អន្តរជាតិ
អស់ពី​ក្រុមហ៊ុន FORD ដូ​ណា​ល់ ត្រាំ គំរាម​ដំឡើង​ពន្ធ​នាំចូល​លើ​ក្រុមហ៊ុន​ឡាន GM ម្ដង​
04, Jan 2017 , 4:03 pm        
រូបភាព
​មិនទាន់​ទាំង​ស្បថ​ចូលកាន់​តំណែង​ផង​នោះ ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​កណ្ដាប់ដៃ​ដែក ដាក់​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ដែល​រកស៊ី​នៅក្រៅ​ប្រទេស ជាពិសេស​ម៉ិ​ក​ស៊ិ​ក​តែម្ដង​។ លោក ត្រាំ ទើបតែ​ទទួលជោគជ័យ​ក្នុងការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​ឡាន FORD លុបចោល​គម្រោង​បង្កើត​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក​។ ចុងក្រោយ​នេះ លោក​ក៏​គំរាម​ក្រុមហ៊ុន​ឡាន General Motors (GM) ដែល​កំពុង​ផលិត​ឡាន​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​ថែមទៀត​។

 


​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ​នាំចូល​លើ​ក្រុមហ៊ុន​ផលិត​ឡាន GM បើ​ក្រុមហ៊ុន​នេះ​មិន​ព្រម​បិទ​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក និង​ងាក​មក​បើក​រោងចក្រ​នៅ​ទឹកដី​អាមេរិក​វិញ​ទេនោះ​។ លោក ត្រាំ ដែលមាន​នយោបាយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​អាមេរិក ប្រឆាំង​ដាច់ខាត​ក្រុមហ៊ុន​អាមេរិក​ណា ដែលមាន​រោងចក្រ​នៅ​បរទេស ដោយ​អះអាងថា រោងចក្រ​ទាំងនោះ​បង្កើត​ការងារ​ឲ្យ​ជនជាតិ​ដទៃ និង​ជាការ​លួច​យក​ការងារ​ពី​ជនជាតិ​អាមេរិក​។​


​ដូច​សព្វ​ដងនោះ លោក ត្រាំ បាន​ប្រើ​គណនី Twitter របស់លោក​ដើម្បី​គំរាម​ក្រុមហ៊ុន​អាមេរិក​ទាំងឡាយ ដែល​មិនទាន់​កសាង​រោងចក្រ​របស់ខ្លួន​លើទឹក​ដី​អាមេរិក​។ នៅ​ថ្ងៃទី​៣ ខែមករា ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូបនេះ បាន​សរសេរ​សារ​គំរាម​ក្រុមហ៊ុន​ផលិត​ឡាន GM លើ Twitter ថា​៖«General Motors កំពុង​នាំចូល​ឡាន​ម៉ាក Chevy Cruze ដែល​ផលិត​នៅ​ម៉ិ​ក​ស៊ិ​ក មកកាន់​ក្រុមហ៊ុន​ចែកចាយ​បន្ត​នៅ​អាមេរិក​ដែល​មិន​គិត​ពន្ធ​។ ផលិត​នៅ​អាមេរិក ឬ​ត្រូវ​បង់ពន្ធ​ព្រំដែន​ដ៏​ច្រើន​!»

​បើតាម​សារព័ត៌មាន CNBC បន្ទាប់ពី​ការ​គំរាម​របស់លោក ត្រាំ ក្រុមហ៊ុន​ផលិត​ឡាន GM ក៏បាន​ឆ្លើយ​វិញ​ថា ឡាន​ម៉ាក Chevy Cruze ភាគច្រើន​ផលិត​នៅ​អាមេរិក​ផ្ទាល់ ហើយ​មានតែ​បរិមាណ​តិចតួច​ប៉ុណ្ណោះ ដែល​ផលិត​នៅ​ម៉ិ​ក​ស៊ិ​ក រួច​នាំ​ចូលមក​លក់​នៅ​អាមេរិក​។ ក្រុមហ៊ុន GM បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ឡាន​ម៉ាក Chevrolet Cruze sedan ផលិត​នៅ​រដ្ឋ Ohio ឯ​ឡាន​ម៉ាក Chevrolet Cruze hatchback ផលិត​នៅ​ម៉ិ​ក​ស៊ិ​ក​សម្រាប់​ទីផ្សារ​ពិភពលោក និង​អាមេរិក​ខ្លះ​។​

​ដោយសារ​នយោបាយ​រប​ស់លោក ត្រាំ ក្រុមហ៊ុន​ផលិត​ឡាន​ដ៏​ធំ​របស់​អាមេរិក FORD ទើបតែ​សម្រេចចិត្ត​លុបចោល​គម្រោង​សាងសង់​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក​។ ក្រុមហ៊ុន FORD ប្រកាស​នៅ​ថ្ងៃទី​៣ ខែមករា ថា ខ្លួន​នឹង​លុបចោល​គម្រោង​រោងចក្រ​តម្លៃ​១.៦​ពាន់​លាន​ដុល្លារ​នៅ​ម៉ិ​ក​ស៊ិ​ក ហើយ​ជំនួស​មកវិញ ខ្លួន​នឹង​វិនិយោគ​រោងចក្រ​ថ្មី​តម្លៃ​៧០០​លាន​ដុល្លារ​នៅ Michigan វិញ​។ លោក ត្រាំ បាន​ហៅ​ការសម្រេចចិត្ត​របស់ FORD ថា ស្រប​គោលនយោបាយ​របស់លោក​។​

​សូម​រម្លឹក​ដែរ​ថា តាំងពី​ក្នុង​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មកម្ល៉េះ ដែល​លោក ត្រាំ សន្យា​បង្កើត​ការងារ​សម្រាប់​ប្រជាជន​អាមេរិក តាមរយៈ​ការហៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ទាំងឡាយ មករក​ស៊ី ឬ​បើក​រោងចក្រ​របស់ខ្លួន​នៅ​អាមេរិក​វិញ​។ ជាមួយ​គោលនយោបាយ​គាំពារ​និយម​នោះ លោក ក៏​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ដូចជា​កិច្ចព្រមព្រៀង​សេរី​អាមេរិក​ខាងជើង (NAFTA) និង​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក (TPP) ទៀតផង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  GM
  FORD
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com