោះ​ជាច្រើន ហើយ ក៏មាន​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ជាច្រើន​ផងដែរ​។ ជាពិសេស​នោះ ក្រុម​ឧទ្ទាម​ឥស្លាម Abu Sayyaf ដែលជា​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​នៅ​ហ្វីលីពីន ដែល​កន្លងមក​បានធ្វើ​សកម្មភាព​គំរាមកំហែង​សន្តិសុខ និង​សុវត្ថិភាព​ក្នុងស្រុក​។ ហើយ​ជាងនេះទៅទៀត​នោះ ក្រុម​ឧទ្ទាម​នេះ ក៏​ធ្លាប់​បានប្រកាស​គាំទ្រ​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ជ្រុលនិយម ISIS ផងដែរ​៕


Tag:
 ហ្វីលីពីន​
  ISIS
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com