ជាតិ
ចិន​ផ្តល់​ថវិកា​ជិត ១៦​លាន​ដុល្លារ​ដល់​ព្រឹទ្ធសភា រយៈពេល​ជាង ១០​ឆ្នាំ​
20, Jan 2017 , 10:59 pm        
រូបភាព
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។ រូបថតពីព្រឹទ្ធសភា
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។ រូបថតពីព្រឹទ្ធសភា
ដោយ:
​ភ្នំពេញ​៖ លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន ឲ្យ​ដឹងថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់ជំនួយ​ចំនួន ១៤​លើក ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន ១៥,៩១៥,២៣៥.១៤ ដុល្លារ​អាមេរិក ចាប់តាំងពី​ព្រឹទ្ធសភា​បង្កើតឡើង តាំង​ឆ្នាំ​១៩៩៩ រហូតដល់​បច្ចុប្បន្ន​។​



​តាម​របាយការណ៍​ដែល​លោក អ៊ុំ សា​រឹទ្ធ បាន​អាន​ក្នុង​ពិធី​សម្ពោធ​អគារ​ការិយាល័យ​ព្រឹទ្ធសភា​ថ្មី​ចំនួន ១ខ្នង កម្ពស់​៣​ជាន់ នៅថ្ងៃនេះ ជំនួយ​ចិន​ទាំងនោះ រួមមាន រថយន្ត សម្ភារ​ការិយាល័យ ការសាងសង់ ឬ​ជួសជុល​អគារ និង​ប្រព័ន្ធ​លូទឹក​ព្រឹទ្ធសភា ជាដើម​។​

​អគ្គលេខាធិការ​ព្រឹទ្ធសភា​បានបង្ហាញ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃទី​២០ ខែមករា​នេះ មាន ជំនួយ​ទី​១, មាន​ទឹកប្រាក់ ២៥០,០០០ ដុល្លារ​អាមេរិក​សម្រាប់​ការជួសជុល​កែលំអ​សាលប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា និង​បំពាក់​គ្រឿង​សម្ភារៈ​បរិក្ខារ​។ ទី​២,  មាន​ទឹកប្រាក់​៣១០,០០០​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ ក្រាល​បេតុង និង​កែលំអ​ប្រព័ន្ធ​លូទឹក​នៅក្នុង​បរិវេណ​ព្រឹទ្ធសភា​។ ទី​៣, មាន​ទឹកប្រាក់​១៨០,០០០​ដុល្លារ សម្រាប់​រៀបចំ​ជួសជុល​ដំបូល​អគារ​ក្រហម ។​

​ទី​៤,  មាន​ទឹកប្រាក់ ចំនួន ២,០៨៥,៧៤៨  ដុល្លារ សម្រាប់​សាងសង់​អគារ​បណ្ណាល័យ ០១​ខ្នង និង​អគារ​ការិយាល័យ​ធ្វើការ​របស់​សមាជិក សមាជិកា​ព្រឹទ្ធសភា​ចំ
នួន ០៣​ខ្នង ។ ទី​៥,  មាន​ទឹកប្រាក់ ចំនួន ២៥៣,៧៤៦ ដុល្លារ សម្រាប់​ជួសជុល​ផ្លូវថ្នល់ ជួសជុល​ខ្លោងទ្វារ​ចេញ​-​ចូល​ព្រឹទ្ធសភា ចំនួន​០៤ និង​ផ្តល់​រថយន្ត ១២ កៅអី ០២​គ្រឿង ។​

​ទី​៦, ផ្តល់​ជា​គ្រឿង​សម្ភារ​ការិយាល័យ មាន​កុំព្យូទ័រ Desktop - Laptop និង Printer ចំនួន ២៦ គ្រឿង មានតម្លៃ ៣១.៦០៤ ដុល្លារ​។ ទី​៧, ផ្តល់​រថយន្ត ១២ កៅអី ចំនួន ០៣ គ្រឿង កុំព្យូទ័រ Laptop​ចំនួន ៥០ គ្រឿង មានតម្លៃ​ចំនួន ១៥៣,៨៤៦ ដុល្លារ​។​

​ទី​៨,  មាន​ទឹកប្រាក់​ចំនួន ១,២៥០,០០០ ដុល្លារ សម្រាប់​ជួសជុល កែលំអ​ឡើងវិញ​អគារ​បណ្ណាល័យ ០១​ខ្នង និង​អគារ​ការិយាល័យ​ធ្វើការ​របស់​សមាជិក សមាជិកា​ព្រឹទ្ធសភា ចំនួន ០៣ ខ្នង ។ ទី​៩, ផ្តល់​កុំព្យូទ័រ​ចំនួន ៩៧​គ្រឿង​, ម៉ាស៊ីនត្រជាក់ ៩៧​គ្រឿង មានតម្លៃ ១៧០,០០០ ដុល្លារ សម្រាប់​បំពាក់​ជំនួស​កុំព្យូទ័រ និង​ម៉ាស៊ីនត្រជាក់​ចាស់ៗ​ដែល​រដ្ឋាភិបាល​ចិន​បានផ្តល់​ឲ្យ​ព្រឹទ្ធសភា កាលពី​ឆ្នាំ ២០០១ ។​

​ទី​១០, ផ្តល់​រថយន្ត ១២​កៅអី ចំនួន ០៣​គ្រឿង ម៉ាស៊ីន​ហ្វូ​តូ​កូ​ពី ខ្នាត​ធំ​ចំនួន ០៥​គ្រឿង ម៉ាស៊ីន​ស្កេ​ន​ណ័​រ​០៩​គ្រឿង កុំព្យូទ័រ​លើ​តុ  ៣០​គ្រឿង កុំព្យូទ័រ Laptop ចំនួន ៣០​គ្រឿង និង​ស្តង់ដា​ទូរស័ព្ទ (Telephone Extension System) ចំនួន ០១​គ្រឿង ដែលមាន​ទឹកប្រាក់ ចំនួន ១៥៨,៧៣០ ដុល្លារ​អាមេរិក ។ ទី​១១, សាងសង់​អគារ ០៣​ខ្នង មាន​កំពស់ ០៣ ជាន់ មាន​ទំហំ ៤.៧៧៩ ម៉ែត្រការ៉េ មាន​ទឹកប្រាក់​ចំនួន ៧,៧០០,០០០ ដុល្លារ​។​

​ទី​១២, រថយន្តក្រុង​ចំណុះ ៣០​កៅអី ចំនួន ០៣​គ្រឿង ដែលមាន​តម្លៃ ១៥១,៩០៧,១៤ ដុល្លារ​។ ទី​១៣, កុំព្យូទ័រ Desktop ចំនួន ៣៦​គ្រឿង មានតម្លៃ ៣០,១២៥ ដុល្លារ​អាមេរិក និង​ទី​១៤ , នាពេលនេះ មាន​ទឹកប្រាក់ ចំនួន ២២,២០០,០០០ យ័ន ស្មើនឹង ៣,៣៤៣,៣៧៥ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ការិយាល័យ​ថ្មី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ១​ខ្នង​កំពស់ ៣​ជាន់ មាន​ទំហំ ១,៥០០ ម៉ែត្រការ៉េ រួមទាំង​ការបំពាក់​សម្ភារៈ ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក សម្ភារៈ​ការិយាល័យ និង​ជណ្តើរយន្ត ។​

«​អគ្គលេខាធិការដ្ឋាន​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រកបដោយ​ត្រឹម​ត្រូវមាន​គណនេយ្យភាព និង​តម្លាភាព​យ៉ាងខ្ពស់​បំផុត​មានន័យថា​ព្រឹទ្ធសភា​បាន​ប្រើប្រាស់​ជំនួយ​ដោយ​ស្មារតី​ថែទាំ សន្សំសំចៃ និង​មានការ​គ្រប់គ្រង​បានល្អ​ពុំមាន​បាត់បង់​ទេ​រហូតមកដល់​នេះ​»​។ លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បានបញ្ជាក់ ក្នុង​ពិធី​សម្ពោធ​អគារ​ការិយាល័យ​ថ្មី​ដែល​ចិន​ជួយ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២០ មករា​នេះ​៕


Tag:
 អ៊ុំ សា​រឹទ្ធ​
  អគ្គលេខាធិការ​
  ព្រឹទ្ធសភា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com