អន្តរជាតិ
ហ្វាំ​ង​ឡង់​៖ អ្នក​អត់​ការងារ​ធ្វើ នឹង​បាន​បៀវត្ស​មូលដ្ឋាន​៥៨៦​ដុល្លារ​ក្នុង​មួយខែ​
04, Jan 2017 , 8:19 pm        
រូបភាព
​សាធារណរដ្ឋ​ហ្វាំ​ង​ឡង់ ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែលមាន​ជីវភាព​រស់នៅ​កម្រិត​ខ្ពស់​មួយ ដោយ​ប្រជាជន​ទទួលបាន​សេវា​ឥតគិតថ្លៃ​យ៉ាងច្រើន​ពី​រដ្ឋាភិបាល​។ បន្ថែម​ពីលើ​នេះ ហ្វាំ​ង​ឡង់ នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក ដែល​នឹង​ផ្ដល់ប្រាក់​ចំណូល​មូលដ្ឋាន​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ​មកពី​វិស័យ​ផ្សេងគ្នា​។ គម្រោង​ផ្ដល់​ប្រាក់ចំណូល​ថ្នាក់ជាតិ​នេះ ជា​ពិសោធន៍​មួយ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​, ជំរុញ​ឲ្យ​ប្រជាជន​ចូលធ្វើការ ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ផងដែរ​។​



​ប្រជាជន​ហ្វាំ​ង​ឡង់​២០០០​នាក់ ដែល​អត់​ការងារ​ធ្វើ និង​មាន​អាយុ​ចន្លោះ​២៥​ឆ្នាំ ទៅ​២៨​ឆ្នាំ នឹងត្រូវ​បានជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ពិសោធន៍​មួយ​។ ក្នុង​ពិសោធន៍​ដែល​ត្រូវធ្វើ​រយៈពេល​២​ឆ្នាំ អ្នក​អត់​ការងារ​ធ្វើ​ទាំងនោះ នឹង​ទទួលបាន​ប្រាក់ចំណូល​ប្រចាំខែ​ចំនួន​៥៨៦​ដុល្លារ ដោយ​មិន​គិត​ពន្ធ និង​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ​។ ប្រាក់ចំណូល​ប្រចាំខែ​ថ្មី នឹងត្រូវ​ផ្ដល់​ជំនួស​ផលប្រយោជន៍​សង្គម​ផ្សេងទៀត​ដែល​រដ្ឋ​កំពុង​ផ្ដល់ជូន និង​ត្រូវ​ផ្ដល់​ឲ្យ​រហូត បើទោះជា​ពួកគេ​មាន​ការងារ​ក៏ដោយ​។​

​បើតាម​សារព័ត៌មាន The Guardian វិទ្យាស្ថាន​ធានារ៉ាប់រង​សង្គម (KELA) ដែល​ទទួលបន្ទុក​លើគ​ម្រោ​ង​នេះ និយាយថា ពិសោធន៍​សាកល្បង​នេះ មាន​គោលដៅ​កាត់បន្ថយ​ដំណើរការ​ស្មុគស្មាញ​នៃ​ការិយាធិបតេយ្យ និង​ជាងនេះទៅទៀត គឺ​ការកាត់បន្ថយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​តែម្ដង ព្រោះ​អត្រា​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​នេះ​មាន​កម្រិត​៩.៤​ភាគរយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​បច្ចុប្បន្ន មិនបាន​ជំរុញ​ឲ្យ​អ្នក​អត់​ការងារ រក​ការងារ​ឡើយ ដ្បិត​ពួកគេ​ទទួលបាន​សេវា​ច្រើន​ពី​រដ្ឋាភិបាល​។​

​ផែនការ​ថ្មី​ដែល​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧ នឹង​ជំរុញ​ឲ្យ​ប្រជាជន​អត់​ការងារ​ធ្វើ​ទាំងឡាយ ព្យាយាម​រកមុខ​របរ​ចិញ្ចឹមជីវិត​ដោយ​មិនចាំបាច់​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ឡើយ ដ្បិត​នៅពេល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​ការពិសោធ​នេះ ពួកគេ មិនអាច​ទទួលបាន​អត្ថប្រយោជន៍​សង្គម​បាន​ដូច​មុន​ឡើយ​។ ម្យ៉ាងទៀត ការភ័យខ្លាច​បាត់បង់​អត្ថប្រយោជន៍​សង្គម​នេះ នឹង​នាំ​ឲ្យ​ពួកគេ​រក​ការងារ​ដោយ​ប្រិតប្រៀន​ផងដែរ​។​

​នរណា​ក៏​ដឹង​ដែរ​ថា ហ្វាំ​ង​ឡង់ ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​បានផ្ដល់​សេវា​មូលដ្ឋាន​ឥតគិតថ្លៃ​យ៉ាងច្រើន​ដល់​ប្រជាជន​របស់ខ្លួន រាប់ទាំង​សេវាកម្ម​សុខាភិបាល ប្រាក់ឧបត្ថម្ភ​ប្រចាំខែ និង​ការអប់រំ​ជាដើម​។ យ៉ាងណាមិញ គុណវិបត្តិ​នៃ​អត្ថប្រយោជន៍​ទាំងនេះ គឺ​ប្រជាជន​អត់​ការងារ​ធ្វើជា​ច្រើន មិន​ចង់រក​ការងារ​ធ្វើ ឬ​រើស​ការងារ​ទៀតផង ដ្បិត​បើទោះជា​អត់​ការងារ ក៏មាន​រដ្ឋ​ចិញ្ចឹម​ដែរ ដែល​រឿង​នេះហើយ​ទើប​ធ្វើ​ឲ្យ​អត្រា​អត់​ការងារ កើនឡើង​ខ្លាំង​។ 

​មួយវិញទៀត​នោះ គម្រោង​ប្រាក់ខែ​មូលដ្ឋាន​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ​នេះ កំពុង​ត្រូវបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​។ ប្រជាជន​នៅ​អឺរ៉ុប​ភាគច្រើន ចង់បាន​គម្រោង​របៀប​នេះ​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ​។ សម្រាប់​ហ្វាំ​ង​ឡង់ នេះ​គឺជា​គម្រោង​ពិសោធន៍​ថ្នាក់ជាតិ ដែល​ខុសពី​ប្រទេស​អឺរ៉ុប​ដទៃ ដែលមាន​ត្រឹម​ថ្នាក់​ខេត្ត ឬ​ក្រុង​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ នឹង​ពិនិត្យមើល​លទ្ធផល​នៃ​គម្រោង​នេះ​ក្នុង​ឆ្នាំ​២០១៩ មុននឹង​សម្រេចចិត្តថា គួរ​បន្ត​គម្រោង​នេះ​ទៀត​ឬ​យ៉ាងណា​៕ 


Tag:
 ​អឺរ៉ុប​
  ហ្វាំ​ង​ឡង់​
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com