កីឡាជាតិ
ជាតិ
ក្រុម All Star តារា​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម All Star ជម្រើសជាតិ​នា​ថ្ងៃទី​២៦ មករា​
22, Jan 2017 , 10:08 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់ All Star តារា នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម All Star ជម្រើសជាតិ ដើម្បី​ប្រមូល​និ​ធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​



​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី​២៦ ខែមករា ខាងមុខនេះ នឹងមាន​ការប្រកួត​បា​ល់​ទាត់​មួយ​ដ៏​ប្លែក និង​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា គឺ​រវាង​ក្រុម All Star តារា និង​ក្រុម All Star ជម្រើសជាតិ​។ ការប្រកួត​នេះ​ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ​របស់​កម្ពុជា​ដូចជា​នាយ​ពែ​កមី​, នាយ​គ្រឿន​, នាយ​ក្រឹម និង​តារាបាល់ទាត់​ល្បីៗ​ដូចជា ប្រាក់ មុន្នី​ឧ​ត្ត​ម​, ឈិន ឈឿន​, ស៊ូ យ៉ា​ទី ព្រមទាំង​តារា​សម្តែង និង​តារាបាល់ទាត់​ជាច្រើនរូប​ទៀត​។

​ការប្រកួត​ក្រោម​ការផ្តួចផ្តើម​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាមួយនេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ប្រមូល​មូលនិធិ​ដែល​បានមកពី​ការលក់​សំបុត្រ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ជួប​ការលំបាក​។ ក្នុងន័យនេះ​ការចូលរួម​ទស្សនា​របស់​ទស្សនិកជន​មានន័យថា បាន​ចូលរួមចំណែក​ជួយ​ស្រោចស្រង់​អាយុជីវិត​កុមារ​ក្រីក្រ​កម្ពុជា​រាប់ម៉ឺន​នាក់​ដែល​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​ទីនោះ​។ សំបុត្រ​ចូលរួម​ទស្សនា​មាន​ពីរ​ប្រភេទ​ក្នុងនោះ​តម្លៃ​២​ពាន់​រៀល​សម្រាប់​កន្លែង​អត់​ដំបូល និង​តម្លៃ​៤​ពាន់​រៀល​សម្រាប់​កន្លែង​មាន​ដំបូល​។​

​ការប្រកួត​នេះ​មិន​ត្រឹមតែ​ជួយ​ស្វែងរក​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​ប្រកួត​មួយ​ដើម្បី​ជួយ​អបអរ​ព្រឹត្តិការណ៍ Soccer League ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ​។ ព្រោះ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា នោះ​គឺជា​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៦​។



​គួរ​បញ្ជាក់ថា សម្រាប់​ពានរង្វាន់ Soccer League ប្រចាំឆ្នាំ​២០១៦ បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ នា​រសៀល​ថ្ងៃទី​២២ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ការពារ​តំណែង​ជើងឯក​អាណាចក្រ​បៃតង ត្រូវ​ជួ​ប្រកួត​ជាមួយ​ក្រុម​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ក្រុម​ស​.​ស​.​យ​.​ក​ស្រុក​កំចាយមារ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឆន្ទៈ​កីឡា​នា​ថ្ងៃទី​២៣ ខែមករា​។ ក្រុម​ដែល​ឈ្នះ​នៅក្នុង​ការប្រកួត​នីមួយៗ​នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី​២៦ ខែមករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕ 


Tag:
 បាល់ទាត់​
  All Star តារា​
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com