កីឡាជាតិ
អ្នកជំនាញ​៖ កងកម្លាំងប្រដាប់អាវុធ​ជា​ប្រភពធនធាន​កីឡាករ​ជំនាញ​ដ៏​សំខាន់​
11, Jan 2017 , 8:19 am        
រូបភាព
ដោយ:
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) លោក វ៉ា​ត់ ចំរើន ដែលជា​អ្នកជំនាញ​ផ្នែក​កីឡា​បានចាត់ទុក​កងកម្លាំង​ប្រដាប់អាវុធ​ជា​ប្រភពធនធាន​កីឡាករ​ជំនាញ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា ព្រោះ​កងទ័ព​មាន​កម្លាំង​និង​វិន័យ​ល្អ​។ ការលើកឡើង​បែបនេះ​ធ្វើឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ក្នុង​ថ្ងៃ​បិទ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​(​កីឡា​កងទ័ព​)​កាលពី​ថ្ងៃទី​៨ ខែមករា កន្លងទៅ​។

 
​អ្នកជំនាញ​ផ្នែក​កីឡា​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បានចាត់ទុក​កងកម្លាំង​ប្រដាប់អាវុធ​ជា​ប្រភព​កម្លាំង​ផ្នែក​កីឡា​មួយ​ដ៏​សំខាន់​នៅ​កម្ពុជា​។ ការចាត់ទុក​បែបនេះ​ដោយសារ​កងកម្លាំងប្រដាប់អាវុធ​មាន​វិន័យ និង​កម្លាំង​ល្អ ដែល​អាចធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​កីឡាករ​ជំនាញ​ផ្នែក​កីឡា​ណាមួយ​បាន​យ៉ាង​ល្អ​។​
 
 
«​កម្លាំង​ដែល​ល្អ​ជាងគេ​ផ្នែក​កីឡា​គឺ​នៅក្នុង​កងកម្លាំងប្រដាប់អាវុធ  ដែល​អាច​លេង​កីឡា​ជំនាញ​ដ៏​ល្អ ព្រោះ​កងទ័ព​មាន​វិន័យ និង​កម្លាំង​ស្រាប់​។ អ៊ីចឹង​គាត់​អាចមាន​ការហ្វឹកហាត់​នឹង​ចូល​លេង​ផ្នែក​កីឡា​ជំនាញ​បាន​យ៉ាង​ល្អ ហើយ​គាត់​អាច​ចូលរួម​ដុសខាត់​ជំនាញ​របស់គាត់​ឲ្យ​ក្លាយជា​កីឡាករ​ជំនាញ​ផ្នែក​កីឡា​ណាមួយ​របស់គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន នៅ​ថ្ងៃ​បិទ​ការប្រកួត​កីឡា​កងទ័ព​កាលពី​ថ្ងៃទី​៨ ខែមករា កន្លងទៅ​។ 
 
​ក្រោយ​ទទួលបាន​ការគាំទ្រ និង​ចូលរួម​ច្រើន​ពី​សំណាក់​មហាជន ជាពិសេស​យុវជន​សម្រាប់​ការរៀបចំ​លើកដំបូង​នៅ​ទីធ្លា​សាធារណៈ​របស់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​(​កីឡា​កងទ័ព​)​។ អ្នកជំនាញ​ផ្នែក​កីឡា​រូបនេះ​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ ជា​ចលនា​បំផុសស្មារតី​មួយ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​និង​ហ្វឹកហាត់​កីឡា​ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 
 
 
​លោក វ៉ា​ត់ ចំរើន ដែល​បាន​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​កងទ័ព​បាន​រៀបរាប់​បន្ថែមថា​៖«​វា​ជាស​ញ្ញាណ​មួយ​នៃ​ការ​បំផុស​ចលនា​កីឡា ព្រោះ​ទាំង​ក្រុម​កងទ័ព ប្រជាពលរដ្ឋ និង​មហាជន ដែល​បាន​ចូលរួម គឺ​ភាគច្រើន​ជា​យុវជន​។ ទោះបីជា​ពួកគេ​មិនទាន់​ក្លាយជា​កីឡាករ​អាជីព ប៉ុន្តែ​វា​ជា​ចលនា​ក្នុង​ការឈាន​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ព្រោះ​វា​ជា​វិធីសាស្ត្រ​ទាក់ទាញ​បេះដូង​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា និង​ស្គា​ល់ពី​តម្លៃ​កីឡា​។ យើង​ធ្វើ​សមាហរណកម្ម​កីឡា​កងទ័ព​ទៅនឹង​មហាជន​ធ្វើ​ឲ្យ​មហាជន​មានការ​គាំទ្រ​ដល់​កងទ័ព​»៕ 





Tag:
 វ៉ា​ត់ ចំរើន​
  កងទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com