អន្តរជាតិ
អាកាសយានិក​ជាន់​ឋាន​ព្រះ​ចន្ទ​ចុងក្រោយ​គេ ស្លាប់​ក្នុង​វ័យ​៨២​ឆ្នាំ​
17, Jan 2017 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​អាកាសយានិក​អាមេរិក Gene Cernan ដែលជា​មនុស្ស​ចុងក្រោយ​គេ​បន្សល់ទុក​ដានជើង​លើ​ឋាន​ព្រះ​ចន្ទ បាន​ស្លាប់​ហើយ​ក្នុង​វ័យ​៨២​ឆ្នាំ សោយ​សារ​ជម្ងឺ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ទីភ្នាក់ងារ​អវកាស​ជាតិ (NASA)​។ លោក Gene Cernan ក៏​ជា​អតីត​នាយ​ទាហានជើងទឹក​អាមេរិក​ដែល​បាន​ចូលនិវត្តន៍​ផងដែរ​។



​លោក Gene Cernan គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​បីនាក់ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ចំនួន​ដល់​ទៅ​ពីរដង​។ លោក ក៏​ជា​ជនជាតិ​អាមេរិក​ទី​ពីរ ដែល​បាន​ទៅដល់​ឋាន​ព្រះ​ចន្ទ ហើយក៏​ជាម​នុស្ស​ចុងក្រោយ​គេ ដែល​ជាន់ដី​ភព​មួយ​នេះដែរ គឺ​ក្នុង​ឆ្នាំ​១៩៧២ ដែល​ពេលនោះ​លោក​ជា​មេបញ្ជាការ​បេសកកម្ម Apollo 17 ទៀតផង​។

​មុនពេល​ធ្វើដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ជាមួយ Apollo 17 លោក Gene Cernan ក៏​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ទី​អវកាស​ពីរដង​ដែរ គឺ​ក្នុង​ឆ្នាំ​១៩៦៦ និង​ឆ្នាំ​១៩៦៩ ។ បុរស​កើត​នៅ​រដ្ឋ Illinois ក្នុង​ឆ្នាំ​១៩៣៤ រូបនេះ ជា​មនុស្ស​ក្នុងចំណោម​១៤​នាក់ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ជាមួយ NASA ក្នុង​ឆ្នាំ​១៩៦៣ ក្នុង​កម្មវិធី Apollo ដែលជា​គម្រោង​នាំយក​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តែម្ដង​។​

​បើតាម​សារព័ត៌មាន CNN នៅពេល​ឈាន​ជើង​ចាក​ចេញពី​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​១៩៧២ លោក Gene Cernan និយាយថា​៖ «​ខណៈដែល​ខ្ញុំ​ដក​ជើង​ចេញពី​ផ្ទៃដី​ឋាន​ព្រះ​ចន្ទ ខ្ញុំ​ចង់​ឲ្យ​មានការ​កត់ត្រា​ថា ការប្រឈមមុខ​របស់​អាមេរិក​នៅ​បច្ចុប្បន្ននេះ បាន​វែកផ្លូវ​សម្រាប់​មនុស្សជាតិ​នៅ​ថ្ងៃស្អែក​»​។ ចំណែក​ក្រុមគ្រួសារ​របស់លោក ក៏​និយាយ​ដែរ​ថា​លោក Gene Cernan មិន​ចង់​មានឈ្មោះ​ជា​អ្នក​ចុងក្រោយ ដែល​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ឡើយ​។​

សូមបញ្ជាក់ថា មកទល់ពេលនេះ មានតែ​មនុស្ស​១២​នាក់​ប៉ុណ្ណោះ​ធ្លាប់ធ្វើ​ដំណើរ​ទៅដល់​ឋាន​ព្រះ​ចន្ទ ហើយ​មានតែ​៦​នាក់​ទេ ដែល​នៅ​រស់រានមានជីវិត​ដល់​សព្វថ្ងៃ​៕


Tag:
 ​ឋាន​ព្រះ​ចន្ទ​
  NASA
© រក្សាសិទ្ធិដោយ thmeythmey.com