អន្តរជាតិ
ដូ​ណា​ល់​ត្រាំ តែងតាំង​កូនប្រសារ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​
10, Jan 2017 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​តែងតាំង​កូនប្រសារ​របស់ខ្លួន​លោក​Jared Kushner ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៅ​សេត​វិមាន​។ វា​មានការ​ព្រួយបារម្ភ​ខ្លាំង​ដែរ​ផ្នែក​ផ្លូវច្បាប់​ចំពោះ​ការតែងតាំង​កូនប្រសារ​ខ្លួន ប៉ុន្តែ Jared Kushner នឹង​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដើម្បី​ការពារ​ក្រែង​មានទំនាស់​ផលប្រយោជន៍​។



​កូនប្រសា​រលោក ដូ​ណា​ល់ ត្រាំ លោក  Jared Kushner ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​សេត​វិមាន​។  លោក  Jared Kushner  ឆ្នាំនេះ​ជា​ស្វាមី Ivanka Trump ដែល​កូនស្រី​របស់លោក ដូ​ណា​ល់ ត្រាំ​។ ក្នុង​វ័យ​៣៦​ហើយ លោក​នឹង​ក្លាយជា​សមាជិក​រដ្ឋបាល​ថ្មី​ដែល​ក្មេង​បំផុត​មួយ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កូនប្រសា​រលោក​ដូ​ណា​ល់ ត្រាំ ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​និង​អ្នក​បោះពុម្ព​ទស្សនា​វ​ដ្តី​ផង​។ នៅពេល​លោក​បំពេញការងារ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​សេត​វិមាន លោក​នឹង​បំពេញការងារ​ជាមួយ​ប្រធាន​បុគ្គលិក​សេត​វិមាន Reince Priebus និង​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ Steve Bannon​។​

​ពាក់ព័ន្ធ​ការតែងតាំង​នេះ ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា​៖« Jared ជា​ធនធាន​មួយ​ដ៏​ពិសេស និង​ជាទី​ប្រឹក្សា​មួយ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​តាមរយៈ​ការឃោសនា​និង​ការរៀបចំ​ក្រុម​អន្តរកាល​កន្លងមក​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែលមាន​គាត់​ធ្វើ​ការងារ​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​នៃ​រដ្ឋបាល​របស់ខ្ញុំ​»​។​

​តាមពិតទៅ​ការប្រកាស​តែងតាំង​កូនប្រសារ​ខ្លួន​នេះ​កើតឡើង​ប្រហែល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មិន​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ត្រូវ​បើក​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​លោក​នឹង​ផ្តល់ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​គម្រោង​របស់លោក​ក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន និង​វិធាន​ការដែល​អាច​ទប់ស្កាត់​ទំនាស់​ផល់​ប្រយោជន៍​ពេល​លោក​ស្បថ​ចូលកាន់​តំណែង​។

​ការតែងតាំង​កូនប្រសារ​នេះ ក៏​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាំង​ដែរ​ពាក់ព័ន្ធ​បញ្ហា​ច្បាប់​និង​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រោះ​លោក​ដូ​ណា​ល់ ត្រាំ មិនបាន​លើកឡើង​ពី​ច្បាប់​ស្តីពី​គ្រួសារនិយម និង​ទំនាស់​ផលប្រយោជន៍​ឡើយ​។ ច្បាប់​សហព័ន្ធ​អាមេរិក ដែល​ត្រូវ​បានអនុម័ត​ក្រោយ​អាណត្តិ​លោក John F. Kennedy ហាម​ប្រធានាធិបតី​ជួល​មន្ត្រី​ដែលជា​សាច់ញាតិ​ខ្លួន​ឡើយ​។​

​តែ​មេធាវី​កូនប្រសា​រលោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក Kushner នឹង​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kushner និង​ចាត់ចែង​ទ្រព្យសម្បតិ្ត​តាម​ការកំណត់​នៃ​ច្បាប់​សហព័ន្ធ ដើម្បី​ធានាថា ទំនាស់​ផលប្រយោជន៍​មិនអាច​កើតមានឡើង​នោះឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com