អន្តរជាតិ
​ឥណ្ឌូណេស៊ី ផ្អាក​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​យោធា​ជាមួយនឹង​អូស្ត្រាលី ក្រោយ​យោធា​ខ្លួន​រង​ការប្រមាថ​ពេល​ហ្វឹកហ្វឺន
04, Jan 2017 , 10:19 pm        
រូបភាព
កងទ័ពឥណ្ឌូណេស៊ី
កងទ័ពឥណ្ឌូណេស៊ី
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​ផ្អាក​កិច្ចសហប្រតិបត្តិការ​យោធា​គ្រប់​ទម្រង់​ជាមួយនឹង​រដ្ឋាភិបាល​អូស្ត្រាលី ក្រោម​ហេតុផល​បច្ចេកទេស​លើ​ការហ្វឹកហាត់​យោធា​។ ក៏ប៉ុន្តែ​ឥណ្ឌូណេស៊ី អះអាងថា កិច្ចប្រតិបត្តិការ​នេះ អាច​នឹង​បន្ត​ឡើងវិញ​នៅពេល​មួយ ដែល​បញ្ហា​ត្រូវបាន​ដោះស្រាយ​រវាង​រដ្ឋាភិបាល​ទាំងពីរ​។​



​លោក​ឧ​ត្ត​ម​សេនីយ៍ Wuryanto អ្នកនាំពាក្យ​កងកម្លាំង​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​០៤ មករា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចសហប្រតិបត្តិការ​យោធា​គ្រប់​ទម្រង់​រវាង​ឥណ្ឌូណេស៊ី និង​អូស្ត្រាលី ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​តាំងពី​ខែធ្នូ​កន្លងទៅ​។ មាន​បញ្ហា​បច្ចេកទេស​ជាច្រើន ត្រូវ​ពិភាក្សា ដែល​បញ្ហា​ទាំងនោះ ក៏​រាប់បញ្ចូល​ទាំង​បញ្ហា​នៃ​ការប្រើប្រាស់​សម្ភារ​ប្រមាថ​មួយចំនួន​ដែល​ត្រូវបាន​រកឃើញ​នៅ​មូលដ្ឋាន​យោធា​អូស្ត្រាលី​។ ហើយ​កិច្ចសហប្រតិបត្តិការ ក៏​អាច​នឹង​បន្ត​នៅពេល​ណាមួយ​ផងដែរ​នៅពេលដែល​បញ្ហា​បាន​ដោះស្រាយ​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​តែបើ​តាម​សារព័ត៌មាន The Sydney Morning Herald ដែល​បាន​ដកស្រង់​ពី​គេហទំព័រ​ឥណ្ឌូណេស៊ី Kompas ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ផ្សេងទៀត​នៃ​ការផ្អាក​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​នោះ​គឺ ដោយសារតែ កងកម្លាំង​ពិសេស​ឥណ្ឌូណេស៊ី ដែល​ទទួលបាន​វគ្គ​ហ្វឹកហ្វឺន​នៅ​អូស្ត្រាលី យល់ឃើញថា​ពួកគេ បាន​រង​នូវ​ការប្រមាថ​ទាំង​តាមរយៈ​សម្ភារ​ហ្វឹកហ្វឺន និង​សំណេរ​ប៉ះពាល់​ដល់​មនោគមន៍​មូលដ្ឋាន​របស់​ឥណ្ឌូណេស៊ី​ដែលមាន​ឈ្មោះថា​«Pancasila»​។

Pancasila គឺជា​មនោគមន៍វិជ្ជារ​ដ្ឋ​របស់​ឥណ្ឌូណេស៊ី ដែល​ផ្តោត​សំខាន់​លើ​គោលការណ៍​ចម្បង​ដូចជា សាសនា អារ្យធម៌ យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ និង​ការរួបរួម​។

​តាមពិតទៅ នេះ មិនមែនជា​លើកដំបូង​ឡើយ​ដែល​ឥណ្ឌូណេស៊ី ប្រកាស​ផ្អាក​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយនឹង​អូស្ត្រាលី​នោះ​។ នៅ​ឆ្នាំ​២០១៣​កន្លងទៅ ប្រទេស​ទាំងពីរ ក៏​ធ្លាប់មាន​បញ្ហា​ជាមួយនឹង​គ្នា​ខ្លាំង​ផងដែរ ក្រោយពី ឥណ្ឌូណេស៊ី បាន​រកឃើញថា អូស្ត្រាលី បានធ្វើ​ចារកម្ម​លើ​ប្រ​ធានា​ធីប​តី​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០០៩​នោះ​៕


Tag:
 ឥណ្ឌូណេស៊ី​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com