អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង នឹង​បង្កើត​អង្គភាព​ទ័ព​ពិសេស​ដើម្បី​កម្ទេច​ក្បាលម៉ាស៊ីន​បញ្ជា​កងទ័ព​កូរ៉េខាងជើង​
05, Jan 2017 , 7:39 am        
រូបភាព
ប្រមុខការពារជាតិកូរ៉េខាងត្បូង Han Min-koo
ប្រមុខការពារជាតិកូរ៉េខាងត្បូង Han Min-koo
 
 
​រយៈពេល​ចុងក្រោយ​នេះ ក្រុង​សេ​អ៊ូ​ល បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​វាយប្រហារ​ពី​កូរ៉េខាងជើង​។ ក្រុង​សេ​អ៊ូ​ល បាន​បង្កើនល្បឿន​ក្នុងការ​បង្កើត​អង្គភាព​ទ័ព​ពិសេស ដែលមាន​គោលដៅ​កម្ទេច​ក្បាលម៉ាស៊ីន​បញ្ជា​កងទ័ពរ​បស់​កូរ៉េខាងជើង ក្នុងករណី​កូរ៉េ​ទាំងពីរ​ពិតជា​ចៀស​មិន​ផុតពី​ការធ្វើ​សង្គ្រាម​មែន​នោះ​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Han Min-koo បានប្រកាសថា ក្នុង​ឆ្នាំ​២០១៧ នេះ​ខ្លួន​រៀបចំ​ទ័ព​ពិសេស​មួយ​កងពល ដែល​ទទួលខុសត្រូវ​បង្អាក់​ដំណើរការ​របស់​ក្បាលម៉ាស៊ីន​យោធា​ក្រុង​ព្យុងយ៉ាង ក្នុងពេល​មាន​សង្គ្រាម​កើតឡើង​។ នេះ​ជាការ​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង​ការពារ​ខ្លួន​របស់​កូរ៉េខាងត្បូង ដែល​រង​ការ​គំរាម​ពី​សំណាក់​កូរ៉េខាងជើង​ជា​បង​បង្អូន ខណៈ​គម្រោង​បង្កើត​ទ័ព​ពិសេស​នេះ គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៩ ខាងមុខ​ឯណោះ​ទេ​។​
 
​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​៤ ខែមករា ដែល​ចូលរួម​ដោយ​ប្រធានាធិបតី​ស្ដីទី Hwang Kyo-ahn ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង និយាយថា ការបង្កើន​ការការពារ​ទល់នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ជា​រឿង​អាទិភាព​របស់​យោធា​កូរ៉េខាងត្បូង​។ ពោល គឺ​សេ​អ៊ូ​ល ប្រុងប្រៀប​ទប់ទល់​ទាំងអស់​សូម្បីតែ​ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ក៏ដោយ​។ 
 
​បើតាម​សារព័ត៌មាន Yonhap លោក Han Min-koo សង្កត់ធ្ងន់ថា​៖ «​យើង​កំពុង​រៀបចំ​ផែនការ​បង្កើត​កងពល​តូច​ពិសេស ដែលមាន​គោលដៅ​កម្ទេច ឬក៏​យ៉ាងហោចណាស់​បង្អាក់​រចនា​សម្ព័ន្ធ​បញ្ជា​កងទ័ព​របស់​កូរ៉េខាងជើង ក្នុងករណី​មានការ​គំរាម​ពី​ក្រុង​ព្យុង​យ៉ាងនោះ​»​។ 
 
​ក្នុង​ប្រជុំ​ដែល​សំដៅ​សង្ខេប​នយោបាយ​ការពារជាតិ​ប្រចាំឆ្នាំ​ថ្មី រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​រូបនេះ ផ្ដល់ព័ត៌មាន​លម្អិត​ជាច្រើន​ជុំវិញ​បរិមាណ​នៃ​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម និង​អ៊ុយ​រ៉ានី​ញ៉ូ​ម ដែល​កូរ៉េខាងជើង​មាន​ក្នុង​ឃ្លាំង​របស់ខ្លួន​។ វត្ថុ​ធាតុគីមី​ទាំងពីរ ជា​សារធាតុ​សំខាន់​ក្នុង​ការបង្កើត​នុយក្លេអ៊ែ​រ​។ រដ្ឋបាល​សេ​អ៊ូ​ល ប៉ាន់​ស្មានថា កូរ៉េខាងជើង មាន​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ចំនួន​៤០​គីឡូក្រាម ដែល​គ្រប់គ្រាន់​សម្រាប់​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ពី​៤ ទៅ​៨​គ្រាប់​។​
 
​ជាមួយគ្នា​នោះ កូរ៉េខាងត្បូង ក៏​នឹង​ព​ន្លឿ​ន​ផែនការ​ពង្រាយ​អាវុធ​ទំនើបៗ​ដើម្បី​ការពារ​ខ្លួន​នៅ​ឆ្នាំ​ខាងមុខ ដោយ​មិនចាំបាច់​រង់ចាំ​ដល់​ផែនការ​ដើម​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២០ ឡើយ ដ្បិត​ការ​គំរាម​ពី​សំណាក់​កូរ៉េខាងជើង កើនឡើង​ខ្លាំង​នាពេល​ចុង​ក្រោយនេះ​។ ដោយឡែក ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាកាស THAAD របស់​អាមេរិក ក៏ត្រូវ​ពង្រាយ​តាម​ផែនការ​ដែរ សំដៅ​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ថែម​ពីលើ​ប្រព័ន្ធ​ការពារ​ដែល​អភិវឌ្ឍ​ក្នុងស្រុក​ស្រាប់​ហើយ​នោះ​៕  
 
 

Tag:
 ឧបទ្វីប​កូរ៉េ​
  Han Min-koo
© រក្សាសិទ្ធិដោយ thmeythmey.com