អន្តរជាតិ
អូ​បា​ម៉ា ប្រាប់​កងទ័ព​ធានា​ការផ្ទេរអំណាច​ទៅ​ឲ្យ ដូ​ណា​ល់ ត្រាំ ដោយ​រលូន​
05, Jan 2017 , 1:56 pm        
រូបភាព
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើរត្រួតពលកងទ័ពជាលើកចុងក្រោយនៅមូលដ្ឋាន Myer-Henderson (រូបថត Xinhua)
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើរត្រួតពលកងទ័ពជាលើកចុងក្រោយនៅមូលដ្ឋាន Myer-Henderson (រូបថត Xinhua)
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទទូច​ឲ្យ​កងទ័ព​អាមេរិក ធានា​ពី​ការផ្ទេរអំណាច​ដោយ​រលូន​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​គ្រោង​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ខាងមុខ​។ លោក អូ​បា​ម៉ា ទំនងជា​បារម្ភ​ខ្លាំង​ពី​ការមិន​ពេញចិត្ត​របស់​យោធា​អាមេរិក ខណៈដែល​មន្ត្រី​យោធា​ជាន់ខ្ពស់​ភាគច្រើន ជា​អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ចាញ់ឆ្នោត​លោក ត្រាំ ។​



​នៅសល់តែ​១៥​ថ្ងៃ​ទៀត​ទេ ប្រធានាធិបតី​ស្បែក​ខ្មៅ បា​រ៉ា​ក់ អូ​បា​ម៉ា នឹងត្រូវ​ចប់​អាណត្តិ និង​ត្រូវ​ជំនួស​ដោយ​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ។ នៅមុន​ការផ្ទេរអំណាច​មកដល់ ប្រធានាធិបតី​ទី​៤៤ រូបនេះ បានស្នើ​ឲ្យ​យោធា​អាមេរិក កុំ​បង្កបញ្ហា​ដល់​ដំណើរការ​ផ្ទេរអំណាច​ឲ្យ​ប្រធានាធិបតី​ថ្មី និង​ធានាថា​ដំណើរការ​នេះ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លោក ស្នើ​បែបនេះ​អំឡុងពេល​ពិធីត្រួតពល​កងទ័ព​ចុងក្រោយ ដែល​ចូលរួម​មេបញ្ជាការ​ជាន់ខ្ពស់​ជាច្រើនរូប​នៅ​ថ្ងៃទី​៤ ខែមករា​។​

«​យើង​ត្រូវតែ​ច្បាស់​ថា អំឡុងពេល​ផ្ទេរអំណាច​នេះ នឹងមិន​មានរឿង​អ្វី​កើតឡើង​នោះទេ​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ចប់​អាណត្តិ ទៅកាន់​បណ្ដា​មេទ័ព​ជាន់ខ្ពស់​នៅឯ​បន្ទាយទ័ព Myers-Henderson ក្នុង​រដ្ឋ Virginia មុននឹង​លោក​ចូលរួម​ប្រជុំ​បិទទ្វារ​ជាមួយ​បណ្ដា​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​កងទ័ព​រួមមានរ​ដ្ឋ​មន្ត្រី​ការពារជាតិ Ashton Carter និង​ប្រធាន​សេនាធិការ​កងទ័ព លោក​ឧ​ត្ត​ម​សេនីយ៍ Joseph Dunford, Jr.​។

​លោក អូ​បា​ម៉ា នឹងត្រូវ​ចាកចេញ​ពី​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ហើយ​លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ថ្មី​ដែរ​។ អ្វីដែល​គេ​បារម្ភ​នោះ គឺ​អត្តចរិត​របស់​ប្រធានាធិបតី​ថ្មី​នេះ ខណៈ​លោក​មិនមាន​បទពិសោធន៍​ធ្វើ​នយោបាយ​ឡើយ ដែល​រឿងនេះ​ធ្វើ​ឲ្យ​គេ​ព្រួយ​ជុំវិញ​ទំនាក់ទំនង​រវាង​អគ្គបញ្ជាការ​កំពូល​កង​ទ័ព និង​បណ្ដា​មេទ័ព​របស់​អាមេរិក​។​

​គេ​អាច​ចាំបាន​ថា អំឡុងពេល​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​ជាច្រើន បង្ហាញ​វត្ត​មាននៅ​វេទិកា​អ្នកនយោបាយ ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​លើ​ការ​ទាញ​យោធា​មក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។ ជាក់ស្ដែង​នោះ មាន​ឧ​ត្ត​ម​សេនីយ៍ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់ជាង​១០០​នាក់ ប្រកាស​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ចំណែក​លោក ត្រាំ មាន​ឧ​ត្ត​ម​សេនីយ៍​តិចតួច​ប៉ុណ្ណោះ ចូលរួម​ជាមួយ​លោក​។​

​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​បីនាក់ ដែល​គាំទ្រ​លោក ត្រាំ ត្រូវបាន​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ ជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង​ក្នុង​រដ្ឋបាល​ថ្មី​របស់លោក​រួចហើយ​។ ឧ​ត្ត​ម​សេនីយ៍ Mike Flynn នឹង​ទទួល​តំណែង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ ហើយ​ឧ​ត្ត​ម​សេនីយ៍ James Mattis នឹង​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ ខណៈដែល​លោក Jon Kelly ក៏ត្រូវ​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​ដែរ​៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com