កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ​ជំរុញ​ឲ្យ​បង្កើន​ការហ្វឹកហាត់​ខណៈ​បណ្តា​ក្លិប​-​សមាគម​ស្នើ​ឲ្យ​បង្កើន​ប្រាក់រង្វាន់​
20, Jan 2017 , 8:19 pm        
រូបភាព
ដោយ:
​នា​អង្គ​មហាសន្និបាត​ប្រចាំឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ថ្នាក់ដឹកនាំ​សហព័ន្ធ កីឡា​វាយ​សី​កម្ពុជា​បាន​ជំរុញ​ឲ្យ​កីឡាករ គ្រូបង្វឹក​នៅតាម​បណ្តា​ក្លិប​-​សមាគម​ត្រូវខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ ថ្នាក់ដឹកនាំ​ក្លិប​-​សមាគម​ស្នើ​ឲ្យ​បង្កើន​ប្រាក់រង្វាន់​ដើម្បី​ជាការ​លើកទឹកចិត្ត​។​



​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​លោក លី កុសល ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​នៅតាម​បណ្តា​ក្លិប​-​សមាគម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​បង្កើន​ការហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​របស់ខ្លួន ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​ម្យ៉ាងវិញទៀត លោក ជំរុញ​ឲ្យ​ក្លិប​-​សមាគម​ទាំងនោះ​ត្រូវ​ជ្រើសរើស និង​បណ្តុះបណ្តាល​ធនធាន​ថ្នាល​បន្ថែម​ឲ្យ​បាន​ច្រើន ងាយស្រួល​ក្នុងការ​ចម្រាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព និង​ទេព​កោ​ល​ស្យ​ខ្ពស់​។ លើសពីនេះ លោ​ប្រធាន​សហព័ន្ធ​រូបនេះ បានស្នើ​ឲ្យ​ក្លិប​-​សមាគម​ទាំងអស់​ត្រូវបញ្ជូន​កីឡាករ​របស់ខ្លួន​ផ្ទាល់​ក្នុងការ​ចូលរួម​ប្រកួត​ជើងឯក​ម្តងៗ ពោលគឺ​មិន​ត្រូវយក​កីឡាករ​ដែល​នៅក្រៅ​ក្លិប​-​សមាគម​របស់ខ្លួន​នោះទេ​។

​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​វាយ​សី​កម្ពុជា​នៅតាម​បណ្តា​ក្លិប​-​សមាគម​ឲ្យ​កាន់តែ​រីកចម្រើន ប្រធាន​ក្លិប​-​សមាគម​មួយចំនួន​បានស្នើ​ឲ្យ​សហព័ន្ធ​ជួយ​ចិត្ត​ទុកដាក់ និង​បង្កើន​ប្រាក់រង្វាន់​លើកទឹកចិត្ត​រាល់ពេល​មានការ​ប្រកួត​ម្តងៗ​។ ការស្នើសុំ​នេះ ដោយ​ពួកគេ​គិតថា ប្រាក់រង្វាន់​ក៏​ជា​កត្តា​មួយ​ក្នុង​ការជួយ​ជំរុញ​ទឹកចិត្ត​កីឡាករ​ឲ្យ​បង្កើន​ការហ្វឹកហាត់​ផងដែរ​។  

​ជាមួយគ្នានេះ លោក ខាវ សុផល ប្រធាន​ក្លិប​កីឡា​វាយ​សី​ខេត្តកំពង់ចាម ដែលជា​ក្លិប​មួយ​ដ៏​មាន​សមត្ថភាព​ប្រចាំខេត្ត បានស្នើ​សុំ​ឲ្យ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ជួយ​ដោះស្រាយ​នូវ​បញ្ហា​រឿង​ទីលាន ព្រោះ​បច្ចុប្បន្ន​ក្លិប​នេះ​កំពុង​ខ្វះខាត​ទីលាន​សម្រាប់​ឲ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់ ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​។ ទោះបីជា​យ៉ាងនេះ​ក្តី ការស្នើសុំ​នេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​នោះឡើយ​។​

​បច្ចុប្បន្ន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុ​ជាមាន​ក្លិប​-​សមាគម​ដែលជា​សមាជិក​ទាំងអស់​ចំនួន​២៧ ក្នុងនោះ​មាន​កីឡាករ​កីឡាការិនី​ទាំងអស់​ចំនួន​៦៥៥​នាក់ អាជ្ញាកណ្ដាល​ចំនួន​២២​នាក់ និង​គ្រូបង្វឹក​ចំនួន​៣៦​នាក់​។ ហើយ​សហព័ន្ធ​មាន​ទីលាន​វាយ​សី​នៅ​ទូទាំងប្រទេស​ទាំងអស់​ចំនួន​៥០​ទីលាន​ក្នុងនោះ​៤៧​ទីលាន​មាន​កម្រាល​ត្រឹមត្រូវ​។​

​គួរ​បញ្ជក់​ថា ក្នុង​អង្គ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ដាក់​ទិសដៅ​អាណត្តិ​ថ្មី​(២០១៦-២០២០) មិនមាន​ការផ្លាស់ប្តូរ​ឬ​តែងតាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិការ​ប្រតិបត្តិ​ថ្មី​នោះឡើយ​។ ក្នុងនោះ លោក លី កុសល ប្រធាន​, លោក មាស សារិន អនុប្រធាន​, លោក ស្តើង ជា អគ្គលេខាធិការ​, លោក អាំង សំបូរ អគ្គលេខាធិការរង​ទទួលបន្ទុក​បច្ចេកទេស និង​លោក ជាម សុភា អគ្គលេខាធិការរង​ទទួលបន្ទុក​រដ្ឋបាល​។​

​ក្រៅពីនេះ​ក៏មាន​សមាជិក​-​សមាជិការ​ប្រតិបត្តិ​ជាច្រើនរូប​ទៀត​រួម លោក កុសល សុវណ្ណ​វិសាល ទទួលបន្ទុក​បច្ចេកទេស​ពត៌មាន​វិទ្យា និង​ទីផ្សារ​, លោក ធិ​ន សៅ អគ្គហិរញ្ញិក​, លោក កែវ រស់ ទទួលបន្ទុក​ទំនាក់ទំនង​បរទេស និង​លោក លឹម កៅ ទទួលបន្ទុក​ហ្វឹកហ្វឺន និង​ទីផ្សារ​៕






Tag:
 វាយ​សី​
  លី កុសល
© រក្សាសិទ្ធិដោយ thmeythmey.com