អន្តរជាតិ
ប្រមុខ​ការពារជាតិ​ថៃ បញ្ជាក់​ជាថ្មី ថា ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​ឆ្នាំ​២០១៧ មិនអាច​លើក​ពេល​ឡើយ
04, Jan 2017 , 10:59 pm        
រូបភាព
ប្រភពរូបភាព៖ Today Online
ប្រភពរូបភាព៖ Today Online
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​បាងកក នៅ​ថ្ងៃទី​៤ មករា បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ការបោះឆ្នោត​សកល ឬ​ជ្រើសរើស​នាយករដ្ឋមន្ត្រី នៅតែ​ប្រព្រឹត្តឡើង​ក្នុង​ឆ្នាំ​២០១៧​នេះ​ដដែល​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី សមាជិកសភា​ថៃ​ម្នាក់ បាន​លើកឡើងថា ការបោះឆ្នោត​ថៃ មិនអាច​ធ្វើទៅ​រួច​បាន​ឡើយ ដ្បិត​មានច្បាប់​ចម្រូងចម្រាស​ច្រើន មិនទាន់​បានអនុម័ត​។



​ទំនងជា​ពាក្យសម្តី​របស់​អ្នកនាំពាក្យ​មិនទាន់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របប​សឹក​ថៃ​ស្ងប់ចិត្ត​ហើយ លោក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ Prawit Wongsuwan នៅ​ថ្ងៃទី​០៤ មករា បាន​ថ្លែងប្រាប់​អ្នកព័ត៌មាន​ដោយផ្ទាល់​ពី​ការមិន​ប្រែប្រួល​នៃ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​។ លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិនអាច​លើក​ពេល​បានឡើយ​។ វា គឺជា​ពេល​កំណត់​។ អ្វីដែល​សមាជិក​រដ្ឋសភា​និយាយ គឺ​រឿង​របស់គេ​នោះទេ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភា្ន​ក់​ងារ​ព័ត៌មាន Reuters​។

​សូម​រម្លឹក​បន្តិច​ថា នៅ​ថ្ងៃទី​០២ មករា​កន្លងទៅ សមាជិក​រដ្ឋសភា​ថៃ​លោក Somjet Boonthanom បាន​អះអាងថា ការបោះឆ្នោត​សកល​ឆ្នាំនេះ នឹងត្រូវ​ពន្យារពេល​ដល់​ឆ្នាំក្រោយ​ដ្បិត​ថៃ ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អនុម័ត​ច្បាប់ ខណៈ​ប្រទេស​ត្រូវ​ផ្លាស់ប្តូរ​ពីរ​បប​ដឹកនាំ​ដោយ​យោធា​មកកាន់​ស៊ីវិល​វិញ​។ តំណាងរាស្ត្រ​រូបនោះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការបោះឆ្នោត អាច​នឹង​ប្រព្រឹត្ត​នៅ​ខែ​មិនា ឬ​មេសា​ឆ្នាំ​២០១៨​វិញ​។​

​លោក Somjet Boonthanom បាន​សង្កត់ធ្ងន់ថា​៖«​នេះ មិនមាន​ដោយសារ​ការចង់​លើក​ពេល​នោះទេ ក៏ប៉ុន្តែ ក៏​ព្រោះតែ មានរឿង​ចម្រូងចម្រាស​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត ហើយ ការបោះឆ្នោត នឹង​មិនអាច​កើតឡើង​ឆ្នាំនេះ​នោះទេ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera​។​

​ភ្លាមៗ​នេះ រដ្ឋាភិបាល​ក្រុង​បាងកក ក៏បាន​បដិសេធ​ផងដែរ​។ តាមរយៈ​អ្នកនាំពាក្យ​លោក Sansern Kaewkamnerd រដ្ឋាភិបាល​ថៃ​បា ន​បញ្ជាក់ថា​៖« យើង នៅតែ​ធ្វើតាម​មាគ៌ា​នៃ​ផែនការ​របស់​យើង​។ ហើយ​ការលើកឡើង​របស់​សមា​ជិ​ក​រដ្ឋសភា​ពី​ការពន្យារ​ពេលនោះ គឺ​គ្រាន់តែ​ជាការ​យល់ឃើញ​របស់គេ​ប៉ុណ្ណោះ​»​។

​សូម​ជម្រាប​ផងដែរ​ថា រដ្ឋាភិបាល​របប​សឹក​ថៃ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ បាន​ដឹកនាំ​រាជាណាចក្រ​ថៃ ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។ ការដឹកនាំ​របស់រប​ប​សឹក ធ្វើឡើង​ក្រោម​ហេតុផល​ថា អតីត​រដ្ឋបាល​របស់​លោកស្រី យី​ង​ឡាក់ ធ្វើ​ឲ្យ​មានការ​បែងចែក​និ​ន្ន​ការ​នយោបាយ​រវាង​ប្រជាជន​ថៃ​។​

​ក្រោយ​អតីតព្រះមហាក្សត្រ​ថៃ បានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​អន្តរកាល​ដើម្បី​ធានា​ពី​ស្ថិរភាព​ប្រទេស​ឡើងវិញ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​សន្យា​នឹង​នាំមក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​តាម​មា​គា​របស់ខ្លួន តាមរយៈ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ចុងក្រោយ រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​។ តាមពិតទៅ រឿង​បញ្ហា​បោះឆ្នោត​ថៃ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ ផែនការ​នៃ​ការបោះឆ្នោត ត្រូវបាន​លើក​ពេល​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ដោយ​ក្នុងនោះ ក៏មាន​ហេតុផល​ពាក់ព័ន្ធ​នឹង​ការបរាជ័យ​ក្នុង​ការធ្វើ​រដ្ឋធម្មនុញ្ញ​។​

​យ៉ាងណាក៏ដោយ​នៅ នៅ​ឆ្នាំមុន រដ្ឋាភិបាល​របប​សឹក​ថៃ បានរៀបចំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ធ្វើឡើង​ក្នុង​រដ្ឋបាល​របស់ខ្លួន ដោយ​ជោគជ័យ ពោលគឺ​ប្រជាជន បាន​សម្រេចយក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ដែល​មតិ​មួយចំនួន​មើលឃើញ​ជា​រដ្ឋធម្មនុញ្ញ​ដែល​បម្រើ​ផលប្រយោជន៍​យោធា​នោះ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ការបោះឆ្នោត ក៏​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ឆ្នាំ​២០១៧​ផងដែរ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com