កីឡាជាតិ
ជាតិ
បរទេស​គ្រង​ជើងឯក​គ្រប់​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍ Ultra Trail Angkor
22, Jan 2017 , 1:43 pm        
រូបភាព
ដោយ:
​ក្រោយ​រៀបចំ​ការប្រកួត​អស់​រយៈពេល​២​ថ្ងៃ​ គឺនៅ​ថ្ងៃទី​២០ និងទី២១ ខែមករា នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ​ព្រឹត្តិការណ៍ Ultra Trail Angkor ដែលជា​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​ បានបញ្ចប់​ទាំង​៤​ប្រភេទ​វិញ្ញាសា​។ ប៉ុន្តែ​គេ​សង្កេតឃើញ​ថាព្រឹត្តិការណ៍​នេះ ​មិនសូវមាន​កីឡាករ​កម្ពុជា​ចូលរួម​នោះទេ ខណៈកីឡាករ​បរទេស ​គ្រង​តំណែង​ជើងឯក​គ្រប់​ប្រភេទ​វិញ្ញាសា​។​



​កីឡាករ​បរទេស ​បាន​គ្រង​តំណែង​ជើងឯក​ទាំង​៤​ប្រភេទ​វិញ្ញាសា​ ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Ultra Trail Angkor ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២១ ខែមករា​។ ​​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ ដែល​​ចេញ​ដំណើរ​នៅ​ម៉ោង​១១​យប់ ថ្ងៃទី​២០ ខែមករា ម្ចាស់​ជ័យលាភី​បាន​ទៅ​កីឡាករ Antoine Guillon ដោយ​ប្រើ​ថេរវេលា​ជាង​១២​ម៉ោង​។



​រីឯ​លេខ​២​បាន​ទៅ Tran Quang ជាមួយ​ថេរវេលា​១៣​ម៉ោង និង​លេខ​៣ បាន​ទៅ​កីឡាករ Christophe Le Saux ប្រើ​ថិរវេលា​ជាង​១៥​ម៉ោង​។ ចំណែក​ផ្នែក​នារី ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាការិនី Annie Cramard Joniaux ដោយ​ប្រើ​ថេរវេលា​១៤​ម៉ោង ពោលគឺ​តិច​ជា​ថេរវេលា​ចំណាត់ថ្នាក់​លេខ​៣​បុរស​។

​​​វិញ្ញាសា​៦៤​គីឡូម៉ែត្រ​ ផ្នែក​បុរស​លេខ​១ ​បាន​ទៅ​កីឡាករ​ជនជាតិ​បារាំង Yann Defond ដោយ​ប្រើ​ថេរវេលា​៥​ម៉ោង ៥៣​នាទី និង​៥៣​វិនាទី។ ​លេខ​១​ផ្នែក​នារី​ បាន​ទៅ​កីឡាការិនី Elena Komova ជាមួយ​ថេរវេលា​៦​ម៉ោង ២៣​នាទី និង​៤៦​វិនាទី​។

​ចំណែក​វិញ្ញាសា​៣២​គីឡូម៉ែត្រ​ ផ្នែក​បុរស​លេខ​១​បាន​ទៅ​កីឡាករ Ixel vlad (២​ម៉ោង ១៩​នាទី និង​០៩​វិនាទី​) រីឯ​លេខ​១​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី Laurie Phai pang (២​ម៉ោង ៥៨​នាទី និង​២២​វិនាទី​)​។ វិញ្ញាសា​១៦​គីឡូម៉ែត្រ​ផ្នែក​បុរស ​បាន​ទៅ​កីឡាករ Bart Hoeksma (១​ម៉ោង ១៤​នាទី និង ៤៧​វិនាទី​) ខណៈ​លេខ​១​ផ្នែក​នារី​ បាន​ទៅ​កីឡាការិនី Rebecca Kroeger (១​ម៉ោង ៣៩​នាទី និង​៣៣​វិនាទី​)​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ក្នុងចំណោម​អត្ត​ព​លិ​ក​​ជិត​៥០០​នាក់ ​មកពី​៣៧​ប្រទេស​ ​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Ultra Trail Angkor គឺ​មិនសូវ​សម្បូរ​អត្ត​ព​លិ​ក​កម្ពុជា​នោះទេ​។ បើ​យោងតាម​គណៈកម្មការ​រៀប​ចំការ​ព្រឹត្តិការណ៍​ប្រកួត អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ប្រមាណ​​​៣០​នាក់​ប៉ុណ្ណោះ​​។ 



​ព្រឹត្តិការណ៍ Ultra Trail Angkor ជា​ព្រឹត្តិការណ៍​បែប​ទេស​មួយ​ ដែល​រៀបចំឡើង​ដើម្បី​ស្វែងរក​មូលនិធិ​​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មនុស្សធម៌​នានា​។ ព្រឹត្តិការណ៍​នេះ ​​ផ្តួចផ្តើម​ដោយ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​អប្សរា និង​ខេត្តសៀមរាប​ និង​ការរៀបចំ​បច្ចេក​ទេស​ដោយ​អង្គការ SDPO ដែល​ដឹកនាំ​ដោយ​លោក LE CORNNEC​។

​គួរ​បញ្ជាក់ថា ចំនួន​ប្រទេស និង​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍ Ultra Trail Angkor ឆ្នាំនេះ​ ​​កើនឡើង​ជិត​៥០​ភាគរយ ​បើ​ប្រៀប​ទៅនឹង​ឆ្នាំមុន។ ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ប្រមាណ​ជា​៥០០​នាក់​មកពី​៣៧​ប្រទេស ខណៈ​ឆ្នាំមុន​មាន​​​ជិត​៣០០​នាក់​ មកពី​២៦​ប្រទេស​។ ​​គណៈកម្មការ​រៀបចំ ​រំពឹងថា ឆ្នាំក្រោយ​នឹង​ទទួលបាន​អត្ត​ព​លិ​ក​ចូលរួម​ជាង​១​ពាន់​នាក់៕


Tag:
 Ultra Trail
  បរទេស​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com